តើទីផ្សារការិយាល័យនៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនអាចឈានដល់ដំណាក់កាលពពុះដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការ ដោយសារតែកំណើននៃអត្រាការិយាល័យទំនេរ។ប៉ុន្តែ ទីផ្សារត្រូវបានគេរំពឹងថា នឹងមិនឈានចូលដល់ដំណាក់កាលពពុះនោះទេ។

ក្រុមហ៊ុន Colliers បានប៉ាន់ប្រមាណថា “ការិយាល័យទំនេរនៅទីក្រុងម៉ានីលមានទំហំផ្ទៃក្រឡាសរុបចំនួន២,៦លានម៉ែត្រការ៉េ។ ដូច្នេះ ទីផ្សារត្រូវចំណាយពេលវេលាប្រហែល៥ឆ្នាំដើម្បីដោះស្រាយបញ្ហានេះ”។

ទោះបីជាអត្រាការិយាល័យទំនេរមានកម្រិតខ្ពស់យ៉ាងណាក្តី ក៏ប៉ុន្តែអ្នកជំនាញផ្នែកអចលនទ្រព្យបានសង្កត់ធ្ងន់ថា “វាមិនមានលទ្ធភាព ដែលថា ទីផ្សារការិយាល័យនឹងឈានចូលដល់ដំណាក់កាលពពុះនោះទេ”។

លោកស្រី Lovelle Taleon អ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុន Santos Knight Frank បានទទួលស្គាល់ថា “ការបិទទ្វារក្រុមហ៊ុនល្បែងសុីសងបរទេសនៅទីក្រុងម៉ានីល បានធ្វើឱ្យអត្រាការិយាល័យទំនេរកើនឡើង។ ប៉ុន្តែ វាជះផលប៉ះពាល់មួយផ្នែកប៉ុណ្ណោះ និងមិនអាចនាំទៅដល់ពពុះនោះទេ”។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា “ម្ចាស់អគារការិយាល័យនានាកំពុងសម្របខ្លួនយ៉ាងសកម្មទៅនឹងបញ្ហាប្រឈមទាំងនេះ។ ពួកគេបានធ្វើការច្នៃប្រឌិតអគារការិយាល័យទំនេរទាំងនោះឱ្យមានបរិយាកាសថ្មីបែបសហគមន៍ និងកិច្ចសហការ”។

លោក Joey Roi Bondoc នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Colliers Philippines បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភនានា ដោយកាត់បន្ថយការបើកដំណើរការអគារការិយាល័យថ្មី និងបញ្ចុះតម្លៃជួល ជាពិសេសនៅទីក្រុងម៉ានីល ដើម្បីដោះស្រាយកង្វល់អំពីការផ្គត់ផ្គង់លើសតម្រូវការ។

លោក Bondoc បានបញ្ជាក់បន្ថែមថា “ក្រោយពីក្រុមហ៊ុនល្បែងសុីសងបរទេសបានបិទទ្វារ បណ្តាអ្នកអភិវឌ្ឍន៍បានងាកទៅពឹងផ្អែកលើអ្នកជួលផ្សេងទៀត ដូចជាបណ្តាក្រុមហ៊ុនបរទេសថ្មី ដែលឈានជើងចូលប្រទេសហ្វីលីពីន សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក និងទីភ្នាក់ងាររដ្ឋាភិបាល”៕ប្រភព: Phistar៕

LEAVE A REPLY

Please enter your comment!
Please enter your name here