ដោយ: គង់ លាងហួរ
អន្តរជាតិ: រថភ្លើង Shinkansen ជាអច្ឆរិយៈផ្នែកវិស្វកម្ម និងជានិមិត្តសញ្ញាដ៏យូរអង្វែងនៃអព្ភូតហេតុសេដ្ឋកិច្ច ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន និងតំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសនេះ។
យ៉ាងណាមិញ បណ្តាប្រទេសជុំវិញពិភពលោកហាក់មិនចង់ទិញរថភ្លើង Shinkansen នេះទេ។
កន្លងទៅ គេសង្កេតឃើញមានតែកោះតៃវ៉ាន់មួយប៉ុណ្ណោះ ដែលបានទិញប្រព័ន្ធរថភ្លើង shinkansen ពីប្រទេសជប៉ុន ទោះបីជារថភ្លើងល្បឿនលឿនបានក្លាយជាតម្រូវការពេញនិយមសម្រាប់បណ្តាប្រទេសនានា ដែលព្យាយាមបង្ហាញពីវឌ្ឍនភាពរបស់ខ្លួនយ៉ាងណាក្តី។
-->

ម៉្យាងវិញទៀត រថភ្លើងប្រភេទ shinkansen ភាគច្រើនត្រូវបានប្រើប្រាស់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ ផ្ទុយទៅវិញ បណ្តាប្រទេសជាច្រើនបានងាកទៅទិញរថភ្លើងល្បឿនលឿនមកពីតំបន់អឺរ៉ុប និងប្រទេសចិន។
ប្រាក់ជាបញ្ហាចម្បង ព្រោះការផលិតរថភ្លើង shinkansen ត្រូវចំណាយដើមទុនច្រើន។ ដូច្នេះ រថភ្លើងនេះក៏មានតម្លៃថ្លៃទៅតាមនោះដែរ។
ប្រព័ន្ធ shinkansen មានភាពបត់បែនតិចជាងម៉ូដែល ដែលផលិតឡើងដោយដៃគូប្រជែងរបស់ជប៉ុន ដូចជាចិន និងអឺរ៉ុប។ រថភ្លើង shinkansen ក៏ត្រូវបានរចនាឡើងឱ្យមានភាពធន់បំផុត ដើម្បីទប់ទល់នឹងករណីគ្រោះថ្នាក់ដ៏អាក្រក់បំផុតណាមួយ ដែលគេកម្រជួបប្រទះ។

ចំណែក ថ្លៃដើមនៃការដាក់ឱ្យដំណើរការប្រព័ន្ធ shinkansen ក៏មានកម្រិតផងដែរ ព្រោះរថភ្លើងនេះត្រូវការរត់នៅលើផ្លូវដែកពិសេសថ្មីដាច់ដោយឡែក ឬមានន័យថា គេត្រូវការទិញដីដើម្បីសាងសង់ផ្លូវដែកថ្មី សម្រាប់ដំណើរការតែរថភ្លើង shinkansen ប៉ុណ្ណោះ។
ផ្ទុយទៅវិញ រថភ្លើងល្បឿនលឿនរបស់តំបន់អឺរ៉ុប ដូចជារថភ្លើងប្រភេទ TGV របស់ប្រទេសបារាំង ត្រូវបានរចនាឡើងដើម្បីរត់នៅលើផ្លូវដែក ដែលមានស្រាប់។
រថភ្លើងល្បឿនលឿនរបស់ប្រទេសចិន និងអឺរ៉ុបមានភាពបត់បែនខ្ពស់ ដែលអាចត្រូវបានផលិតឡើងទៅតាមការចង់បានអតិថិជន និងចំណាយដើមទុនតិចក្នុងការផលិតបើប្រៀបធៀបនឹងរថភ្លើងរបស់ជប៉ុន។
ការណ៍នេះអនុញ្ញាតឱ្យបណ្តាប្រទេសនានាមានលទ្ធភាពខ្ពស់នៅក្នុងការទិញរថភ្លើងល្បឿនលឿន ដែលផលិតឡើងដោយដៃគូប្រជែងរបស់ជប៉ុន ជាពិសេសអតិថិជនអាចចរចាតម្លៃបាន។

យ៉ាងណាមិញ រថភ្លើង Shinkansen របស់ជប៉ុនមានគុណភាពខ្ពស់នៅត្រង់ថា រថភ្លើងនេះមានទម្ងន់ស្រាលជាងរថភ្លើងល្បឿនលឿនផ្សេងទៀត។
ដូច្នេះ រថភ្លើង shinkansen ផ្តល់ប្រសិទ្ធភាពផ្នែកថាមពល និងមិនបង្កការខូចខាតច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ហើយការជួសជុលថែទាំរថភ្លើង shinkansen មានភាពងាយស្រួល និងចំណាយតិច។
ម្យ៉ាងវិញទៀត ប្រព័ន្ធរថភ្លើង shinkansen របស់ជប៉ុន បានបំបែកកំណត់ត្រាសុវត្ថិភាព ដោយមិនធ្លាប់មានករណីគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដំណើរ និងអ្នកបើកបរនោះទេ។
លោក Masafumi Shukuri ប្រធានសមាគមរថភ្លើងល្បឿនលឿនអន្តរជាតិ (IHRA) ដែលជាក្រុមការងារផ្សព្វផ្សាយអំពីបច្ចេកវិទ្យា shinkansen របស់ជប៉ុននៅក្រៅប្រទេសបានលើកឡើងថា “ថ្លៃដើមនៃការផលិតមានកម្រិតខ្ពស់ ដោយសារតែគុណភាពខ្ពស់ និងបច្ចេកវិទ្យាដ៏ទំនើបនៃប្រព័ន្ធ shinkansen”៕ប្រភព: Japan Times៕
