ទីផ្សារសណ្ឋាគារ និងអចលនទ្រប្យឧស្សាហកម្មក្នុងប្រទេសថៃនៅឆ្នាំនេះនឹងមានសន្ទុះខ្លាំងជាងផ្នែកផ្សេងទៀត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារសណ្ឋាគារ និងឧស្សាហកម្មក្នុងប្រទេសថៃនៅឆ្នាំនេះនឹងបន្តមានសភាពរឹងមាំ ខណៈទីផ្សារលំនៅដ្ឋាន និងការិយាល័យនឹងអាចបន្តធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

លោកស្រី Roongrat Veeraparkkaroon នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Thailand បានអះអាងថា “ការស្ទុះងើបឡើងវិញនៃផ្នែកមួយចំនួននៅក្នុងទីផ្សារអចលនទ្រព្យថៃនៅឆ្នាំនេះនឹងប្រែប្រួលខុសៗគ្នា ខណៈផ្នែកសណ្ឋាគារ និងឧស្សាហកម្មមានសន្ទុះខ្លាំងជាងគេ”។

លោកស្រីបានបន្តថា “ទីផ្សារសណ្ឋាគារ និងអចលនទ្រព្យឧស្សាហកម្មបានសម្រេចកំណើនយ៉ាងល្អប្រសើរចាប់តាំងពីឆ្នាំមុន ដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃបានទាក់ទាញទាំងការវិនិយោគ និងភ្ញៀវទេសចរណ៍បរទេស។និន្នាការនេះនឹងបន្តកើតមានដល់ឆ្នាំ២០២៥”។

លោកស្រី Chotika Tungsirisurp ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន CBRE Thailand បានអះអាងថា “ចំនួនភ្ញៀវទេសចរណ៍បរទេសចូលទៅកាន់ប្រទេសថៃកាលពីឆ្នាំមុនបានស្ទុះងើបឡើងវិញដល់ចំនួន៣៥,៥លាននាក់ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់៤០លាននាក់នៅឆ្នាំ២០២៥”។

ទីផ្សារសណ្ឋាគារនៅទីក្រុងបាងកកត្រូវបានគេរំពឹងថា នឹងមានសភាពល្អប្រសើរឡើងបន្ថែមទៀត ខណៈអត្រានៃការស្នាក់នៅជាមធ្យមកើនឡើងដល់៧៧%។ ចំណែក ការស្នាក់នៅប្រចាំថ្ងៃនៅឆ្នាំនេះមានតម្លៃជាមធ្យម៤.៣០០បាត(ប្រហែល១២៨ដុល្លារអាមេរិក)។

ចំពោះផ្នែកអចលនទ្រព្យឧស្សាហកម្ម​វិញ ក្រុមហ៊ុន CBRE បានអះអាងថា ការ​លក់​ដីឧស្សាហកម្ម​​នៅប្រទេសថៃកាល​ពី​ឆ្នាំ​មុន​បាន​កើនឡើងដល់​ចំនួន៤.៥០០រ៉ៃ ឬស្មើនឹង៧២០ហិកតា។ ចំនួននេះមានការកើនឡើងបើ​ធៀប​នឹង​ការលក់ដីឧស្សាហកម្មបានចំនួន៣.៥០០រ៉ៃ ឬស្មើនឹង៥៦០ហិកតាកាលពីឆ្នាំ២០២៣។

ចំពោះទីផ្សារការិយាល័យ លោកស្រី Chotika បានគូសបញ្ជាក់ថា អត្រាគ្របដណ្តប់ការជួលការិយាល័យនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ ដោយនឹងអាចធ្លាក់ចុះមកនៅត្រឹម៧៨% ក្នុងឆ្នាំ២០២៥ ពី៨១% ក្នុងឆ្នាំ២០២៤។

ចំពោះទីផ្សារលំនៅដ្ឋានវិញ ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងបាងកកក្នុងឆ្នាំ២០២៥នេះ នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ឆ្នាំ ដោយនឹងអាចមានខុនដូដាក់លក់ថ្មីត្រឹមតែ២៤.០០០យូនីតប៉ុណ្ណោះ បើធៀបនឹងខុនដូដាក់លក់ថ្មីចំនួន២៨.៥៣២យូនីតកាលពីឆ្នាំ២០២៤៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here