ក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac កំពុងព្យាយាមស្វែងរកការបញ្ជាទិញពីកម្ពុជា និងឥណ្ឌូនេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្ម Commercial Aircraft Corp of China (Comac)របស់ប្រទេសចិន កំពុងព្យាយាមស្វែងរកអតិថិជនអន្តរជាតិដើម្បីនាំយកយន្តហោះដឹកអ្នកដំណើរប្រភេទ C919 របស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។

ក្តីសង្ឃឹមរបស់ក្រុមហ៊ុនរដ្ឋចិន Comac ក្នុងការទាក់ទាញស្វែងរកអតិថិជនបញ្ជាទិញយន្តហោះ C919 របស់ខ្លួនបានកើនឡើង ខណៈការប្រគល់យន្តហោះត្រូវបានពន្យារពេលកាន់តែយូរ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing និងការផ្អាកផលិតកម្ម ដោយសារតែការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយនេះ។

យោងតាមប្រភពមួយបានទម្លាយឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Comac ក៏បានធ្វើការទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ SCAT របស់ប្រទេសកាហ្សាក់ស្ថាន និងក្រុមហ៊ុន Angkor Air របស់កម្ពុជា ព្រមទាំងបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌូនេស៊ីឱ្យផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតយន្តហោះចិន។

យ៉ាងណាមិញ តំណាង​ក្រុមហ៊ុន Comac មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ជាមួយគ្នានេះ ក្រុមហ៊ុន SCAT Airlines និងក្រុមហ៊ុន Angkor Air ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដែរ។

ប៉ុន្តែ គេដឹងថា ក្រុមហ៊ុនចិន Xing Gang Investment Group ក៏ជា​ម្ចាស់​ភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Angkor Air របស់កម្ពុជាផងដែរ។

ដោយឡែក ប្រទេសឥណ្ឌូនេស៊ីជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុន Comac ខណៈរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកប្រធានាធិបតី Prabowo Subianto គ្រោងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ខ្លួន និងស្តារឡើងវិញនូវក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Garuda ខណៈកន្លងទៅ ក្រុមហ៊ុននេះបានជួបប្រទះការខាតបង់ធ្ងន់ធ្ងរ។

បន្ថែមលើនេះ ប្រទេសឥណ្ឌូនេស៊ីមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ជាពិសេសការវិនិយោគលើការកែច្នៃរ៉ែនីកែល ហើយដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក Prabowo ទៅកាន់ប្រទេសចិន ភាគីទាំង២ក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Comac ក៏បានបើកការិយាល័យលក់នៅទីក្រុងហុងកុង និងទីក្រុងសិង្ហបុរីផងដែរ ក្រោយពីបាន​បើក​ការិយាល័យ​សេវា​អតិថិជន​បរទេស​ដំបូង​គេ​នៅ​ទីក្រុង​ហ្សាការតា​ក្នុង​ឆ្នាំ២០២៣៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here