កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៧,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំចុងក្រោយ

0

កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៧,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១ឆ្នាំចុងក្រោយ

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ កម្ពុជាទទួលបាន​ទុន​វិនិយោគ ​សរុប​ប្រមាណ​៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤នេះ។

ខេត្ត​កំពង់​ស្ពឺ​ ជាខេត្តទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាង​គេ ដែលមានចំនួន​រហូត​ដល់​៩៥ ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ចំនួន​ជិត​៤០០ ក្នុងចំណោមរាជធានី ខេត្តទាំង២៥។

ជា​ឆ្នាំ​ដំបូង​នៃ​រាជ​រដ្ឋាភិបាល​ដឹកនាំ ​ដោយ​សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្ត្រីនៃកម្ពុជា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ​៣៩១គម្រោង ​មាន​ទុន​វិនិយោគ​ប្រមាណ​៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​ បាន​ប្រមាណ​៣៤ម៉ឺន​កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែ​សីហា។

ចំនួន​គម្រោង​វិនិយោគ​នេះ ​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន​ ១៦៨​គម្រោង ខណៈ​ទុន​វិនិយោគ​ ក៏​បាន​កើន​ឡើង​ចំនួន​ ៤៦៧២​លាន​ដុល្លារ​ ស្មើ​នឹង​ប្រមាណ១៦១ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​១​ឆ្នាំ​ចុង​ក្រោយ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានបង្ហាញថា “ការ​កើន​ឡើង​យ៉ាង​គំហុក​នេះ​ ​ដោយ​សារ​វត្តមាន​នៃ​គម្រោង​ថ្មី ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, វិស័យ​ឧស្សាហកម្ម, វិស័យ​ទេសចរណ៍ និង​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស”។

ក្នុង​ចំណោម​គម្រោង ​ដែល​លេច​ធ្លោ​រួម​មាន​ទាំង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥​ ​មាន​បន្ទប់​ចំនួន​២៨៧០​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​នៅ​ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៥៧៤​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៨៦០​កន្លែង។

លើស​ពី​នេះ​ក៏​មាន​គម្រោង ​សាង​សង់​វារីអគ្គិសនី​ស្ទឹង​មេទឹក​ មាន​អានុភាព​១៥០មេហ្គាវ៉ាត់​ តាម​រូបភាព​សាងសង់ ប្រតិ​បត្តិការ​ និង​ផ្ទេរ (BOT) នៅ​ស្ទឹង​មេទឹក ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​​ជាង៤៤០​លាន​ដុល្លារ​ផងដែរ។

បន្ថែម​ពីលើ​នេះ គម្រោង​វិនិយោគ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​មាន​ការ​កើន​ឡើង​ដែរ ដែល​មាន​ទឹក​ប្រាប់​ជាង​១​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជា​ច្រើន​ពាន់​កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ ​ដោយ​បាន​រួម​ចំណែក​៦០,៤៤ភាគ​រយ​នៃ​ទុន​វិនិយោគ​សរុប ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់៣២,៣១ ភាគរយ​នៃ​ទុន​វិនិយោគ​សរុប។

បើ​គិត​ពី​ការ​វិនិយោគ​តាម​វិស័យ​វិញ ឧស្សាហកម្ម​ឈរ​លំដាប់​ថ្នាក់​ទី១ ​មានទំហំស្មើនឹង​៥២​ភាគរយ បន្ទាប់​មក​គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​មាន៣៩​ភាគរយ និង​ទេសចរណ៍ (៨ភាគរយ) ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​២ភាគរយ។

លោកបណ្ឌិតហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិ​ត្យ​សភា​កម្ពុជា ថ្លែង​ថា កំណើន​នៃ​គម្រោង​វិនិយោគ​ទាំង​នេះ ​បង្ហាញ​ពី​បរិបទ​ថ្មី​ក្រោយ​កូវីដ១៩ និង​ក្នុង​ពេល​មាន​វិបត្តិ​ផ្សេងៗ​ នៅ​បន្ត​កើត​ឡើង​នៅ​លើ​ពិភពលោក។

លោក​ថ្លែង​ថា “ការ​ហក់​ឡើង ​នៃ​គម្រោង​វិនិយោគ​នេះ​​ជា​មោទនភាព​មួយ ​របស់​យើង​ទាំង​អស់​គ្នា ដោយសារ​តែ​អ្នក​វិនិយោគ​មើល​ឃើញ​ពី​សក្ដានុពល និង​ឱកាស​ សុខ​សន្តិភាព និង​ជា​លទ្ធផល​ នៃ​ការទូត​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ និង​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា ​ក្នុង​ការ​កែ​សម្រួល​លក្ខខណ្ឌ​វិនិយោគ​ ការ​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ។ ទាំង​អស់​នេះ​ធ្វើ​ឲ្យ​វិនិយោគ​នៅ​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here