ដោយៈ សហសេវិក
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាល និងអ្នកជំនាញបាននិងកំពុងធ្វើការរួមគ្នាជាច្រើន ដើម្បីនាំឲ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។
កាលានុវត្តន៍ភាព និងបញ្ហាប្រឈម ក៏នឹងដើរទន្ទឹមគ្នាផងដែរ ពីការរលាស់ខ្លួនរបស់ប្រទេសនេះ ចេញពីឋានៈជាប្រទេសក្រីក្ររបស់កម្ពុជា ទៅកាន់លំដាប់ថ្មីមួយ។ ផលប៉ះពាល់ជាបឋមរួមមាន ដូចជា កម្ពុជា លែងសូវទទួលបានការពឹងផ្អែកលើជំនួយ ការទទួលបានកម្ចីនឹងមានការប្រាក់ខ្ពស់ លែងទទួលបានការលើកលែងពន្ឋ ពីបណ្តាប្រទេសអភិវឌ្ឍន៍នានាជាដើម។
ប៉ុន្តែការចាកចេញពីប្រទេសក្រីក្រនៅឆ្នាំ២០២៩ របស់កម្ពុជាបង្ហាញពីសមិទ្ធផល នៃការអភិវឌ្ឍន៍ តែអាចនឹងធ្វើឲ្យប្រជាជនជាង១៦ម៉ឺននាក់បាត់បង់ការងារ ហើយមនុស្សជាង៤៣ម៉ឺននាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើគ្មានដំណោះស្រាយជាមូលដ្ឋានត្រឹមត្រូវ។ នេះបើតាមរបាយការណ៍UNDP។
អង្គការ UNDP និងក្រសួងផែនការ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានរៀបចំកិច្ចសន្ទនា គោលនយោបាយក្រោមប្រធានបទ “ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ទស្សនវិស័យពហុភាគី សម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង”។
កិច្ចសន្ទនានេះ បានពិភាក្សាពីទស្សនៈពហុភាគី អំពីផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។
នៅក្នុងកម្មវិធីកិច្ចសន្ទនានេះ ក្រសួងផែនការ និងUNDP បានផ្សព្វផ្សាយ ឯកសារគោលនយោបាយសង្ខេប “ការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ការត្រៀមខ្លួន និងសក្ដានុពល នៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ផងដែរ”។
ឯកសារគោលនយោបាយសង្ខេប បានបង្ហាញពីលទ្ធភាពនៃការបាត់បង់ ការគាំទ្ររបស់អន្តរជាតិ ដូចជាការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពី ទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទានជាដើម។
សេចក្ដីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា “ការបាត់បង់ទាំងនេះ អាចមានផលប៉ះពាល់ ទៅដល់វិស័យសុភាពសាធារណៈ ការនាំចេញពាណិជ្ជកម្មសំខាន់ៗ សម្លៀកបំពាក់ អង្ករ និងកង់ និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម”។
ឯកសារគោលនយោបាយសង្ខេបបង្ហាញផងដែរថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប អាចថយសន្ទុះចន្លោះពី ០,៥% ទៅ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណ ១៦៥.០០០ ជាពិសេសក្នុងចំណោមស្ត្រី ដែលធ្វើការក្នុងវិស័យកាត់ដេរ។
ជាលទ្ធផលប្រជាជនចំនួន៤៣២.០០០ នាក់អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវ មិនត្រូវបានដាក់ចេញ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធផលដ៏សំខាន់ នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលនាំមកនូវបញ្ហាប្រឈម និងឱកាសជាមួយគ្នា។
លោកស្រីបញ្ជាក់ថា “អន្តរកាលនេះ នឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ”។លោកស្រីបន្ថែមថា “ការចាកចេញពីចំណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួម ដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួម ពីដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង”។
លោកស្រីបន្តថា UNDP ប្ដេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ពុជា ក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រ ការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ខ។ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពី ការទទួលជំនួយហិរញ្ញប្បទាន ទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP (២០២៤-២០២៨)»។
ជាមួយគ្នានេះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពី LDC មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន សម្រាប់អនុវត្តន៍ អំឡុងពេលក្រោយការចាកចេញ។
យុទ្ធសាស្ត្រនេះ ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) នៅឆ្នាំ ២០២១ និង ២០២៤នេះ បានអនុម័តលើអនុសាសន៍ របស់គណៈកម្មាធិការ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ប៉ុន្តែការចាកចេញនេះ ត្រូវការពេលវេលាអន្តរកាល៥ឆ្នាំ ហើយកម្ពុជា នឹងចាកចេញពីចំណាត់ថ្នាក់នេះនៅឆ្នាំ២០២៩៕