តើកំណើននៃការផ្គត់ផ្គង់ខុនដូនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៥ អាចធ្វើឱ្យតម្លៃលក់ធ្លាក់ចុះឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការព្យាករណ៍របស់ស្ថាប័នជំនាញមួយបានឱ្យដឹងថា ចំនួនខុនដូថ្មីនៅទីក្រុងតូក្យូនៃប្រទេសជប៉ុននឹងកើនឡើងនៅឆ្នាំ២០២៥នេះ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។

ប៉ុន្តែ ទីផ្សារនៅតែត្រូវបានគេរំពឹងថា នឹងមានភាពតានតឹង។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Nikkei Asia។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ(Real Estate Economic Institute) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានគូសបញ្ជាក់ក្នុងរបាយការណ៍មួយថា ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងតូក្យូនឹងកើនឡើងចំនួន២៦.០០០យូនីតនៅឆ្នាំ២០២៥ កើនឡើង១៣%ធៀបនឹងឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៤ អ្នកអភិវឌ្ឍន៍បានសាងសង់ខុនដូថ្មីប្រមាណ២៣.០០០យូនីតនៅទីក្រុងតូក្យូ ធ្លាក់ចុះ១៤,៤%ធៀបនឹងឆ្នាំ២០២៣ ហើយចំនួននេះជាកម្រិតទាបមិនធ្លាប់មានឡើយ គិតចាប់តាំងពីទិន្នន័យទាំងនេះត្រូវបានប្រមូលចងក្រងឡើងដំបូងនៅឆ្នាំ១៩៧៣។

កង្វះនៃការសាងសង់ខុនដូថ្មីនៅក្នុងទីក្រុងតូក្យូ មួយផ្នែកបណ្តាលមកពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសម្រេចចិត្តធ្វើការរឹតបន្តឹងការផ្គត់ផ្គង់។

លោក Takuya Sumida អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអាជីវកម្មខុនដូ Daiwa House Industry បានលើកឡើងថា “ យូនីតខុនដូជាច្រើនកំពុងត្រូវបានលក់ចេញ បន្ទាប់ពីបញ្ចប់ការសាងសង់ ជំនួសឱ្យគោលបំណងនៃការលក់ចេញមុនពេលបញ្ចប់ការសាងសង់ ឬហៅថា (Pre-sale)”។

ខុនដូនៅក្នុងសង្កាត់ទាំង២៣ស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមចំនួន១១២,៨លានយ៉េន (ប្រហែល៧១៨.០០០ដុល្លារ)ក្នុងមួយយូនីត ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

កាលពីឆ្នាំ២០២៣ តម្លៃខុនដូជាមធ្យមនៅទីក្រុងតូក្យូបានកើនឡើងដល់ចំនួន១០០លានយ៉េនក្នុងមួយយូនីត ហើយតម្លៃខុនដូនៅឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងក្នុងកម្រិតស្រដៀងគ្នានេះ។

ក្នុងរយៈពេល៥ឆ្នាំកន្លងមក តម្លៃខុនដូជាមធ្យម ដែលទើបនឹងសាងសង់ថ្មីក្នុងសង្កាត់ទាំង២៣នៃទីក្រុងតូក្យូ បានហក់ឡើងថ្លៃប្រហែល៦០ភាគរយ ខណៈគេមិនទាន់សង្កេតឃើញមានសញ្ញាណាមួយបង្ហាញថា តម្រូវការនឹងធ្លាក់ចុះនោះទេ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here