តើផ្សារហ៊ុនធំជាងគេបំផុតរបស់ឥណ្ឌាមានមូលដ្ឋាននៅទីក្រុងណា និងមានឥទ្ធិពលដូចម្តេចលើសេដ្ឋកិច្ចឥណ្ឌា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផ្សារមូលបត្រ National Stock Exchange of India Limited (NSE) ជាទីផ្សារភាគហ៊ុនធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃ។

គិតត្រឹមខែកក្កដា ឆ្នាំនេះ ក្រុមហ៊ុនផ្សារមូលបត្រ National Stock Exchange of India បានចុះបញ្ជីក្រុមហ៊ុនចំនួន២.៥២៩ក្រុមហ៊ុន។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ផ្សារហ៊ុន NSE មានតម្លៃមូលធនបត្រទីផ្សារប្រមាណ៥,៥ទ្រីលានដុល្លារអាមេរិក។

ក្រុមហ៊ុនផ្សារមូលបត្រ National Stock Exchange ធ្វើការជួញដូរសន្ទស្សន៍ភាគហ៊ុនចំនួន៥ រួមមានសន្ទស្សន៍ NIFTY 50 សន្ទស្សន៍ NIFTY Next 50 សន្ទស្សន៍ NIFTY 500 សន្ទស្សន៍ NIFTY Midcap 100 និងសន្ទស្សន៍ NIFTY Smallcap 100។

តើផ្សារហ៊ុន National Stock Exchange ត្រូវបានបង្កើតឡើងដូចម្តេច?

ផ្សារហ៊ុន NSE នៃប្រទេសឥណ្ឌាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ និងត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាផ្សារហ៊ុន និងមូលបត្រឥណ្ឌា ឬ Securities and Exchange Board of India (SEBI) ក្នុងឆ្នាំ១៩៩៣។

NSE បានចាប់ផ្តើមប្រតិបត្តិការនៅខែមេសា ឆ្នាំ១៩៩៣ ដែលដំបូងឡើយជាវេទិកាជួញដូរមូលបត្រ ដូចជាមូលបត្ររដ្ឋាភិបាល មូលបត្របំណុល និងបណ្ណរតនាគារ។

ក្រោយមក NSE បានបើកដំណើរការផ្នែកទីផ្សារសាច់ប្រាក់ក្នុងឆ្នាំ១៩៩៤។ក្នុងរយៈពេលប៉ុន្មានឆ្នាំជាបន្តបន្ទាប់ NSE បានក្លាយជាផ្សារហ៊ុនឈានមុខគេមួយក្នុងពិភពលោក ដោយរកបានចំណូលប្រចាំថ្ងៃជាមធ្យមជាង៥២៧,៥ពាន់លានរូពី(ប្រហែល៧ពាន់លានដុល្លារ)។

នៅឆ្នាំ១៩៩៥ NSE បានបើកដំណើរការប្រព័ន្ធជួញដូរលើអេក្រង់ស្វ័យប្រវត្តិពេញលេញ ដែលបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការទិញ និងលក់ភាគហ៊ុនតាមប្រព័ន្ធអេឡិចត្រូនិក។

ប្រព័ន្ធ​នេះ​ក៏​បាន​ជួយពន្លឿនការជួញដូរភាគហ៊ុន និង​ធ្វើ​ឱ្យ​តម្លាភាព​ប្រសើរ​ឡើង​ផង​ដែរ។ នៅឆ្នាំ១៩៩៩ NSE បានក្លាយជាផ្សារហ៊ុនដំបូងគេបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលដំណើរការដោយប្រព័ន្ធអេឡិចត្រូនិកទាំងស្រុង។

ក្នុងឆ្នាំ២០០៣ NSE បានអនុវត្តន៍របកគំហើញបច្ចេកវិជ្ជាមួយទៀត ដោយបានបើកដំណើរការប្រព័ន្ធជួញដូរពីចម្ងាយ ដែលមានមូលដ្ឋានលើអុីនធឺណេតសម្រាប់អ្នកវិនិយោគខ្នាតតូចនៅទូទាំងប្រទេសឥណ្ឌា។

ការណ៍នេះបានអនុញ្ញាតឱ្យវិនិយោគិនមកពីគ្រប់ទិសទីនៃប្រទេសឥណ្ឌាអាចចូលប្រើគណនីរបស់ពួកគេ និងដាក់ការជួញដូរលើមូលបត្រ ដែលបានចុះបញ្ជីណាមួយ ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ការិយាល័យសាខា ឬបន្ទប់ស្ថានីយ។

ក្នុងឆ្នាំ២០០៩ NSE បានដាក់ចេញគំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរដើម្បីបង្កើនជម្រើសវិនិយោគសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។ ជាដំបូង NSE បានបើកដំណើរការប្រព័ន្ធសេវាសង្គហមូលនិធិ (MFSS) ក្នុងនាមជាវេទិកាអេឡិចត្រូនិក ដែលបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការទិញ និងគ្រប់គ្រងសង្គហមូលនិធិ(Mutual Fund) ។

ទីពីរ៖ NSE បានដាក់ចេញកិច្ចសន្យានិស្សន្ទវត្ថុផ្អែកលើសន្ទស្សន៍ ដើម្បីជួយវិនិយោគិនការពារហានិភ័យដែលទាក់ទងនឹងការប្រែប្រួលទីផ្សារ។ ឧបករណ៍ទាំងនេះមានគោលបំណងផ្តល់មធ្យោបាយកាន់តែប្រសើរសម្រាប់វិនិយោគិនក្នុងការបង្កើនដើមទុនរបស់ពួកគេ ព្រមទាំងគ្រប់គ្រងហានិភ័យដែលអាចកើតមាន ធ្វើឱ្យដំណើរការវិនិយោគកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន។

នៅឆ្នាំ២០១០ NSE បានចេញ​វិក្កយបត្រ​បញ្ញើ-សន្សំ​(Depository Receipts) ដោយផ្អែកលើវេទិកាបច្ចេកវិទ្យាដែលមានស្រាប់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសអាចបង្កើនដើមទុនពីទីផ្សារឥណ្ឌា ដោយមិនចាំបាច់ចុះបញ្ជីដោយផ្ទាល់នៅលើផ្សារហ៊ុនឥណ្ឌា។

នៅឆ្នាំដដែលនោះ NSE បានបើកដំណើរការក្រុមហ៊ុននិស្សន្ទវត្ថុ National Commodity & Derivatives Exchange Limited (NCDEX) រួមជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដូចជាធនាគារ ICICI និងសាជីវកម្មធានារ៉ាប់រងអាយុជីវិតនៃប្រទេសឥណ្ឌា (LIC)។

តើផ្សារហ៊ុន NSE ដើរតួនាទីដូចម្តេចនៅក្នុងសេដ្ឋកិច្ចឥណ្ឌា?

NSE បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ក្រោមរូបភាពនានាដូចជា៖

ការបង្កើតដើមទុន៖ NSE ជួយសម្រួលលំហូរដើមទុនពីអ្នកវិនិយោគទៅកាន់អាជីវកម្ម ដែលអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលមូលនិធិសម្រាប់ពង្រីកអាជីវកម្ម ការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមផ្សេងទៀត។

ការចូលរួមរបស់វិនិយោគិន៖ NSE បើកឱកាសសម្រាប់អ្នកវិនិយោគ ដើម្បីចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា។

ទំនើបភាវូបនីយកម្មនៃទីផ្សារហិរញ្ញវត្ថុ៖ ការចាប់យកបច្ចេកវិទ្យា និងការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិករបស់ផ្សារហ៊ុន NSE បានត្រួសត្រាយផ្លូវសម្រាប់ទំនើបកម្ម និងការកែលម្អប្រសិទ្ធភាពក្នុងវិស័យហិរញ្ញវត្ថុ។

សមាហរណកម្មសកល៖ ការផ្តល់ជូនផលិតផលជាច្រើនរបស់ផ្សារហ៊ុន NSE រួមទាំងរូបិយបណ្ណ និងការជួញដូរនិស្សន្ទ បានបង្កើនការធ្វើសមាហរណកម្មរបស់ប្រទេសឥណ្ឌាជាមួយទីផ្សារហិរញ្ញវត្ថុពិភពលោក៕ប្រភព: Equirus Wealth៕

LEAVE A REPLY

Please enter your comment!
Please enter your name here