ដោយៈ គង់ សូរិយា
បាងកកៈ រដ្ឋាភិបាលថៃត្រូវបានគេរំពឹងថា នឹងអនុម័តការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ(JTC) ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ដើម្បីចរចាជាមួយកម្ពុជា លើការអភិវឌ្ឍន៍តំបន់ដែនសមុទ្ររួមគ្នា។
គណៈកម្មាធិការបច្ចេកទេសចម្រុះ ដែលក្រសួងការបរទេសកំពុងបង្កើតនោះ ទំនងជាត្រូវបានដឹកនាំ ដោយលោកឧបនាយករដ្ឋមន្ត្រី លោកPhumtham Wechayachai ដែលក៏មានតួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរ។
លោកបាននិយាយកាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាជាមួយភាគីកម្ពុជា នៅពេលដែលគណៈរដ្ឋមន្ត្រី អនុម័តការបង្កើត JTC និងការតែងតាំងលោកជាប្រធាន។
លោកបាននិយាយថា JTC នឹងរួមបញ្ចូលអ្នកជំនាញមកពីទីភ្នាក់ងារផ្សេងៗ ដូចជា នាយកដ្ឋានជលសាស្ត្រ នៃកងទ័ពជើងទឹកថៃ និងក្រុមប្រឹក្សារដ្ឋ។
លោក Phumtham Wechayachai បាននិយាយថា រដ្ឋាភិបាលនឹងជ្រើសរើសអ្នកជំនាញ ដែលមានជំនាញខ្ពស់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយ។ លោកបានទទូចថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលចម្រូងចម្រាសជាមួយភាគីកម្ពុជា ផ្តល់នូវក្របខណ្ឌសម្រាប់ការចរចា ហើយនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី។
យោងតាមប្រភពមួយបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោកMaris Sangiampongsa នឹងថ្លែងនៅថ្ងៃអង្គារថា JTC ឯកភាពលើការចរចា។ទន្ទឹមនឹងនោះ អ្នករិះគន់លើ MoU នេះកំពុងបន្តការអំពាវនាវរបស់ពួកគេ ឱ្យរដ្ឋាភិបាលលុបចោលឯកសារនេះ ខណៈសាធារណជន មានការសង្ស័យថា តើវាពិតជានឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិមែនដែរឬទេ។
សកម្មជននយោបាយ លោកSonthiya Sawasdee បានដាក់ញត្តិទៅនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) កាលពីថ្ងៃសុក្រ ដោយស្នើឱ្យលោកស្រីលុបចោលMoU ដើម្បីជៀសវាងផលវិបាក ដែលអាចកើតឡើងពីការចរចាដោយផ្អែកលើវា។
លោកបានបន្តថា លោកនឹងដាក់ញត្តិទៅតុលាការរដ្ឋបាលឲ្យជួយអន្តរាគមន៍ និងបញ្ជាឲ្យលុបចោល ប្រសិនបើរដ្ឋាភិបាលបដិសេធ មិនស្តាប់តាមការអំពាវនាវ របស់សាធារណជន។
លោកក៏បានអំពាវនាវឱ្យលោកស្រី ផែថងថាន ពន្យារពេលការតែងតាំង អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក កិត្តិរ៉ាត់ ណ រៈណង (Kittiratt Na-Ranong) ជាប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ធនាគារថៃ ដោយសារការចោទសួរនានា អំពីសិទ្ធិទទួលបានរបស់គាត់។
សកម្មជនម្នាក់ទៀតគឺលោក វីរៈ ស៊ុំខ្វាមឃីត (Veera Somkwamkid) កាលពីថ្ងៃសុក្របាននិយាយថា ក្រៅពី MoU ឆ្នាំ២០០១ សេចក្តីថ្លែងការណ៍រួម រវាងលោកថាក់ស៊ីន និងអតីតមេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ក៏អាចនាំឱ្យបាត់បង់ទឹកដី និងធនធានសមុទ្រផងដែរ។ លោកបានអំពាវនាវដល់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សភឿថៃ ផ្តល់ចម្លើយច្បាស់លាស់ និងហ្មត់ចត់ចំពោះរាល់សំណួរ និងជម្រះនូវមន្ទិលសង្ស័យ ទាក់ទងនឹងអនុស្សរណៈនេះ៕ Bangkok Post