សម្តេចធិបតីៈ ការអប់រំមានឥទ្ឋិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការអប់រំមានឥទ្ធិពលវិជ្ជ​មាន​​ លើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការចំនួន៣។

យន្តការទាំងបីនោះរួមមាន ទី១) ការអប់​រំប​ង្កើន​មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តា​ចាំ​បាច់​សម្រាប់បង្កើនផលិតភាពពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិត​ថ្មីមួយកម្រិ​តទៀត។

ទី២ ការអប់រំបង្កើនសមត្ថភាពក្នុង ការធ្វើនវានុវត្តន៍ ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹងសម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និង អភិវឌ្ឍផលិតផលថ្មី ដែលការណ៍នេះលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងទី៣ ការអប់រំជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និង ចំណេះដឹងថ្មីៗដទៃ ទៀត ដែលកត្តាទាំងនេះជួយបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យមួយនាព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចបន្តថា “ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយមូលធនមនុស្សខ្ពស់ធានា បាននូវសមត្ថភាពប្រកួតប្រជែង ប្រកបដោយជោគ​ជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍​នៃការកើន​ឡើងជាបន្តបន្ទាប់នៃសកលភាវូបនីយកម្ម ដែលជាតួអង្គដ៏សំខាន់ នៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ជាមួយសេដ្ឋកិច្ចសកលឱ្យកាន់តែប្រសើរ និងការជំរុញពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឱ្យកាន់តែទូលំទូលាយ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធា​នមនុស្ស ប្រកបដោយជំនាញខ្ពស់ គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាព ប្រកួតប្រជែងជាអន្តរជាតិ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អ​ប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម​លើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាម​បរិការ​ណ៍​នៃការរីកចម្រើន នៃសេដ្ឋកិច្ចនិង សង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យអប់រំ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាកលវិទ្យាល័យ, សាស្រ្តាចារ្យ និងសិស្ស-និស្សិត ឱ្យយកចិត្តទុកដាក់ខ្ពស់ចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាព​អប់រំបណ្តុះបណ្តាល និងការកសាង “វប្បធម៌គុណភាព” និងការផ្តល់តម្លៃលើ “គុណាធិបតេយ្យ  ដើម្បីធានាផលិតបាននូវធនធានមនុស្ស ដ៏មាន​តម្លៃ​សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព សមត្ថភាពវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព តាមតម្រូវការរបស់ស្ថាប័ន និយោជក និងសង្គមជាតិទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here