ដោយ នៅ វឌ្ឍនា
ស្វាយរៀង៖ ចំណងដៃថ្មីសម្រាប់ប្រជាជនខេត្តស្វាយរៀង នាឆ្នាំ២០១៩នេះដោយខេត្តនេះបានបើកដំណើរការផ្សារប្រសូត្រទី១ ស្ថិតនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោកម៉ែន វិបុលអភិបាលខេត្តខេត្តស្វាយរៀងបានមានប្រសាសន៍ ក្នុងពិធីផ្សារថ្មីនេះកាលពីថ្ងៃទី២៧ មិនាកន្លងមកថា ការដាក់ឱ្យដំណើរការផ្សារប្រសូត្រទី១នៅពេលនេះ មានសារសំខាន់ណាស់ ព្រោះផ្សារនេះនឹងផ្តល់ជាទីកន្លែងសមរម្យ ដល់ប្រជាពលរដ្ឋអាជីវករក្នុងការលក់ដូរ ប្រកបរបបចិញ្ចឹមជីវិត ប្រចាំថ្ងៃហើយផ្សារនេះគឺក៏ជាទីកន្លែងប្រមូលផ្តុំ ផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម កសិផល និងការរស់នៅបែបទាន់សម័យ និងសប្បាយរីករាយ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជន កម្មករ កម្មការនី និងប្រជាពលរដ្ឋទូទៅ ចូលមកទិញឥវ៉ាន់នានាតាមសេចក្តីត្រូវការរបស់ពួកគាត់។
លោកបន្តថា “ពីមុនទីនេះមិនមានកន្លែងលក់ដូរសមរម្យ សម្រាប់បងប្អូនអាជីវករទេ ក្រោយពីការវិនិយោគសាងសង់រួចរាល់ ផ្សារនេះមានកម្ពស់២ជាន់មានចំនួន១៥០តូប បំពាក់ដោយជណ្តើយន្តនៅជាន់ទី១ថែមទៀតផង ទាំងនេះបានចូលរួមចំណែកផ្តល់នូវ សោភ័ណ្ឌភាពសម្រាប់ស្រុកស្វាយទាប”។

លោកអភិបាលខេត្តបន្ថែមថា ខេត្តស្វាយរៀង កំពុងមានសក្តានុពលសេដ្ឋកិច្ច ជាពិសេសផ្នែកឧស្សាហកម្មរោងចក្រ ដែលផ្តើមចេញពីការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេស ដែលបានជួបប្រទះភាពញាំញ៉ី ដោយសារសង្គ្រាម ការកាប់សម្លាប់នៅរបបប្រល័យពូជសាសន៍ ការបែកបាក់សាមគ្គីជាតិឱ្យក្លាយជាប្រទេសមួយ ដែលទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស មានឯករាជ្យភាព និងអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធមនុស្ស គោលការណ៍ច្បាប់ និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ន៕






