គម្រោងផ្លូវដែកល្បឿនលឿនចម្ងាយជិត១.២៥០គីឡូម៉ែត្រនៅរដ្ឋកាលីហ្វ័រញ៉ាស្ថិតក្នុងភាពមិនច្បាស់លាស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ បានចាប់ផ្តើមពិនិត្យឡើងវិញលើគម្រោងផ្លូវដែកល្បឿនលឿននៅរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានស្ថិតក្នុងសភាពជាប់គាំងអស់ជាច្រើនឆ្នាំ។

លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិកបានប្រកាសថា “រដ្ឋបាលផ្លូវដែកសហព័ន្ធនឹងស៊ើបអង្កេតគម្រោងនេះ តាមរយៈការចុះត្រួតពិនិត្យលើអនុលោមភាព និងការអនុវត្តន៍”។

កាលពីឆ្នាំ២០០៨ អាជ្ញាធរផ្លូវដែកល្បឿនលឿនប្រចាំរដ្ឋកាលីហ្វ័រញ៉ាធ្លាប់បានប៉ាន់ប្រមាណថា គម្រោងនេះនឹងត្រូវចំណាយទុនវិនិយោគចំនួន៣៣ពាន់លានដុល្លារ ហើយគ្រោងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២០ តាមរយៈការបោះផ្សាយលក់មូលបត្របំណុលចំនួន៩ពាន់លានដុល្លារសម្រាប់ជួយដល់គម្រោងនេះ។

ទោះជាយ៉ាងណាក្តី បើយោងតាមផែនការបានបង្ហាញថា គម្រោងផ្លូវដែកទាំងមូលមានចម្ងាយសរុប៧៧៦ម៉ាយ(ប្រហែល១.២៤៩គីឡូម៉ែត្រ)។ប៉ុន្តែ គិតមកដល់ពេលនេះ ចម្ងាយកំណាត់ផ្លូវដែក ដែលបានចាប់ផ្តើមសាងសង់ មានប្រវែងត្រឹមតែ១១៩ម៉ាយ(ប្រហែល១៩១,៥គីឡូម៉ែត្រ) ប៉ុណ្ណោះ។

ជាមួយគ្នានោះ យោងតាមការព្យាករណ៍ថ្មីបានបង្ហាញថា គម្រោងនេះត្រូវការដើមទុនវិនិយោគចន្លោះពី៨៩ពាន់លានដុល្លារទៅ១២៨ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមអាជ្ញាធរផ្លូវដែកល្បឿនលឿនប្រចាំរដ្ឋកាលីហ្វ័រញ៉ា។

លោក Duffy បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការបង់ពន្ធពីប្រជាពលរដ្ឋអាមេរិកត្រូវបានយកទៅឧបត្ថម្ភធនលើគម្រោងផ្លូវដែកល្បឿនលឿននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ គម្រោងនេះត្រូវការដើមទុនកាន់តែច្រើន និងត្រូវបានពន្យារពេល”។

លោក Duffy បានមានប្រសាសន៍ឱ្យដឹងបន្តថា “ដូច្នេះ ការស៊ើបអង្កេតនឹងត្រូវបានរៀបចំឡើង ដើម្បីកំណត់ថា តើប្រាក់ចំណូលពន្ធគួរបន្តយកទៅបោះទុនលើគម្រោងនេះទៀតដែរឬទេ?”។

គម្រោងនេះមានលក្ខណៈនយោបាយ ដោយអាស្រ័យលើគណបក្ស ដែលដឹកនាំសេតវិមានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

កាលពីអាណត្តិដំបូង ប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក ដូ ណាល់ត្រាំ បានលុបចោលនូវកិច្ចព្រមព្រៀងផ្តល់មូលនិធិជិត១ពាន់លានដុល្លារ ដល់រដ្ឋកាលីហ្វ័រញ៉ាសម្រាប់ស្ថាបនាគម្រោងនេះ។

ចំណែក ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន រដ្ឋាភិបាលអាមេរិកបានផ្តល់មូលនិធិចំនួន៣ពាន់លានដុល្លារសម្រាប់ស្ថាបនាផ្លូវដែកល្បឿនលឿនក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ២០២៣៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here