ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយដោយកាសែត Bangkok Post បានឱ្យដឹងថា ក្រសួងមហាផ្ទៃថៃកំពុងពិចារណាចេញលិខិតឆ្លងដែនបណ្ដោះអាសន្នសម្រាប់ប្រជាពលរដ្ឋ ដែលពុំមែនរស់នៅជាអចិន្ត្រៃយ៍នៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបង្កើតច្រកគយ និងប៉ុស្តិ៍ត្រួតពិនិត្យបន្ថែមទៀត។
លោក Ansit Sampantarat រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ បានបង្ហើបផែនការនេះ ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះដើម្បីពិនិត្យមើលវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលថៃ និងកម្ពុជាទាក់ទងនឹងការធ្វើដំណើរឆ្លងព្រំដែន។
ការចេញលិខិតឆ្លងដែនបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋ ដែលមិនមានទីលំនៅអចិន្ដ្រៃយ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗមួយចំនួន ដែលត្រូវបានត្រួតពិនិត្យនៅក្នុងកិច្ចប្រជុំខាងលើ។លិខិតឆ្លងដែននេះនឹងមានសុពលភាពរយៈពេល១សប្តាហ៍។
-->

លោក Ansit បានគូសបញ្ជាក់ថា អភិបាលខេត្តនានានឹងទទួលបានសិទ្ធិក្នុងការចេញលិខិតឆ្លងដែនទាំងនេះ។ ទន្ទឹមនឹងនោះ ការពង្រឹងវិធានការសន្តិសុខ ការធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានទិន្នន័យនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើសន្តិសុខតាមព្រំដែននឹងជួយបង្កើនកម្រិតសុវត្ថិភាព។
កិច្ចប្រជុំក៏បានពិនិត្យមើលផែនការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យគយអចិន្ត្រៃយ៍នៅស្ថានីយ៍រថភ្លើង “Baan Khlong Luek” ក្នុងខេត្តស្រះកែវ ដើម្បីលើកកំពស់ការដឹកជញ្ជូនតាមផ្លូវដែក និងជំរុញការដោះដូរពាណិជ្ជកម្មឆ្លងដែន។
លោក Ansit បានមានប្រសាសន៍ឱ្យដឹងបន្តថា ក្រុមការងារក៏បានឯកភាពគ្នាលើការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍នៅស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)ផងដែរ បន្ទាប់ពីស្ពាននេះត្រូវបានបើកដំណើរការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា “ក្រសួងមហាផ្ទៃថៃផ្តល់អាទិភាពដល់ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសតំបន់ពាណិជ្ជកម្មសំខាន់ៗ ដើម្បីផ្តល់សុវត្ថិភាព និងភាពងាយស្រួលដល់អ្នកដំណើរ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងពាណិជ្ជកម្មនៅក្នុងសហគមន៍”។
លោក Ansit បានបន្ថែមថា “ការណ៍នេះស្របតាមគោលនយោបាយរបស់លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ដែលសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពជាមួយបណ្តាប្រទេសជិតខាង”៕ប្រភព: Bangkok Post៕
