ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនតាមកំពង់ផែស្វាយ័តភ្នំពេញ និងក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ និងផលចំណេញដល់ក្រុមហ៊ុននិងអន្តរជាតិ។
សម្តេចតេជោបានថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះថា ការកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញ តាមកំពង់ផែទាំងពីរនេះ បានចំណេញប្រាក់ប្រមាណ៦លានដុល្លារអាមេរិក ពីការបញ្ចុះថ្លៃសេវាកំពង់ផែទាំងពីរនេះ។សម្តេចបន្តថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នឹងបញ្ចុះតម្លៃក្នុងមួយកុងតឺន័រពី២០មកត្រឹម ១០ដុល្លារនិង៣២មកត្រឹម១៦ដុល្លារ។
សម្តេចបន្តថា “បើក្នុងចំណោមកុងតឺន័រ១០០គ្រឿង ហើយនៅសល់ចុងក្រោយ២ទៅ៣មិនចាំបាច់ស្គេនទេ នាំឱ្យតែខាតពេលវេលាទេ ។ ប៉ុន្តែសម្តេចថា បើទោះបីជាមិន ស្គេនក៏ដោយ ប៉ុន្តែបង់លុយនៅតែដដែល”។
សម្តេចក៏បានប្រកាសពីការលុបចោល CO សម្រាប់ប្រទេសមិនមានតម្រូវតាមរយៈការប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគនានា។
សម្តេចតេជោហ៊ុន សែនស្នើដល់កំពង់ផែទាំងពីរ គិតគូពីការបញ្ចុះតម្លៃបន្ថែមទៀត ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូន មានលទ្ធភាពបញ្ចុះកាន់តែច្រើនថែមទៀត ដើម្បីផលចំណេញសេវា និងពាណិជ្ជកម្ម និងសម្រួលដល់ការដឹកជញ្ជូន៕






