វិស័យសំណង់ស្រូបបានទឹកប្រាក់ជិត៧៨ពាន់លានដុល្លារ ដែលធ្វើឲ្យមុខមាត់ទីក្រុងមួយចំនួបផ្លាស់ប្តូរជាមួយអាគារកប់ពពក

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ មុនវិបត្តិកួវីដ១៩មកដល់ វិស័យសំណង់់ និងអចលនទ្រព្យ បានក្លាយជាកំលាំងចលករដ៏មួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនឹងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ដូចទឹកបាក់ទំនប់ ជាលទ្ឋផលរាជធានី និងទីក្រុងធំៗចំនួន៣ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុងដូចជា រាជធានីភ្នំពេញ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើគិតរហូតមកទល់ពេលនេះ នៅទូទាំងប្រទេស​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​ឡើង​ទៅ កើន​ដល់​ចំនួន​ជាង២៨០០។ នេះ​បើ​យោង​តាមរបាយការណ៍ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់។

របាយការណ៍​បាន​ឱ្យ​ដឹងទៀត​ថា ចាប់​ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ ២០០០ ដល់​ខែ​កក្កដា ឆ្នាំ ២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អនុញ្ញាត​សាង​សង់​ នៅ​ទូទាំង​ប្រទេស​ចំនួន៦៦,៩៧៨ គម្រោង ដែល​ស្មើ​នឹង​ផ្ទៃ​ក្រឡា​ កម្រាល​សំណង់​សរុប១៩៤,៣១០,១៩៦ ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ៧៧,៧១៩, ៧៧៩,៨៩៩ ដុល្លារ។

ជាក់ស្តែង​អគារ​ដែល​មាន​កម្ពស់​ ចាប់​ពី៥ ជាន់​ឡើង​ទៅ​គឺ​មាន​ចំនួន​សរុប​២៨៥៧អគារ ដោយ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន១,៨១៣ អគារ ខេត្តព្រះសីហនុ៧៣០អគារ ខេត្ត​បន្ទាយមានជ័យ២៤៩អគារ និងខេត្ត​ផ្សេង​ទៀត​សរុប៦៥អគារ។

បើ​ធ្វើ​ការ​បែងចែក គឺ​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី៥-​៩ ជាន់មាន​ចំនួន១,៦៥២អាគារ។ ចាប់​ពី១០-​១៩ជាន់ មាន​ចំនួន៧៤៣ អគារ។ ចាប់​ពី២០-​២៩ជាន់ មានចំនួន២៥០អគារ ចាប់​ពី ៣០-​៣៩ជាន់ មានចំនួន១៥២អគារ និង​អគារ​ចាប់​ពី៤០ជាន់​ឡើង​មាន​ចំនួន៦០អគារ។

ក្រសួង​បាន​បញ្ជាក់ថា “​វិស័យ​សំណង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍ​សង្គមជាតិ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ”។ ក្រសួងបន្ថែមថា “ពីមួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​បន្ត​ពង្រឹង​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​ជា​សសរ​ស្តម្ភ​មួយ ​នៃ​កំណើន​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​ការ​ជំរុញ ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ ការ​កសាង​ច្បាប់ ការ​កំណត់​ស្តង់ដា​សំណង់ និង​ការ​ពន្លឿន​រយៈពេល​ចេញ​លិខិត​អនុញ្ញាត​សាងសង់​ជូន​ប្រជាជន”។

​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ នៃ​សម្ព័ន្ធ​ក្រុមហ៊ុនSAM SN GROUP អ្នកឧកញ៉ាសំ សុខនឿន បានមានប្រសាសន៍ថា កំណើន​អគារ​ខ្ពស់​ ក្នុង​រយៈ​ពេល​ជាង១០ឆ្នាំ​កន្លង​មក គឺ​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា ​កំណើន​តម្រូវការ​កន្លែង​ស្នាក់​នៅ​របស់​ជន​បរទេស ​ដែល​មក​វិនិយោគ និង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា (​ច្បាប់​កម្ពុជា​អនុញ្ញាត​ឱ្យ​ជនបរទេស​ អាច​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ចាប់​ពី​ជាន់​ទី១ឡើង​)។ កំណើន​ប្រជាជន​ចូល​មក​រស់​នៅក្នុង​ទីក្រុង ការកក​ស្ទះ​ចរាចរណ៍ កំណើន​ប្រាក់​ចំណូល​បុគ្គ​ល​និង​គ្រួសារ ព្រម​ទាំង​និន្នាការ​ នៃ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ខ្មែរ​ ចំពោះ​ការ​រស់​នៅ​លំនៅឋាន​ខ្ពស់​ៗ។

អ្នកឧកញ៉ាបន្ត​ថា ​“ភាគ​ច្រើន​នៃ​អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ត្រូវ​បាន​ប្រើ​ប្រាស់​ជា អគារ​ខុនដូ អាផាតមិន ការិយាល័យ ផ្សារទំនើប និង​អគារ​ពាណិជ្ជកម្ម”។

អ្នកឧកញ៉ាបញ្ជាក់​ថា “​ស្ថិរភាព​នយោបាយ សន្តិសុខ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ បាន​ជួយ​ជំរុញ​ឱ្យ​វិស័យ​សំណង់​កម្ពុជា​រីក​មុខ​មាត់​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ជិត២ទសវត្សរ៍​មក​នេះ”​។ អ្នកឧកញ៉ាបន្ថែមថា “ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ល្អ​ប្រសើរ​វិញ ខ្ញុំ​មាន​ជំនឿ​ថា សំណង់​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា​នឹង​លេច​វត្តមាន​កាន់​តែ​ច្រើន”។

អ្នកឧកញ៉ាបាន​លើក​ឡើង​ទៀត​ថា មុន​ឆ្នាំ២០១៩ ចំនួន​អគារ​ខ្ពស់ៗ​បាន​លេច​ឡើង​យ៉ាង​ច្រើន ​នៅ​ខេត្ត​ព្រះសីហនុ បន្ទា​ប់​ពី​ទីនោះ​ទទួល​បាន​ការ​ចូល​ទៅ​ បណ្តាក់​ទុន​យ៉ាង​ច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​ជន​ជាតិ​ចិន។

ទោះយ៉ាង​ណា​ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បី​លុប​បំបាត់​អាជីវកម្ម​មិន​ល្អ​ដល់​សង្គម ព្រម​ទាំង​វិបត្តិ​បណ្តាល​មក​ពី​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការដ្ឋាន​សំណង់​អគារ​ធំៗ និង​ខ្ពស់ៗ​ជា​ច្រើន​នៅ​ទីនោះ​ ត្រូវ​ជាប់​គាំង​មក​ដល់​ពេល​បច្ចុប្បន្ន។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តា វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ នឹង​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ​ នា​ពេល​ខាង​មុខ ខណៈ​រាជ​រដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ខេត្ត​ពហុបំណង​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានយល់ស្របនឹងការលើកឡើងរបស់អ្នកឿកញ៉ាសំ សុខខឿន ដោយលោកបញ្ជាក់ថា ក្រៅពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងកត្តាពាក់ព័ន្ឋមួយចំនួនទៀត ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យ វាជាវដ្តមួយនៃនិន្នាការសាកលផងដែរ ពិសេសកម្ពុជាជាទីផ្សារថ្មី និងមានភាពស្រូបទាញ ផលចំណេញពីការវិនិយោគខ្ពស់ មុនពេលវិបត្តិកូវីដ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចូលមកដល់។

លោកបន្តថា “ជំនឿចិត្តពិតជាមានសារៈសំខាន់ ដែលផ្តល់ដោយប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស ដោយសារពួកគេអាចរកផលចំណេញបានខ្ពស់ពីទីផ្សារនេះ”។ លោកបន្ថែមថា “ប៉ុន្តែវិស័យនេះ បានជួបភាពស្លោកស្រពោនរយៈពេលវែង ដោ​យសារបញ្ហាខាងក្រៅ និងបញ្ហាផ្ទៃក្នុងកម្ពុជា”។

លោកយិន លាងគង់បានពន្យល់ថា បញ្ហាខាងក្រៅដែលជះឥទ្ឋិពលដល់សេដ្ឋកិច្ច និងលំហូរទុនវិនិយោគផ្ទាំល់ពីបរទេ​សចូលមកកម្ពុជា គឺដោយសារសង្រ្គាមកូវីដ១៩ បញ្ហាក្នុងវិស័យអចលនទ្រព្យរបស់ចិន សង្រ្គាមរុស្ស៊ី អ៊ុយក្រែន សង្រ្គាមរវាងអ៊ីស្រាអ៊ែល និងហាម៉ាស់ និងបញ្ហានៃការកើនកម្តៅផ្នែកភូមិសាស្រ្តនយោបាយរបស់មហាអំណាចធំៗ។

យោងតាមតួលេខ​ដែល​កត់​ត្រា​ដោយ អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែតុលា​ ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចូល​ទំនិញ​ស្ថិត​ក្នុង​ជំពូក​​(HS ២​ ខ្ទង់​)​ លេខ​កូដ៧២ដែល​រួមមាន ​ដែក និង​ដែកថែបក្នុង​ទឹកប្រាក់​សរុប៥០៥,២​លាន​ដុល្លារ កើន៦៥,១​ភាគរយ ​បើ​ធៀប​រយៈពេ​ល​​ដូចគ្នា​ឆ្នាំ២០២៣ ដែល​មាន​ចំនួន ៣០៥,៩៧​ លាន​ដុល្លារ​។

ចំនួន​នេះ​ស្មើនឹង២,១២ភាគរយ ​នៃ​ចំនួន​ទឹកប្រាក់​នាំ​ទំនិ​ញ​ចូល​សរុប​របស់​កម្ពុជា ​រយៈពេល១០​ខែ ឆ្នាំ​ ២០២៤ ដែលមាន​ចំនួន២៣,៤៩​ ពាន់​លាន​ដុល្លារ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here