ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្រូវការអាផាតមុិនសម្រាប់ជួលនៅតាមបណ្តោយផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមបានដាំក្បាលចុះចន្លោះពី២០ភាគរយទៅ៦៨ភាគរយនៅខែមករា ឆ្នាំ២០២៥ បើធៀបនឹងខែធ្នូ ឆ្នាំមុន។ នេះបើយោងតាមវេទិកាជួញដូរអចលនទ្រព្យ Batdongsan។
តួយ៉ាង តម្រូវការអាផាតមុិនសម្រាប់ជួលនៅក្នុងគម្រោង Gateway Thao Dien និងគម្រោង The Nassim ដែលស្ថិតនៅចម្ងាយ៨០០ម៉ែត្រពីខ្សែរថភ្លើងក្រោមដីបានដាំក្បាលចុះ៦៨% និង៥៦%រៀងគ្នានៅខែមករា។
ជាមួយគ្នានេះ តម្រូវការអាផាតមុិននៅគម្រោងផ្សេងទៀតដូចជា គម្រោង Centum Wealth និងគម្រោង Moonlight Residences ដែលមានចម្ងាយចន្លោះពី៥០០ម៉ែត្រទៅ៩០០ម៉ែត្រពីខ្សែរថភ្លើងក្រោមដី ក៏បានដាំក្បាលចុះដូចគ្នាដែរ។
-->

លោក Dinh Minh Tuan អគ្គនាយកនៃវេទិកា Batdongsan ប្រចាំតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមបានអះអាងថា “តម្លៃជួលអាផាតមុិនក្នុងគម្រោងទាំងនេះបានហក់ឡើងដល់កម្រិតហួសពីលទ្ធភាពរបស់អតិថិជនភាគច្រើន ដែលមានគោលបំណងជួលក្នុងរយៈពេលវែង”។
តួយ៉ាង ការជួលអាផាតមុិននៅជិតស្ថានីយ៍រថភ្លើងក្រោមដីក្នុងសង្កាត់ Binh Thanh នាពេលនេះមានតម្លៃជាមធ្យមចំនួន២៦,៥លានដុង(ប្រហែល១.០៣៥ដុល្លារអាមេរិក) ក្នុងមួយខែ ខណៈការជួលអាផាតមុិននៅតំបន់ Thao Dien ត្រូវបង់ប្រាក់ជាមធ្យមចំនួន២៤,៥លានដុងក្នុងមួយខែ។
លោក Tuan បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា “ការបើកដំណើរការខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញនៅមិនទាន់បាននាំមកនូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដូចអ្វីដែលគេរំពឹងទុកនៅឡើយទេ”។

ម៉្យាងវិញទៀត តំបន់ជុំវិញខ្សែរថភ្លើងនៅតែបន្តខ្វះខាតទីតាំងចតរថយន្ត និងសេវាកម្មចាំបាច់សំខាន់ៗ។ ការណ៍នេះបានកាត់បន្ថយភាពទាក់ទាញនៃគម្រោងអាផាតមុិនស្ថិតនៅតាមបណ្តោយខ្សែរថភ្លើងក្រោមដី។
ទោះជាយ៉ាងណា លោក Tuan រំពឹងថា តម្រូវការជួលអាផាតមុិននៅតាមបណ្តោយផ្លូវរថភ្លើងក្រោមដីនៅក្នុងទីក្រុងហូជីមិញនឹងងើបឡើងវិញក្នុងរយៈពេលវែង ដោយសារតែការផ្គត់ផ្គង់ថ្មីនៅក្នុងតំបន់ទាំងនេះនៅមានកម្រិត។
ស្រដៀងគ្នានេះ លោក Vo Hong Thang នាយកទទួលបន្ទុកផ្នែកវិនិយោគនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានអះអាងថា “ខ្សែរថភ្លើងក្រោមដីទើបតែចាប់ផ្តើមបើកដំណើរការនាពេលថ្មីៗនេះ។ហេតុនេះ វាត្រូវការពេលវេលាបន្ថែមទៀតដើម្បីជះឥទ្ធិពលទៅដល់ទីផ្សារជួល”៕ប្រភព: Vnexpress៕
