ដោយ: គង់ លាងហួរ
ភ្នំពេញ: ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិននៅឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងមានទស្សនវិស័យកាន់តែល្អប្រសើរ បន្ទាប់ពីប្រទេសទាំង២បានសម្រេចសមិទ្ធិផលជាច្រើនពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅឆ្នាំ២០២៤។
ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ចិនឈរលើមូលដ្ឋាននៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងកាន់តែជិតស្និទ្ធជារៀងរាល់ឆ្នាំ។ជាលទ្ធផល ភាពជាដៃគូរវាងប្រទេសទាំង២នាពេលបច្ចុប្បន្ននេះមានសភាពរឹងមាំ និងមិនអាចបំបែកបាន។
ក្នុងចំណោមដៃគូនានានៅលើពិភពលោករបស់ខ្លួន ប្រទេសចិនត្រូវបានចាត់ទុកជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ដោយផ្តល់ការគាំទ្រឥតងាករេដល់កម្ពុជាស្ទើរតែគ្រប់វិស័យទាំងអស់។
-->
ជាក់ស្តែង នៅឆ្នាំ២០២៤ ភាពជាដៃគូដ៏រឹងមាំនេះបានផ្តល់លទ្ធផលជាផ្លែផ្កា ខណៈដែលប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

កិច្ចព្រមព្រៀងនានាដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ប្រទេសចិនជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ លើសពីនេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រភពភ្ញៀវទេសចរណ៍បរទេសធំជាងគេទី៣ចូលមកកាន់កម្ពុជា។ ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។
ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងត្រី និងស្រូវ ព្រមទាំងឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យនានាដូចជា ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខស្បៀង ទេសចរណ៍ និងវប្បធម៌។

លើសពីនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន (BRI) បានផ្តល់នូវធនធានដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍន៍រីកចម្រើននៅកម្ពុជា។
គម្រោងធំៗស្ថិតក្រោមគំនិតផ្តួចផ្តើម BRI រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់កម្ពុជា។
តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានជំរុញការតភ្ជាប់របស់កម្ពុជាទៅនឹងទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនមធ្យោបាយធ្វើដំណើរចូលទៅកាន់រមណីយដ្ឋានបុរាណអង្គរ និងបានជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកំសាន្តកាន់តែច្រើន។
ចំពោះឆ្នាំ២០២៥នេះវិញ ទំនាក់ទំនងកម្ពុជា-ចិននឹងបន្តត្រូវបានពង្រឹងបន្ថែមទៀត ខណៈប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”ដោយសង្កត់ធ្ងន់លើការពង្រឹងទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។
ជាងនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្តកណ្តាលគ្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលជាសមិទ្ធិផលដ៏សំខាន់មួយទៀតនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។
ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ ដោយបានបង្កើតការងារក្នុងស្រុករាប់សែនកន្លែងនៅកម្ពុជា។
ស្របពេលដែលទំនាក់ទំនងទ្វេរភាគីកាន់តែមានភាពស៊ីជម្រៅ កម្ពុជា និងចិនកំពុងដើរនៅលើផ្លូវមួយឆ្ពោះទៅកសាងសហគមន៍កម្ពុជា-ចិនដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងអនាគតរួមគ្នា។
ទំនាក់ទំនងកាន់តែស្អិតរមួតរវាងកម្ពុជា និងចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ផងដែរ។
ដោយឡែក កាសែត South China Morning Post បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមកបដិសេធចំពោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា ដែលអះអាងថា ចិនបានដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនតេជោរបស់រដ្ឋាភិបាលកម្ពុជា។
ស្ថានទូតចិនបានច្រានចោលការចុះផ្សាយដែលថា ប្រទេសចិននឹងឈប់ផ្តល់ជំនួយដល់កម្ពុជា ហើយគម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបរាជ័យ ដែលប៉ះពាល់ដល់ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។ ស្ថានទូតចិនបានចាត់ទុកថា ការចុះផ្សាយបែបនេះជារឿងមិនសមហេតុផលទាល់តែសោះ៕ប្រភព: Xinhua & SCMP៕
