ចំណេះដឹង​! អ្វីទៅ​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ គឺជា​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ​ ឬត្រូវ​បាន​នាំចូល​ដោយ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ក្នុង​តំបន់​ព្រំដែន​ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ឬប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន​។

យោង​តាម​សារាចរណែនាំ​ លេខ០០៩​ សហវ​ ចុះ​ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០០៥​ ស្តី​ពី​ការគ្រប់គ្រង​ទំនិញ​នាំចូល​ គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចូល​ម្តងម្កាល​របស់​អ្នកដំណើរ​ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ ត្រូវ​បំពេញ​បែបបទ​គយ​តាមច្បាប់​ជាធរមាន​ ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន​ ដែល​មាន​បញ្ជាក់​ពី​ការ​ចេញ​-ចូល​ប្រទេស​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ច្រក​ទ្វារ​ ហើយ​ត្រូវ​ប្រថាប់ត្រា​ ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​” និង​ពុំ​ចាំបាច់​ បិទ​ត្រា​គយ​ឡើយ​។

ក្នុងករណី​ដែល​អ្នកដំណើរ​ម្តងម្កាល​ នាំចូល​ទំនិញ​ហើយ​ប្រកាស​ថា​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ធ្វើអាជីវកម្ម​ ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូកបន្ថែម២០ភាគរយ​ លើ​តម្លៃ​គិត​ពន្ធគយ​ជាធរមាន​ និង​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “មាន​លក្ខណៈ​ពាណិជ្ជកម្ម​” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន​ ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិត​ក្រោម​ប្រព័ន្ធ​ ត្រា​គយ​ ដើម្បី​អាច​ចរាចរ​លើ​ទីផ្សារ​បាន​។

ចំពោះ​ការនាំចូល​របស់​ប្រជាជន​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ក្នុង​តំបន់​ព្រំដែន​ ត្រូវ​បំពេញបែបបទ​គយ​តាម​ការកំណត់​ជាធរមាន​ ហើយ​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​“សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន​”។ ប្រជាជន​តំបន់​ព្រំដែន​ ដែល​​ធ្វើអាជីវកម្ម​នាំចេញ​-នាំចូល​ទំនិញ​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ចរាចរ​ទូទាំង​ប្រទេស​នោះ​ ត្រូវតែ​បង្កើត​ជា​ក្រុមហ៊ុន​ដែល​មាន​ លេខ​អត្តសញ្ញាណ​កម្ម​ អាករ​លើ​តម្លៃបន្ថែម​ និង​ត្រូវ​មាន​ប័ណ្ណប៉ាតង់​ឆ្នាំ​ចុងក្រោយ​ ដូច​អ្នកនាំ​ចេញ​-នាំចូល​ធម្មតា​ ហើយ​ក្នុងករណី​ចាំបាច់​ ត្រូវ​អនុវត្ត​តាម​ការណែនាំ​ខាងលើ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here