តើទីផ្សារអចលនវត្ថុមានការវិវត្តបែបណា នៅជិតដំណាច់ ត្រីមាសទី៣ឆ្នាំនេះ?

0

តើទីផ្សារអចលនវត្ថុមានការវិវត្តបែបណា នៅជិតដំណាច់

ត្រីមាសទី៣ឆ្នាំនេះ?

       ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ទីផ្សារអចលនវត្ថុកម្ពុជា បាននិងកំពុងវិវត្តន៍បែបណា រហូតដល់ជិតដំណាច់ត្រីមាសទី៣នេះ? ខណៈអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ នឹងមានសភាពប្រសើរឡើងវិញនាពេលអនាគត។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២ កញ្ញាថា នៅរាជធានីភ្នំពេញ មានចលនាទិញ លក់គួរសម ដោ​យនៅចុងខែ៨ និងដើមខែ៩នេះ មានតម្រូវការកើនឡើង ដែ​ល អតិថិជន មានបំណងទិញពិតប្រាកដ។

លោកបញ្ជាក់ថា “អតិថិជន ដែលងាកទៅតំបន់ជាយក្រុង ពួកគេបានមកទិញលក់ក្នុងទីក្រុងវិញ ដោយផ្តោតលើអចលនទ្រព្យក្រោមតម្លៃទីផ្សារ”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចល​នទ្រព្យAdvance មិនសូវមានសុទិដ្ឋិនិយមខ្ពស់នោះទេ។

លោកបានមានប្រសាសន៍ថា ជាទូទៅសកម្មភាពក្នុងវិស័យនេះ ហាក់មិនសូវឃើញមានអ្វីប្រែប្រួលទេ បើធៀបនឹងត្រីមាសទី១ និងត្រីមាសទី២ ពិសេសចលនាជួលការិយាល័យ អាផាតម៉ិន មិនសូវឃើញមានតម្រូវការនោះទេ។

លោកបន្តថា “ស្ថានភាពអាជីវកម្មទូទៅ ជាលក្ខណៈពាណិ​ជ្ជកម្ម មានការបិទ បើកជាធម្មតា ដែលបង្ហាញពីស្ថានភា​ព​មិនសូវមានភាពរ៉ឹងមាំនៅឡើយ”។ លោកបន្តថា “ស្ថានភាពទីផ្សារ លំនៅដ្ឋាន ដោយសារមិនទាន់មាន ការផ្តល់ឥណទានពីធនា​គារនានាច្រើននៅឡើយ បានធ្វើឲ្យស្ថានភាពទីផ្សារនេះមិន​សូវច្បាស់លាស់”។

ចំណែកលោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនអច​លនទ្រព្យCPLបានមានប្រសាសន៍ឲ្យដឹងផងដែរថា មួយរយៈនេះ មានសកម្មភាពទិញ លក់បណ្តើរៗ ពិសេសផ្នែកឧស្សាហកម្មចាប់ផ្តើមងើបឡើងវិញ។

លោកឧកញ៉ាបន្តថា “កាលពីពេលថ្មីៗនេះ ខ្ញុំនិងថ្នាក់ដឹក​នាំសមាគម បានទៅកាន់ខេត្តកំពង់ស្ពឺ និងទទួលព័ត៌មានថា ខេត្តមានតម្រូវការ កំលាំងពលកម្មប្រមាណ៥០០០នាក់ ដែលបង្ហាញពីការកើនឡើងនៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម”។

លើសពីនេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Serviceបានមានប្រសាសន៍ឲ្យដឹងកាលពី​សប្តាហ៍មុនផងដែរថា ក្នុងកាលៈទេសៈណាក៏ដោយ ទីផ្សារអចលនទ្រព្យ នៅតែមានតម្រូវការ គ្រាន់តែតិចនិងច្រើន ប៉ុន្តែតម្រូវការនាពេលនេះ គឺមានចំនួនតិច និងភាគច្រើនជាការវិនិយោគលើអចលនទ្រព្យ ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here