ដោយ នៅ វឌ្ឍនា
ព្រះសីហនុ៖ ប្រតិភូអឺរ៉ុបដឹកនាំដោយលោក SIMONE PIERI ជាប្រធានគណៈប្រតិភូ បានធ្វើដំណើរបំពេលទស្សនៈកិច្ច សិក្សាស្វែងយល់ពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ដែលកើតចេញពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុតែម្តង។
លោក ឈិន សេងងួន អភិបាលខេត្តស្តីទីខេត្តព្រះសីហនុបានមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូសហភាពអ៊ឺរ៉ុប អំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅ មានផ្លូវរថភ្លើង មានព្រលានយន្តហោះ ខេត្តមានតំបន់ឧស្សាហកម្មពិសេស តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម និងរមណីយដ្ឋានទេសចរណ៍ល្អ។
រយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហ៊ុកផ្នែកឧស្សាហកម្មសំណង់ ដែលមានសំណង់អគារពាណិជ្ជកម្ម ខុនដូ សណ្ឋាគារប្រណីតៗ រួមទាំងផ្ទះសំណាក់តូចធំ កំពុងមានការរីកចម្រើនគួរឱ្យកត់សំគាល់ ទន្ទឹមនឹងការរីកចម្រើន ក៏មានបញ្ហាប្រឈមលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ប៉ុន្តែរដ្ឋបាលខេត្តបាននិងកំពុងស្ថាបនាកែលម្អរឡើងវិញជាជំហានៗ ដើម្បីបំរើមហាជនទូទៅ និង បំរើឲ្យវិស័យទេសចរណ៍។
លោក SIMONE PIERI ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្នុងការដឹកនាំ និងធ្វើឱ្យខេត្តនេះមានការរីកចម្រើនគួរឱ្យកត់សំគាល់។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ គណៈប្រតិភូក៏មានគោល បំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម បញ្ហាប្រឈមនានា និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុជាដើម។
បន្ទាប់ពីកិច្ចជំនួបសំណេះសំណាលផ្លាស់ប្តូរយោបល់នេះ គណៈប្រតិភូអឺរ៉ុប ក៏មានគោលបំណងបន្តទស្សនៈកិច្ចសិក្សាស្វែងយល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តព្រះសីហនុ តំបន់ទេសចរណ៍នានាក្នុងខេត្ត និងពន្ធនាគារខេត្តព្រះសីហនុ ដោយអមជាមួយដោយក្រុមការងារ SIPAR រួមទាំងជួបជាមួយសហគមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងដែរ៕






