អាផាតមុិននៅតាមបណ្តោយខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញហក់ឡើងថ្លៃយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅតាមបណ្តោយខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី១៥ភាគរយទៅ៤០ភាគរយ ដោយសារការបើកដាក់ឱ្យដំណើរការខ្សែរថភ្លើងថ្មីបានជំរុញឱ្យតម្រូវការកើនឡើង។

កាលពី២សប្តាហ៍មុន លោក Minh Toan ដែលជាអតិថិជនមួយរូបក្នុងចំណោមអតិថិជនជាច្រើនរូបផ្សេងទៀតបានទិញអាផាតមិន ដែលមានបន្ទប់គេងចំនួន២បន្ទប់ ស្ថិតនៅចម្ងាយប្រមាណ៨០០ម៉ែត្រពីខ្សែរថភ្លើងក្រោមដី Ben Thanh-Suoi Tien ក្នុងទីក្រុងហូជីមិញ។

ប៉ុន្តែ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះថា តម្លៃអាផាតមុិននៅទីនោះបានហក់ឡើងថ្លៃចំនួន១៦ភាគរយ ចាប់តាំងពីដើមឆ្នាំ២០២៤មក។

លោកមានប្រសាសន៍ឱ្យដឹងបន្តថា “ខ្ញុំគួរតែសម្រេចចិត្ដទិញឱ្យបានលឿនជាងនេះ។ ប៉ុន្តែ ខ្ញុំទើបតែបានទិញនៅពេលនេះ ដោយរំពឹងថា អាផាតមុិននឹងបន្តហក់ឡើងថ្លៃបន្ថែមទៀត ព្រោះខ្សែរថភ្លើងក្រោមដីបានចាប់ផ្តើមដំណើរការហើយ”។

អាផាតមុិនដែលលោក Minh Toan បានទិញកាលពី២សប្តាហ៍មុន មានតម្លៃចំនួន៧១លានដុង(ប្រហែល២.៨០០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងតម្លៃត្រឹមតែ៦១លានដុងក្នុងមួយម៉ែត្រការ៉េកាលពីខែមករាដើមឆ្នាំមុន។

លោក Vo Hong Thang អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានលើកឡើងថា “ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុង និងការជំរុញឱ្យតម្លៃអចលនទ្រព្យហក់់ឡើងថ្លៃ”។

លោកបន្ថែមថា “រថភ្លើងក្រោមដីជួយបង្កើនការតភ្ជាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព។ កត្តាទាំងនេះបានជំរុញតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើង”។

លោក Troy Griffiths អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានព្យាករណ៍ថា “តម្លៃអចលនទ្រព្យប្រណីតនៅតាមបណ្តោយស្ថានីយ៍រថភ្លើងធំៗនឹងកើនឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយនៅឆ្នាំ២០២៥នេះ”។

លោក Dinh Minh Tuan នាយកប្រចាំតំបន់ភាគខាងត្បូងនៃវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានលើកឡើងថា ការផ្តោតរបស់អ្នកអភិវឌ្ឍន៍លើផ្នែកអាផាតមុិនតម្លៃខ្ពស់ រួមជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការខ្សែរថភ្លើងក្រោមដី បានជំរុញឱ្យតម្លៃអាផាតមុិនជាមធ្យមមានការកើនឡើង។

លោកបានបន្ថែមថា “ការរួមបញ្ចូលគ្នានៃកត្តាជាច្រើនដូចជា ខ្សែរថភ្លើងក្រោមដី ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃគម្រោងលំដាប់ខ្ពស់ បានជំរុញឱ្យគម្រោងអាផាតមុិននៅជិតផ្លូវរថភ្លើងក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកទិញ”៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here