ក្រុមហ៊ុនជំនាញផ្នែកច្បាប់ជំរុញឱ្យជនបរទេស ដែលចង់វិនិយោគក្នុងទីផ្សារ​អចលន​ទ្រព្យ​​ថៃ ប្រុងប្រយត្ន័ចំពោះការ​ឆបោក

0

ដោយ: គង់ លាងហួរ
បាងកក: ទីផ្សារ​អចលន​ទ្រព្យ​នៅ​ប្រទេស​ថៃ​កំពុង​រីក​ចម្រើន ហើយ​ក៏​មាន​ការ​ក្លែង​បន្លំ​ឆបោក(Fraud)តាមរូបភាពផ្សេងៗផងដែរ។ ក្នុងករណីនេះ ក្រុមអ្នកជំនាញផ្នែកច្បាប់បានណែនាំឱ្យបណ្តាវិនិយោគិន​បរទេស ជាពិសេសវិនិយោគចិនត្រូវសម្រេចចិត្តដោយ​​ប្រយ័ត្នប្រយែង។

យោងតាមទិន្នន័យបានឱ្យដឹងថា ជនជាតិចិនមានចំណែកជិត៥០ភាគរយនៃការទិញខុនដូសរុបទាំងអស់ដោយជនបរទេសកាលពីឆ្នាំមុននៅក្នុងប្រទេសថៃ ហើយជនជាតិចិនក៏បានស្ថិតក្នុងចំណោមជនរងគ្រោះជាច្រើន ដោយសារការឆបោកផងដែរ។

ក្នុងនោះ លោកស្រី Zoe Yu ជាជនរងគ្រោះម្នាក់មានអាយុ៤៥ឆ្នាំ ប្រកបមុខរបរជាជាងថតរូបមកពីទីក្រុង Ningbo ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន។ លោកស្រីបានជួបប្រទះបញ្ហា ក្នុងអំឡុងពេលវិនិយោគអចលនទ្រព្យនៅទីក្រុងឈៀងម៉ៃ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសថៃ បន្ទាប់ពីទីក្រុងបាងកក។

ដោយមើលឃើញថា ការអប់រំលំដាប់អន្តរជាតិ និងថ្លៃចំណាយលើការរស់នៅក្នុងតំបន់ទេសចរណ៍ភាគខាងជើងមានតម្លៃសមរម្យ លោកស្រីបានសម្រេចចិត្តចុះកិច្ចសន្យាក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទិញផ្ទះវីឡាតម្លៃ១០លានបាត (២៩៣.០០០ដុល្លារអាមេរិក)នៅទីក្រុងឈៀងម៉ៃ។

ក្រោយមក ទើបលោកស្រី Yu បាន​ដឹង​ថា ជន​បរទេស​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​ដី ឬ​ផ្ទះ​ផ្ទាល់ខ្លួន​ក្នុង​ប្រទេស​ថៃទេ។ ទោះបីជាកិច្ចសន្យានោះខ្វះការការពារផ្លូវច្បាប់យ៉ាងណាក្តី ក៏លោកស្រីបានធ្វើការតវ៉ា និងទទួលបានការសងប្រាក់ត្រឡប់មកវិញក្នុងខែកក្កដា ឆ្នាំ២០២៤នេះ។

ក្រុមហ៊ុនច្បាប់របស់ប្រទេសថៃ “House Condo” ដែលមានឯកទេសក្នុងការវិនិយោគអចលនទ្រព្យបានលើកឡើងថា “ជាអកុសល ទីផ្សារបានក្លាយជាគោលដៅនៃការក្លែងបន្លំ ដោយសារអ្នកវិនិយោគថ្មីមួយចំនួនមានចំណេះដឹងតិចតួចអំពីបទប្បញ្ញត្តិ”។

ក្រុមហ៊ុន House Condo អះអាងថា ការចេញប័ណ្ណកម្មសិទ្ធិក្លែងបន្លំ និងការលក់ដីខុសច្បាប់អាចបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើន ហើយ​ក្រុមហ៊ុន​នេះ​ធ្លាប់ជួបប្រទះករណីមួយ ដែលអ្នក​វិនិយោគ​ម្នាក់​បាន​ខាតបង់​ប្រាក់​អស់ចំនួន៤០០លាន​បាត។

ក្រុមហ៊ុនក៏បានគូសបញ្ជាក់ផងដែរអំពីបញ្ហានៃរចនាសម្ព័ន្ធអ្នកឈរឈ្មោះខុសច្បាប់(Nominee)។

ក្នុងករណីនេះ ជនបរទេសត្រូវបានល្បួងឱ្យជឿថា ពួកគេអាចកាន់កាប់ដីធ្លីបាននៅប្រទេសថៃ ដោយការចុះបញ្ជីក្រោមឈ្មោះរបស់អ្នកឈរឈ្មោះតំណាងជាជនជាតិថៃ។ ក្រុមហ៊ុន House Condo បញ្ជាក់ថា ការធ្វើបែបនេះខុសច្បាប់ ហើយអាចបណ្តាលឱ្យអ្នកវិនិយោគបរទេសខាតបង់ ប្រសិនបើអ្នកឈរឈ្មោះនោះទាមទារកម្មសិទ្ធិ ឬប្រសិនបើអាជ្ញាធរថៃបើកការស៊ើបអង្កេតឃើញ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here