ផ្ទះតម្លៃជាង១លានដុល្លារកំពុងពេញនិយមក្នុងចំណោមក្រុមអ្នកមាននៅសហរដ្ឋអាមេរិក
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការហក់ឡើងខ្ពស់ នៃតម្លៃលំនៅដ្ឋាននៅសហរដ្ឋអាមេរិក កំពុងបង្កការព្រួយបារម្ភ នៅក្នុងចំណោមប្រជាជនអាមេរិកភាគច្រើន លើកលែងតែក្រុមអ្នកមាន។ វិបត្តិនេះបាននាំឱ្យការលក់ផ្ទះដាំក្បាលចុះ។
-->
ផ្ទះប្រណីតជាសញ្ញាវិជ្ជមានតែមួយគត់ នៅក្នុងទីផ្សារ។ការលក់ផ្ទះមានតម្លៃជាង១លានដុល្លារអាមេរិក បានកើនឡើងនៅក្នុងខែមិថុនា។នេះបើយោងតាមសមាគមអ្នកអចលនទ្រព្យជាតិ(NAR)។
មូលហេតុមិនពិបាកយល់នោះទេ ព្រោះអត្រាការប្រាក់ថេរលើកម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំ បានកើនឡើងដល់៦,៨% បន្ទាប់ពីស្ថិតក្នុងរង្វង់ត្រឹមតែ៣% ចាប់ពីចុងឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២២។ នេះមានន័យថា អតិថិជនខ្ចីប្រាក់ទិញផ្ទះត្រូវបង់ការប្រាក់ខ្ពស់ជាងកាលពីប៉ុន្មានឆ្នាំមុន។
ប៉ុន្តែក្រុមអ្នកមាន ឬអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនបង្ហាញការព្រួយបារម្ភនោះទេ ព្រោះពួកគេមានសាច់ប្រាក់ទុកទិញផ្ទះបាន។
ការរីកចម្រើនផ្នែកអចលនទ្រព្យ ប្រណីតកំពុងធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន សាងសង់ផ្ទះប្រណីតដ៏ធំបំផុត របស់សហរដ្ឋអាមេរិក ហក់ឡើងដល់កម្ពស់ថ្មី។ ក្រុមហ៊ុន Toll Brothers Inc បានទទួលការបញ្ជាទិញផ្ទះ លើសពីការរំពឹងទុក។នេះបើយោងតាមរបាយការណ៍ ប្រាក់ចំណូលនៅត្រីមាសទី២។
ផ្ទះសាងសង់ឡើងដោយក្រុមហ៊ុន Toll Brothers មានតម្លៃចាប់ពី៦០ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែម៉ូដផ្ទះពេញនិយមបំផុតមានតម្លៃជាង១លានដុល្លារ និងមានទំហំផ្ទៃក្រឡាប្រហែល១៨៦ម៉ែត្រការ៉េ។
យោងតាមភ្នាក់ងារលក់ នៃក្រុមហ៊ុនខាងលើបានឱ្យដឹងថា ចំនួនជាងពាក់កណ្តាលនៃអ្នកទិញ កំពុងទូទាត់ជាសាច់ប្រាក់ និងបានកត់សម្គាល់ ពីការកើនឡើងនៃតម្រូវការ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោក Ali Wolf ប្រធានក្រុមសេដ្ឋវិទូនៅក្រុមហ៊ុន Zonda លើកឡើងថា “តាមប្រវត្តិសាស្ត្រ ផ្ទះតម្លៃខ្ពស់ជាប្រភេទផ្ទះដំបូងគេ អាចរងផលប៉ះពាល់ នៅពេលអត្រាការប្រាក់កើនឡើង។ ប៉ុន្តែបច្ចុប្បន្ន យើងមិនមើលឃើញនិន្នាការបែបនេះ កើតឡើងទេ”។
ផ្ទុយទៅវិញ អតិថិជនមានប្រាក់ចំណូលទាប ត្រូវពឹងផ្អែកលើប្រាក់សន្សំ និងប្រាក់ចំណូលរបស់ពួកគេ ដើម្បីទិញផ្ទះ ហើយពួកគេ ក៏ត្រូវជំនះនឹងអតិផរណា។ ចំណែក អ្នកខ្ចីដែលមានប្រាក់ចំណូលទាប បានប្រឈមមុខនឹងបញ្ហា ដូចជាការកើនឡើងនៃអត្រាការប្រាក់ និងឧបសគ្គក្នុងការទទួលបានការអនុម័តប្រាក់កម្ចីពីធនាគារ៕ប្រភព: The edge Malaysia៕
