មន្ត្រីជំនាញ​អះអាងថា ព្រលានយន្តហោះ​ក្នុងស្រុក​ ភូមិភាគ​ឥសាន្ត​នឹង​​ជោគជ័យ​ដោយ​សារ​កត្តា​ជា​ច្រើន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្ត្រី​ជំនាញ​នៃ​ក្រុមហ៊ុន​វិនិយោគ​ ព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) បាន​អះអាង​ថា​ បើសិនជា​មានការ​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ នៅ​ខេត្ត​ស្ទឹងត្រែង​ នឹង​មាន​អ្នកដំណើរ​ច្រើន​ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើដំណើរ​តាមយន្តហោះ​កើនឡើង​។

ប្រធានផ្នែកបង្កើនជើងហោះហើរនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក ពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី២៦ មិនានេះថា តាមរបាយការណ៍ក្នុងចំណោមអ្នកដំណើរ តាមផ្លូវអាកាសចំនួន១០លាននាក់នៅឆ្នាំនេះ មានអ្នកដំណើរជនជាតិខ្មែរចំនួន២៨ភាគរយ ដែលបង្ហាញថាការធ្វើដំណើររបស់ប្រជាជនខ្មែរ​តាមផ្លូវអាកាសកាន់តែច្រើនជាងមុន ខុសពីកាលពីពេលមុនដែលប្រជាជនខ្មែរមានការភ័​យខ្លាច មិនសូវហ៊ានធ្វើដំណើរតាមយន្តហោះ។

លោកបន្តថា “ហេតុនេះបើសិនជាមានការសាងសង់ព្រលានយន្តហោះ នៅភូមិភាគឥសាន្ត ចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនឡើងទៅកាន់ខេត្តទាំងនោះ”។លោក​បន្តថា “បច្ចុប្បន្នការធ្វើដំណើរទៅកាន់ភូមិភាគឥសាន្ត ត្រូវចំណាយពេលស្ទើរពេញមួយថ្ងៃ ដោយសារផ្លូវឆ្ងាយ ទោះជាផ្លូវធ្វើដំណើរស្រួលជាងមុនក្តី”។ លោក ពេជ្រ សុប៉ុនតារា បានបន្តថា ការចំណាយពេលយូរ ធ្វើឲ្យប្រជាជនមិនចង់ធ្វើដំណើរ ប៉ុន្តែបើមានយន្តហោះ គឺចំណាយពេលត្រឹមតែ៤៥នាទី គឺទៅដល់ ហេតុនេះពួកគេនឹងមានពេលវេលាច្រើនក្នុងការដើរកំសាន្ត។

កាលពីសប្តាហ៍មុន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពិចា​រណាសាងសង់ព្រលានយន្តហោះនៅភូមិភាគឥសាន្ត ចន្លោះខេត្តរតនគិរី និងមណ្ឌលគិរី ដែលអាចសំដៅដល់ខេត្តស្ទឹងត្រែង ដោយសារខេត្តស្ទឹងត្រែងមានព្រលានយន្តហោះស្រា​ប់ និងជាទីតាំងសមស្រម ដែលមានការសិក្សានិងផ្តល់អនុសាសន៍ពីធនាគារអភិវឌ្ឈ​ន៍អាស៊ី (ADB) ឲ្យរដ្ឋាភិបាលសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់បានមានប្រសាសន៍ គាំទ្រចំពោះការសាងសង់ព្រលានយន្តហោះ ខេត្តស្ទឹងត្រែងឡើងវិញ ដែល​លោកស្រីថា វានឹងជំរុញធ្វើឲ្យចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តនេះ ក៏ដូចជាបណ្តាខេត្តស្ថិតនៅភូមិភាគឥសាន្តកើនឡើង ដោយសារការធ្វើដំណើរចំណាយពេលតិច មិនខាតពេលវេលា។ លោកស្រីបន្តថា “វាមិនត្រឹមជំរុញភ្ញៀវទេសចរណ៍ទេ តែវានឹងធ្វើឲ្យសេដ្ឋកិច្ចនៅ​បណ្តាខេត្តទាំងនោះកាន់តែរីកចម្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here