ដោយ: គង់ លាងហួរ
បាងកក: ស្របពេលដែលការកើនឡើងនៃការសាងសង់អគារការិយាល័យនៅទូទាំងទីក្រុងបាងកក បានបង្កើតភាពមិនប្រាកដប្រជានៅក្នុងទីផ្សារជួល អគារការិយាល័យកម្រិត A មួយចំនួននៅក្នុងតំបន់ Ploenchit-Chidlom-Wittayu នៅតែបន្តសម្រេចបានកំណើនយ៉ាងរឹងមាំ។
តំបន់ Ploenchit-Chidlom-Wittayu ជាមេដែកស្រូបទាញបណ្តាក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ ដែលធ្វើឱ្យតំបន់នេះនៅតែឈរឈ្មោះជាទីតាំងការិយាល័យដ៏មានតម្រូវការខ្ពស់ បើទោះជាមានបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី។
លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand បានគូសបញ្ជាក់ថា តំបន់ Ploenchit-Chidlom-Wittayu ដ៏ពិសេសនេះនៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិន និងអ្នកជួល ខណៈការផ្គត់ផ្គង់ការិយាល័យនៅទូទាំងទីក្រុងបាងកកកំពុងកើនឡើង ហើយទម្លាប់នៃការបំពេញការងារពីផ្ទះកំពុងជំរុញឱ្យបណ្តាក្រុមហ៊ុននានាជាច្រើនកាត់បន្ថយទំហំការិយាល័យរបស់ពួកគេ។
-->

ទោះបីជាអត្រាគ្របដណ្តប់ការជួល(Occupancy Rate) បានធ្លាក់ចុះពីកម្រិតកំពូលចំនួន៩៥%ក្នុងឆ្នាំ២០១៩ មកនៅសល់ត្រឹមចំនួន៧៦%នាពេលបច្ចុប្បន្នយ៉ាងណាក្តី ក៏អគារនៅតំបន់នេះបានបង្ហាញពីភាពធន់ខ្លាំងជាងគេ បើធៀបទៅនឹងតំបន់ផ្សេងទៀតនៃទីក្រុងបាងកក។
តំបន់ Ploenchit-Chidlom-Wittayu អាចរក្សាបាននូវភាពទាក់ទាញរបស់ខ្លួន ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងងាយស្រួល ដូចជាបណ្តាញដឹកជញ្ជូនសាធារណៈ និងសម្បូរទៅដោយបណ្តុំអគារការិយាល័យ Grade A ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង។

លោក Nattha បានបញ្ជាក់ទៀតថា “ការសម្រុកបើកដំណើរការអគារការិយាល័យកម្រិត A នៅក្នុងទីតាំងដ៏សំខាន់នេះបានជំរុញឱ្យមានការប្រកួតប្រជែងខ្លាំង។ ប៉ុន្តែ តំបន់ Ploenchit-Chidlom-Wittayu នៅតែបន្តមានតម្រូវការខ្ពស់ពីអ្នកជួល”។
តួយ៉ាង តម្លៃជួលការិយាល័យជាមធ្យមនៅតំបន់នេះបានកើនឡើង៥ភាគរយដល់ចំនួន១.០៩០បាត(ប្រហែល៣១,៧៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
តំបន់ Ploenchit-Chidlom-Wittayu ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយ ខណៈគម្រោងអគារ CPN Siam Square ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ នឹងចាក់បញ្ចូលនូវទំហំការិយាល័យថ្មីជាង២៥០០០ម៉ែត្រការ៉េមកកាន់តំបន់នេះ៕ប្រភព: The Nation៕
