ដោយៈ យិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ បាននិងកំពុងឈានទៅរកទីបញ្ចប់ ជាមួយនឹងសមិទ្ឋផលរយៈពេល១០ឆ្នាំ នៃគោលនយោបាយនេះ បានធ្វើឲ្យមុខមាត់ទីក្រុងចំនួន៣បានផ្លាស់ប្តូរទាំងស្រុង រួមទាំងវិស័យពាក់ព័ន្ឋជាច្រើនទៀតបានធ្វើពិពិធកម្ម។
ជាមួយនឹងផែនការុទ្ឋសាស្រ្ត រួមទាំងគោលនយោបាយផ្សេងៗច្របាច់បញ្ចូលគ្នាផង ជាលទ្ឋផលទីក្រុង ដែលបានដាក់បញ្ចូលនៅក្នុងគោលនយោបាយនេះ បានទាក់ទាញទុកវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។
-->

ចំណុចស្នូលនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
គោលនយោបាយ ដែលមានភាពវែងអន្លាយនេះ បានផ្តោតសំខាន់លើកចំណុចសំខាន់ៗជាច្រើន រួមមាន ទី១ ធ្វើការវិនិយោគ និងធ្វើឲ្យប្រសើរឡើង នូវវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទី២ ការផ្លាស់ប្តូរកំលាំងពលកម្មពីអតិពលកម្ម ទៅជាពលកម្មដែលមានជំនាញខ្ពស់ ដែលអាចទាញយកតម្លៃបន្ថែមបានច្រើនជាងមុន។
ទី៣ ការកាត់បន្ថយតម្លៃអគ្គិសនី ដើម្បីលើកកំពស់ផលិតភាពក្នុងស្រុក និងទី៤ កាត់បន្ថយតម្លៃដឹកជញ្ជូន តាមរយៈការវិនិយោគលើភស្តុភារកម្ម និងការប្រកួតប្រជែង។
តើទីក្រុងណាខ្លះផ្លាស់ប្តូរមុខមាត់?
លើសពីចំណុចគោលទាំ៤ខាងលើ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ បានផ្តោតលើការកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ កន្លែងស្តុកទំនិញ ការធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត ដែលទីបំផុតគោលនយោបាយនេះ បានទាក់ទាញទុនវិនិយោគមិនតិចជាង១២ពាន់លានដុល្លារ ចូលទីកាន់ទីក្រុងចំនួន៣នោះឡើយ។
ទីក្រុងព្រះសីហនុ

ទីក្រុងព្រះសីហនុ ដែលបានទាក់ទាញទុនវិនិយោគប្រមាណ៨០០០លានដុល្លារ ក្នុងចន្លោះឆ្នាំ២០១៦ ២០២០ ជាលទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋ និងអាគារកប់ពពករាប់រយបានដុះឡើង ទៅលើមេឃនៅទឹកដីមួយនេះ។
ជាមួយនឹងលទ្ឋផលដ៏ត្រចះត្រចង់នេះ សមិទ្ឋផលជាច្រើនទៀតបានពង្រីកមុខមាត់ និតភ្ជាប់ជាមួយខេត្តនេះ ដូចជា ការសាងសង់ និងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនទី១ តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ កាពង្រីកព្រលានយន្តហោះអន្តរជាតិកងកេង កាន់តែធំ និងអាចទទួលយន្តហោះខ្នាតមធ្យមធំ ចុះចតបាន ការពង្រីកកំពង់ផែទឹកជ្រៅជាងមុន ការវិនិយោគនៅតាមបណ្តាកោះនានា បានកាន់តែរីកស្គុសស្គាយ។
ទីក្រុងបាវិត

ចំណែកទីក្រុងបាវិត បាននិងកំពុងមានភាពរីកចម្រើនផងដែរ ជាមួយនឹងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ពិសេសគឺ ជាទីក្រុងដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅកម្ពុជា។
ជាតំបន់ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលមានច្រកសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ផ្នែកផ្លូវគោកធំជាងគេទី២នៅកម្ពុជា ទីក្រុងនេះក៏ទទួលបានជំនួយ ពីធនាគារអភិវឌ្ឍន៍អាស៊ីរាប់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ទីធ្លាបៃតង ទឹកស្អាត និងការធ្វើឲ្យប្រសើរនូវបែបផែនជីវិតកាន់តែប្រសើរផងដែរ។
ពិសេសគោលនយោបាយនេះ បាននិងកំពុងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក កន្លែងស្តុកទំនិញ និងប្រព័ន្ឋភស្តុភារកម្មកាន់តែប្រសើរផងដែរ ជាមួយនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត តភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម បាននិងកំពុងសាងសង់។
ទីក្រុងប៉ោយប៉ែត

ទីក្រុងប៉ោយប៉ែត ជាទីក្រុងមួយដែលមានភាពទាក់ទាញជាងគេ ក្នុងចំណោមតំបន់ជាប់ព្រំដែន ទីក្រុងមានដែនសីមាជាប់ជាមួយប្រទេសថៃមួយនេះ ក៏កំពុងទទួលបានផល ពីគោលនយោបាយខាងលើ ជាមួយនឹងការរីកចម្រើននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូ ខុនដូ អាគារអាផាតម៉ិន ការិយាល័យសម្រាប់ជួល ផ្ទះជួលព្រោងព្រាតផងដែរ។
បច្ចុប្បន្នទីក្រុងនេះ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣០ម៉ឺននាក់ និងកំពុងកើនឡើងជាប្រចាំ ដោយសារលំហូរប្រជាជនពីបណ្តាខេត្តជាប់គ្នា នឹងខេត្តបន្ទាយមានជ័យ បានទៅរកសេវាកម្មការងារ និងធ្វើធុរកិច្ច អាជីវកម្មក្នុងទីក្រុងនេះ និងជាមួយប្រទេសថៃផងដែរ។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាមនុស្សម្នាក់ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ ដែលបានចូលរួមរៀបចំ គោលនយោបាយនេះធ្លាប់បានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយនេះ ប្រៀបបីដូចជា រថយន្តចាស់ ដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី និងចាក់សាំងឲ្យពេញ ដើម្បីអាចធ្វើដំណើរបានលឿនជាងមុន។
លោកបណ្ឌិតបានបន្តថា “ការដាក់ចេញគោលនយោបាយនេះ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើននិងមានភាពធន់”។ លោកបន្តថា “បើចង់ឲ្យសេដ្ឋកិច្ចដើរបានលឿន គឺដូចជា រថយន្តដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី និងចាក់សាំង ដើម្បីឆ្ពោះទៅមុខផងដែរ”។
តើរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយអ្វីថ្មី ឬអនុវត្តន៍គោលនយោបាយដដែលក្នុងដំណាក់កាលទី២
រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្លាស់ប្តូរគោលនយោបាយមេ ចេញពីអាណត្តិទី៦ ដោយផ្លាស់មកប្រើគោលនយោបាយបញ្ចកោណជំនួសវិញ ដែលគោលនយោបាយនេះ ផ្តោតលើមនុស្ស ទឹក ភ្លើង ផ្លូវ និងបញ្ចេកវិទ្យាដំណាក់កាលទី១។
ប៉ុន្តែនេះជាគោលនយោយបាយមេ សម្រាប់អាណត្តិដឹកនាំរយៈពេល៥ឆ្នាំ ឬអាចចាត់ទុកជា “រដ្ឋធម្មនុញ្ញ”នៃនិតិកាលរដ្ឋាភិបាលនិតិកាលទី៧ ប៉ុន្តែគោលនយោបាយថ្មីៗទៀត នឹងត្រូវដាក់ចេញជាបន្តបន្ទាប់ ដូចជាគោលនយោបាយស្វាយចន្ទីរ គោលនយោបាយលើកកំពស់សេដ្ឋកិច្ចឌីជីថល និងគោលនយោបាយជាច្រើនទៀត។
គោលនយោបាយ ដែលនឹងដាក់ចេញនៅពេលខាងមុខថ្មីៗទៀត ឬការបន្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២៥ ២០៣៥ អាចនឹងត្រូវអនុម័តនាពេលខាងមុខ ដែលអ្នកអភិវឌ្ឍ អ្នកធុរកិច្ចជាតិ អន្តរជាតិត្រូវតាមដាន ដើម្បីទាក់ទាញឬវិនិយោគ ទាញយកផលប្រយោជន៍ភ្លាមៗ ពីគោលនយោបាយថ្មីនេះ។
រដ្ឋាភិបាលមានគោលនយោបាយបីដំណាក់កាល គឺគោលនយោបាយរយៈពេលខ្លី ដែលមានសុពលភាពរយៈពេល៣ឆ្នាំ គោលនយោបាយរយៈពេលមធ្យមមានរយៈពេល៥ឆ្នាំ និងគោលនយោបាយរយៈពេលវែងមានរយៈពេល១០ឆ្នាំ៕