តម្រូវការខុនដូក្នុងតំបន់រមណីយដ្ឋានប៉ាតាយ៉ា និងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃរំពឹងកើនឡើងយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
បាងកក: ក្រុមអ្នកជំនាញបានព្យាករណ៍ពីកំណើនទីផ្សារអចលនទ្រព្យនៅលើកោះប៉ាតាយ៉ា និងច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) របស់ប្រទេសថៃ ដោយសារតែតម្រូវការរបស់អ្នកទិញខុនដូនៅជិតឆ្នេរ និងការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មដោយសហគ្រិនចិន។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers Thailand បានអះអាងថា គម្រោងខុនដូចំនួន២០ ដែលមានទំហំទុនវិនិយោគសរុបចំនួន៤៣,២៨ពាន់លានបាតត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តឈុនបុរី។

លោកបានពន្យល់ថា ក្នុងចំណោមគម្រោងទាំង២០នោះ មានគម្រោងចំនួន១៣ ដែលមានខុនដូចំនួន៧.៨៩៧យូនីតមានទីតាំងនៅឆ្នេរ Jomtien របស់កោះប៉ាតាយ៉ា ខណៈគម្រោងចំនួន៧ទៀត ដែលមានខុនដូចំនួន២.៥៤០យូនីត មានទីតាំងនៅខាងក្រៅទីក្រុងរមណីយដ្ឋាន។

លោកបានបន្ថែមថា គម្រោងខុនដូភាគច្រើនត្រូវបានសាងសង់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដូចជាក្រុមហ៊ុន Origin Property ក្រុមហ៊ុន Riviera Group, Sansiri និងក្រុមហ៊ុន AssetWise។

លោកបានបន្តទៀតថា ការផ្គត់ផ្គង់ខុនដូនៅកោះប៉ាតាយ៉ាបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ក្នុងរយៈពេល៥ឆ្នាំដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារខុនដូនៅទីនោះ។

លោក Phattarachai បានបង្ហាញថា “ខុនដូសរុបចំនួន១១៦.០៧៥យូនីត ត្រូវបានដាក់លក់នៅប៉ាតាយ៉ាចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០២៤។ ក្នុងចំណោមនោះ ខុនដូចំនួន៣៩,៦៦ភាគរយមានទីតាំងនៅលើឆ្នេរ Jomtien”។

លោក Sombat Chanyuttakorn នាយកគ្រប់គ្រងក្រុមហ៊ុន LPN Development បានលើកឡើងថា គម្រោងអចលនទ្រព្យជាច្រើនត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC)ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

លោក​បញ្ជាក់ថា អ្នក​ទិញ​អចលន​ទ្រព្យ​នៅ​ក្នុង​តំបន់​នេះ​ រួម​មាន​អ្នក​វិនិយោគ និង​បុគ្គលិក​ក្នុង​តំបន់​ឧស្សាហកម្ម.​ដែល​មាន​ប្រាក់​ខែ​ចន្លោះពី​២០.០០០បាតទៅ៥០.០០០​បាត​ក្នុង​មួយ​ខែ។

លោកបានកត់សម្គាល់ថា ទីផ្សារក៏ទទួលបានទំនុកចិត្តជាវិជ្ជមានពីសហគ្រិនចិនដែលផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់តំបន់ឧស្សាហកម្ម “Amata City Chonburi”នៃតំបន់ EEC ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here