ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកជំនាញមួយរូបបានលើកឡើងថា កម្ពុជាជាប្រទេសពោរពេញទៅដោយសក្ដានុពល ដែលមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់នៅឡើយ ខណៈក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
យ៉ាងណាមិញ កម្ពុជានៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីធានាបាននូវកំណើនប្រកប ដោយបរិយាបន្នដើម្បីផ្តល់ផ្លែផ្លានៃការរីកចម្រើន ដល់ប្រជាជនវណ្ណៈទាប និងមធ្យម។ នេះបើយោងតាមការលើកឡើង របស់លោកបណ្ឌិត Alexander Evengroen ប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Evengroen Solution Group Co., Ltd។
បច្ចុប្បន្ន លោកបណ្ឌិតកំពុងបង្កើត កិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែក ដើម្បីលើកកម្ពស់ឋានៈរបស់កម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
លោកបណ្ឌិត Evengroen ជឿជាក់ថា ការពង្រឹងគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញការផ្តល់ផលប្រយោជន៍សម្រា ប់ប្រជាពលរដ្ឋទាំងអស់ មិនមែនសម្រាប់តែក្រុមអ្នកមាន នឹងក្លាយជាគន្លឹះឆ្ពោះ ទៅរកវិបុលភាពប្រកប ដោយនិរន្តរភាពយូរអង្វែង។
ស្របពេលជាមួយគ្នានេះ លោកបណ្ឌិតបានផ្តល់អនុសា សន៍ថា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន កម្ពុជាត្រូវពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន និងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោកបណ្ឌិតទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ជាប្រភពអ្នកវិនិយោគបរទេសធំជាងគេនៅកម្ពុជា ប៉ុន្តែកម្ពុជាក៏ត្រូវទាក់ទាញទុនវិនិយោគ មកពីបណ្តាប្រទេសមហាអំណាចផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា និងសហភាពអឺរ៉ុបផងដែរ។
លោកបណ្ឌិត Evengroen បានលើកឡើងនូវវិធីសាស្រ្តសហការរវាងវិស័យឯកជន រាជរដ្ឋាភិបាល និងអ្នកវិនិយោគបរទេសមកធ្វើការរួមគ្នា ដើម្បីបង្កើតផែនការដ៏គ្រប់ជ្រុងជ្រោយមួយសម្រាប់អនាគតសេដ្ឋកិច្ចរបស់កម្ពុជា។
ទាក់ទិននឹងវិស័យអចលនទ្រព្យ លោកបណ្ឌិត Evengroen បានសង្កត់ធ្ងន់ លើតម្រូវការដ៏សំខាន់ ក្នុងការវិនិយោគលើលំនៅដ្ឋានដែលមានតម្លៃសមរម្យ។ តាមរយៈការផ្គត់ផ្គង់លំ នៅដ្ឋានសម្រាប់ប្រជាជនវណ្ណៈទាប និងមធ្យម កម្ពុជាអាចធានាបាននូវស្ថិរភាព សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន និងបង្កើតបរិយាកាសអំណោយផលដល់ការអប់រំ និងការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច។
ក្នុងន័យនេះ លោកបណ្ឌិតអះអាងថា គ្រួសារដែលរស់នៅក្នុងផ្ទះដែលមានសុវត្ថិភាព និងតម្លៃសមរម្យ នឹងដាក់ទុនវិនិយោគលើការអប់រំរបស់កូនៗរបស់ពួកគេ ដែលនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់កម្ពុជា។ ម្យ៉ាងវិញទៀត បណ្តាវិនិយោគិនបរទេស អាចស្វែងរកឱកាសនៅក្នុងទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីទទួលបានផលចំណេញ និងថែមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គម។
ចំពោះវិស័យកសិកម្មវិញ លោកបណ្ឌិត Evengroen ជឿជាក់ថា បណ្តាអ្នកវិនិយោគបរទេស ជាពិសេសមកពីប្រទេសឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មរបស់កម្ពុជា។ តាមរយៈការចាប់យកបច្ចេកវិទ្យាទំនើប ប្រព័ន្ធធារាសាស្រ្ត និងបច្ចេកទេសកសិកម្មទំនើប កម្ពុជាអាចបង្កើនទិន្នផលកសិកម្ម បានយ៉ាងច្រើន។
ជាងនេះទៅទៀត ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសកលនានា នឹងជួយឱ្យកម្ពុជាអាចពង្រីកលទ្ធភាពរបស់ខ្លួនក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់សហគមន៍ជនបទ។
ដោយឡែក ចំពោះវិស័យឧស្សាហកម្មកាត់ដេរវិញ លោកបណ្ឌិតបានលើកឡើងថា “ឧស្សាហកម្មនេះ នៅតែបន្តពឹងផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាប។ ហេតុនេះ ការបោះជំហានឆ្ពោះទៅរកការផលិតទំនិញ ដែលមានតម្លៃខ្ពស់ ដូចជាការផលិតវាយនភណ្ឌទំនើប និងការពង្រីកឧស្សាហកម្មស្បែក ជើង ឬការផ្គុំគ្រឿងអេឡិចត្រូនិក អាចជួយជំរុញទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបណ្ឌិត Evengroen អះអាងថា ការវិនិយោគពីបរទេ ស ជាពិសេសពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អាចជួយជំរុញវិស័យផលិតកម្មនៅកម្ពុជា ដោយនាំយកមកនូវដើមទុន និងបច្ចេកវិទ្យាចាំបាច់ ដើម្បីអាចជំរុញឱ្យកម្ពុជាឈានទៅរកខ្សែសង្វាក់តម្លៃ។
លោកបណ្ឌិតគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាងាកចេញ ពីការពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានតម្លៃទាប ទៅកាន់កម្លាំងពលកម្មដែលមានជំនាញ និងមានតម្លៃបន្ថែមខ្ពស់ ពិតជាសារៈសំខាន់ណាស់។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់កម្រិតនៃការអប់រំ លោកបណ្ឌិត បានលើកទឹកចិត្តឱ្យមានការសាងសង់ សាលារៀនបន្ថែមទៀត ជាពិសេសនៅតាមតំបន់ជនបទ និងការលើកកម្ពស់គុណភាពនៃការអប់រំ តាមរយៈការជួលគ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់។ ជាងនេះទៅទៀត លោកបណ្ឌិតស្នើឱ្យបង្កើតកម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដែលអនុញ្ញាតឱ្យនិស្សិតកម្ពុជាមានឱកាស ទៅសិក្សានៅបរទេស ដូចជា ប្រទេ សជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក។
នៅពេលត្រលប់មកវិញ ក្រុមនិស្សិតទាំងនេះនឹងនាំមកនូវជំនាញដ៏មានតម្លៃ និងទស្សនវិស័យជាសកល ដើម្បីជួយជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
ទាក់ទិននឹងវិស័យថាមពល លោកបណ្ឌិត Evengroen វាយតម្លៃថា កម្ពុជាមានសក្តានុពល ក្នុងការក្លាយជាប្រទេសនាំមុខគេលើការផលិតថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ។ ដោយមានពន្លឺថ្ងៃច្រើន កម្ពុជាមានសក្តានុពល ក្នុងការកាត់បន្ថយការពឹងផ្អែកលើ ការនាំចូលថាមពល ដែលអាចធ្វើឱ្យកម្ពុជា សម្រេចបាននូវនិរន្តរភាពថាមពល។
លោកបណ្ឌិតជឿជាក់ថា ការវិនិយោគលើគម្រោងថាម ពលកកើតឡើងវិញ អាចទាក់ទាញការវិនិយោគពីបណ្តាប្រទេ សដែលគិតគូរពីបរិស្ថាន ដូចជា ជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ព្រមទាំងជួយបង្កើតការងារ និងកាត់បន្ថយថ្លៃដើមថាម ពលសម្រាប់អាជីវកម្មក្នុងស្រុក និងប្រជាជនទូទៅ។
បណ្តាវិនិយោគិនបរទេស បានដើរតួនាទីជាយូរយារណា ស់មកហើយ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាពិសេស កម្ពុជាមានឱកាសសក្តានុពលជាច្រើន សម្រាប់ក្រុមអ្នកវិនិយោគមកពីប្រទេសចិន ឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ប្រទេសចិននៅតែជាប្រភពអ្នកវិនិយោគបរទេសធំជាងគេរបស់កម្ពុជា។
ប៉ុន្តែ\លោកបណ្ឌិតបានអះអាងថា ការធ្វើពិពិធកម្មជាគន្លឹះមួយ ក្នុងការកាត់បន្ថយការពឹងផ្អែក ផ្នែកសេដ្ឋកិច្ចលើប្រទេសតែមួយ។
ជាមួយគ្នានេះ ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសជាមួយបណ្តាប្រទេ សជិតខាង ដូចជា ថៃ វៀតណាម និងម៉ាឡេស៊ី អាចជំរុញឱកាសថ្មីៗសម្រាប់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងការអភិវ ឌ្ឍក្នុងតំបន់។
លើសពីនេះ ក្រោយពីបើកដំណើរការ ក្នុងឆ្នាំ២០១១ ផ្សារមូលបត្រកម្ពុជា (CSX) មិនទាន់សម្រេចបាននូវសក្តានុពលពេញលេញនៅឡើយទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតលើកឡើងថា ការពង្រីកការចូលរួមក្នុងទីផ្សារភាគហ៊ុន និងការអប់រំដល់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេសអំពីអត្ថប្រយោជន៍ នៃការវិនិយោគនៅកម្ពុជា អាចទាក់ទាញដើមទុនវិនិយោគដ៏ធំសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
តាមរយៈការលើកទឹកចិត្ត ឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុកជាច្រើន បោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ កម្ពុជាអាចទាក់ទាញបណ្តាវិនិយោគិនបរទេស ដែលកំពុងស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកំពុងរីកចម្រើន។
ម្យ៉ាងវិញទៀត កិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលបរទេស និងវិស័យឯកជន មានសារៈសំខាន់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
លោកបណ្ឌិត Evengroen បានប្តេជ្ញាចិត្តក្នុងការដើរតួជាអ្នកសម្របសម្រួលទំនាក់ទំនង រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយធានាថា អ្នកវិនិយោគ រដ្ឋាភិបាល និងវិស័យឯកជនត្រូវបានតម្រង់ទិស ឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចរួមគ្នា។
លោកបណ្ឌិតបានបង្ហាញសុទិដ្ឋនិយមថា “តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសមហាអំណាចពិភពលោក ដូចជា ប្រទេសចិន ឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ដូចជាឱកាសក្នុងតំបន់អាស៊ាន កម្ពុជាអាចទាញយកសក្តានុពលពេញលេញ និងបង្កើតអនាគតដ៏រុងរឿង សម្រាប់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន”៕ប្រភព: LinkedIn៕