ចំណេះដឹង​! ការនាំចូល​ និង​ការនាំចេញ​ត្រូវ​កំណត់​បែបបទ​គយ​ដូចម្តេច​

0

ដោយ​ វុត្ថា

ការនាំចូល​

ទំនិញ​នាំចូល​ទាំងអស់​ ត្រូវ​បាន​រាយការណ៍​នៅ​ការិយាល័យ​គយ​ ឬទីកន្លែង​ផ្សេងទៀត​ទៅតាម​ការកំណត់​ របស់​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​។ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ត្រូវ​ចេញប្រកាស​កំណត់​ ពេលវេលា​ របៀបរបប​តម្រូវការ​ឯកសារ​ កាលៈទេសៈ​ និង​ការលើកលែង​នានា​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ ពី​ទំនិញ​នាំចូល​ (មាត្រា​ ១០​)។

យោង​តាម​ឯកសារ​ច្បាប់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គ្មាន​ជន​ណា​ម្នាក់​ អាច​រើ​ទំនិញ​ចេញពី​មធ្យោបាយ​ ដឹកជញ្ជូន​ពេល​មកដល់​កម្ពុជា​បានទេ​ មុន​ពេល​ដែល​ ទំនិញ​ទាំងនេះ​ត្រូវ​បាន​រាយការណ៍​ដល់​គយ​ស្របតាម​ច្បាប់​នេះ​ លើកលែងតែ​ក្នុងករណី​ដែល​សុវត្ថិភាព​ មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ ជន​នានា​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ តតិយជន​ផ្សេងទៀត​ត្រូវ​បាន​គំរាមកំហែង​ ក្នុង​ល័ក្ខខ័ណ្ឌ​មាន​អាសន្ន​ ដូច​ចែង​ក្នុង​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (មាត្រា​ ១២​)។

រដ្ឋបាល​គយ​អាច​អនុញ្ញាត​ឱ្យ​ទំនិញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១០​ នៃ​ច្បាប់​នេះ​យកចេញ​ពី​កន្លែង​បំពេញ​ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​មុន​ពេល​បង់ពន្ធ​ អាករ​ និង​កម្រៃ​នានា​បន្ទាប់ពី​បាន​បំពេញ​ទម្រង់ការ​គយ​រួច​ និង​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ក្នុង​គោលបំណង​ដូចជា​ ធ្វើ​សន្និធិ​គយ​បណ្តោះអាសន្ន​ ធ្វើ​សន្និធិ​គយ​មាន​ដែន​កំណត់​ ដឹកជញ្ជូន​បន្ត​ក្នុងរង្វង់​ ឬតាម​ដែន​គយ​ ឆ្ពោះ​ទៅ​គម្យ​ដ្ឋាន​តាមតម្រាយ​ផ្លូវស្រប​ច្បាប់​ និង​ក្នុងរយៈពេល​កំណត់​ដោយ​គយ​រួមមាន​ ការ​ឆ្លងកាត់​ ការផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ ការ​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ មក​ពី​ ឬ រវាង​ការិយាល័យ​ និង​ភណ្ឌាគារ​គយ​នានា​ (មាត្រា​ ១៣​)។

ឯកសារ​ដដែល​បានឱ្យ​ដឹង​ថា​ ទំនិញ​នាំចូល​ទាំងឡាយ​អាច​ទទួល​បានការ​អនុញ្ញាត​ដោយ​រដ្ឋបាល​គយ​ឱ្យ​យកចេញ​តាម​របប​ ប្រវេសន៍​កាលិក​ ប្រសិនបើ​ក្នុង​ពេល​នាំចូល​អាច​ត្រូវ​បាន​បង្ហាញថា​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​នាំចេញ​ទៅវិញ​។ ទំនិញ​នាំចូល​បណ្តោះអាសន្ន​ ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ រហូតដល់​ពេល​ដែល​ល័ក្ខ​ខ័ណ្ឌ​ផ្សេង​ៗ តាម​របប​ប្រវេសន៍​កាលិក​ត្រូវ​បាន​បំពេញ​រួច​ (មាត្រា​ ១៥​)។

ការនាំចេញ​

ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំចេញ​ ត្រូវ​រាយការណ៍​នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ ឬ ទីកន្លែង​ណាមួយ​តាម​ ការកំណត់​របស់​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អាច​ចេញប្រកាស​កំណត់ពេលវេលា​ របៀបរបប​ តម្រូវការ​ឯកសារ​ កាលៈទេសៈ​ និង​ការលើកលែង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ ចរាចរ​ សន្និធិ​និង​ការ​ដឹកជញ្ជូន​ ទំនិញ​ទាំងឡាយ​ដែល​ត្រូវ​នាំចេញ​ (មាត្រា​ ១៦​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here