មន្រ្តីជាន់ខ្ពស់ អ្នកស្រាវជ្រាវលើកឡើងពីអាទិភាពនៃការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ  ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកជំនាញអន្តរជាតិបានជជែកគ្នាក្នុងសិក្ខាសាលាស្តីពី គន្លឹះឆ្លុះបញ្ចាំងពី “គោលនយោ​បាយលើកកម្ពស់ការវិនិយោគ ដោយផ្ទាល់ពីបរទេសរបស់កម្ពុជា”។

សិក្ខាសាលាជាន់ខ្ពស់នេះ មានការចូលរួមពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) លោកវង្សី វិស្សុទ្ឋ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនិងអ្នកជំនាញ ស្រាវជ្រាវអន្តរជាតិជាច្រើនបានចូលរួម ជាគណៈអធិបតី និងផ្តល់កិត្តិយសឡើងថ្លែងសុន្ទរកថា គន្លឹះឆ្លុះបញ្ចាំងពី “គោលនយោបាយលើកកម្ពស់ការវិនិយោគ ដោយផ្ទាល់ពីបរទេសរបស់កម្ពុជា” នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា បទពិសោធន៍អន្តរជាតិ” (Cambodia’s Diversification Pathways – Insights from International Experience)។

ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីរដ្ឋមន្រ្តី លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងមន្រ្តីព្រមទាំងអ្នកជំនាញអន្តរជាតិជាច្រើន។

ក្រោមកិច្ចសហការពីទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។

បន្ថែមពីនេះ អង្គសិក្ខាសាលាបានផ្តល់ឱកាស ឱ្យមានការជជែកពិភាក្សាក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងមានការចែករំលែកនូវបទពិសោធន៍ ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានតួនាទីសំខាន់ ក្នុងការតាក់តែងគោលនយោបាយ ពិសេសគឺបទឧទ្ទេសនាមពីលោកសាស្ត្រាចារ្យ Ricardo Hausmann ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេ លើការងារពិពិធកម្មសេដ្ឋកិច្ច។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពី គោលនយោបាយលើកកម្ពស់ ការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) របស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។

ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការតាក់តែងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធនកម្ម ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី “ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង” ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាព ដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។

បន្ថែមពីនេះ លោកស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេងដែលពោរពេញដោយថាមវ័ន្ត ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់ នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និងវិស័យឯកជន។ បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យ Ricardo Hausmann ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងផ្តល់កិត្តិយសឡើងធ្វើបទឧទ្ទេសនាមដែលពោរពេញដោយអត្ថន័យ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ចំពោះជំនួយAustralian AID តាមរយៈកម្មវិធី CAPRED៕

LEAVE A REPLY

Please enter your comment!
Please enter your name here