ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារ Morgan Stanley បង្ហាញថា ការកើនឡើងយ៉ាងគំហុកនៃតម្លៃលំនៅដ្ឋាននៅប្រទេសសិង្ហបុរី ដែលមួយផ្នែកបណ្តាលមកពីការទិញទុកលក់ចំណេញ អាចនឹងជំរុញឱ្យរដ្ឋាភិបាលសិង្ហបុរីដាក់ចេញវិធានការទប់ទល់បន្ថែមទៀត។
ក្រុមអ្នកវិភាគ ដែលដឹកនាំដោយលោក Wilson Ng សេដ្ឋវិទូនៅធនាគារ Morgan Stanley បានបញ្ជាក់ក្នុងរបាយការណ៍ថា តម្លៃលំនៅដ្ឋានរបស់សិង្ហបុរីនឹងបន្តកើនឡើងនៅដើមឆ្នាំ២០២៥នេះ ដោយសារក្រុមអ្នកវិនិយោគកំពុងសម្រុកទិញ និងទូទាត់ប្រាក់ មុនពេលគម្រោងត្រូវបានសាងសង់បញ្ចប់ទៅទៀត។
យ៉ាងណាមិញ ប្រសិនបើរដ្ឋាភិបាលសិង្ហបុរីពិតជាដាក់ចេញវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់មិនឱ្យទីផ្សារប៉ោង ឬពុះកញ្ជ្រោលខ្លាំង គួបផ្សំនឹងការហូរចូលនៃការផ្គត់ផ្គង់ នោះការណ៍នេះអាចនាំឱ្យតម្លៃផ្ទះនៅសិង្ហបុរីធ្លាក់ចុះ៥% នៅឆ្នាំ២០២៥។
-->

ការព្យាករណ៍របស់ធនាគារវិនិយោគ Morgan Stanley ស្របតាមក្រុមអ្នកវិភាគផ្សេងទៀត ដែលរំពឹងថា រដ្ឋាភិបាលសិង្ហបុរីនឹងចាត់វិធានការសកម្មកាន់តែច្រើន ដោយសារគណបក្សកាន់អំណាចនៅសិង្ហបុរីកំពុងត្រៀមរៀបចំការបោះឆ្នោត ដែលក្នុងនោះលទ្ធភាពទិញផ្ទះជាក្តីកង្វល់ដ៏ធំសម្រាប់អ្នកបោះឆ្នោត។
ក្រុមអ្នកវិភាគអះអាងថា សិង្ហបុរីអាចនឹងដំឡើងពន្ធប្រថាប់ត្រាលើអ្នកលក់ ជំនួសឱ្យការផ្តោតលើអ្នកទិញ ដោយបន្ថែមថាចំណាត់ការបែបនេះនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុនក្នុងការទប់ស្កាត់ការទិញទុកលក់ចំណេញ។
ធនាគារ Morgan Stanley បានអះអាងថា អ្នកទិញក្នុងគោលបំណងវិនិយោគបានទទួលប្រាក់ចំណេញជាមធ្យមប្រមាណ២១% ក្នុងចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ អត្រានេះមានកម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ។
សិង្ហបុរីបានដាក់ចេញវិធានការត្រជាក់ជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។តួយ៉ាង នៅឆ្នាំ២០២៣ សិង្ហបុរីបានបង្កើនទ្វេរដងនូវអត្រាពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះជាជនបរទេសដល់ចំនួន៦០ភាគរយ៕ប្រភព: Bloomberg៕
