ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងរថភ្លើងក្រោមដីតម្លៃ២០ពាន់លានដុល្លារអាមេរិកនៅកោះបាលីក៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ីបានស្ថិតនៅក្នុងសភាពជាប់គាំង ខណៈស្ថានភាពចរាចរណ៍កាន់តែមានសភាពអាប់អួរទៅៗ ដោយសារភ្ញៀវទេសចរណ៍បរទេសបានសម្រុកមកកំសាន្តនៅលើកោះនេះកាន់តែច្រើន។
គម្រោងរថភ្លើងក្រោមដីនេះមានគោលដៅ ដើម្បីកាត់បន្ថយការកកស្ទះនៅភាគខាងត្បូងនៃកោះបាលី ក្រោមការបណ្តាក់ទុនរួមគ្នារវាងវិស័យឯកជនរបស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន China Railway Construction Corp. (CRCC) ដែលគ្រប់គ្រងដោយរដ្ឋអំណាចចិន។
ខ្សែរថភ្លើងក្រោមដីដំណាក់កាលដំបូងនឹងមានចម្ងាយចំនួន១៦គីឡូម៉ែត្រ ដោយតភ្ជាប់អាកាសយានដ្ឋាន Ngurah Rai ទៅកាន់តំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Canggu ស្ថិតនៅភាគខាងត្បូងនៃកោះបាលី និងតំបន់ទេសចរណ៍ល្បីៗផ្សេងទៀតស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច ដែលទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ១៥លាននាក់ទៅកាន់កោះបាលីជារៀងរាល់ឆ្នាំ។ គម្រោងដំណាក់កាលដំបូងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
-->

ទោះជាយ៉ាងណាក្តី លោក Luhut Pandjaitan អតីតរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី ធ្លាប់បានអះអាងថា គម្រោងសាងសង់រថភ្លើងក្រោមដីនេះកំពុងស្ថិតក្រោមការសិក្សាលទ្ធភាពនៅឡើយ។
លោក Pandjaitan បញ្ជាក់ថា នាពេលនេះ ឥណ្ឌូនេសុីនឹងផ្តោតលើការតភ្ជាប់អាកាសយានដ្ឋានទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Serangan នៅតាមបណ្តោយឆ្នេរភាគអាគ្នេយ៍នៃកោះបាលី ដែលអ្នកអភិវឌ្ឍន៍ចិនគ្រោងនឹងសាងសង់រមណីយដ្ឋានទំហំ៤៨០ហិកតានៅទីនោះ រួមមានដូចជាទីលានវាយកូនហ្គោល និងសណ្ឋាគារប្រណីត។
ភាពមិនច្បាស់លាស់បានកើតមានឡើងបន្ថែមទៀត ដោយសារក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់លោក Pandjaitan ត្រូវបានលុបចោលនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។ បច្ចុប្បន្ននេះ លោក Pandjaitan មានតួនាទីត្រឹមតែជាទីប្រឹក្សាក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ។
ចំណែក លោកប្រធានាធិបតី Prabowo Subianto រហូតមកទល់ពេលនេះបានបង្ហាញការខ្នះខ្នែងក្នុងការអនុវត្តន៍គោលនយោបាយផ្តល់អាហារដោយឥតគិតថ្លៃដល់សិស្សសាលា និងការសាងសង់លំនៅដ្ឋានសាធារណៈបន្ថែមទៀត។
លោក Prabowo មិនទាន់បានមានប្រសាសន៍អ្វីទាល់តែសោះអំពីគម្រោងរថភ្លើងក្រោមដីរបស់កោះបាលីនៅឡើយទេ។
ដោយឡែក ក្រុមមន្ត្រីនៅក្រសួងដឹកជញ្ជូន និងក្រសួងវិនិយោគឥណ្ឌូនេស៊ីបានផ្តល់ចម្លើយមិនច្បាស់លាស់ នៅពេលសារពត៌មាន Nikkei Asia សាកសួរអំពីគម្រោងតម្លៃ២០ពាន់លានដុល្លារមួយនេះ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Mohamad Risal Wasal បានអះអាងថា “យើងបានបង្ហាញគម្រោងនេះដល់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេស”។ ចំណែក លោក Rosan Roeslani រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូនេស៊ីបានបន្ថែមថា “នេះមិនមែនជារឿងរបស់ខ្ញុំទៀតទេ”៕ប្រភព: Nikkei Asia៕
