បណ្តាអ្នកវិនិយោគកូរ៉េខាងត្បូងងាកទៅបណ្តាក់ទុនលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគកូរ៉េខាងត្បូងជាច្រើនកំពុងស្វែងរកឱកាសវិនិយោគលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ស្របពេលមានការកើនឡើងនៃតម្លៃផ្ទះសម្រាប់ការជួល និងការលក់នៅទីនោះ។

ជាក់ស្ដែង សមាគមអត្ថប្រយោជន៍មន្ត្រីសាធារណៈ(Public Officials Benefit Association) ដែលមានតួនាទីគ្រប់គ្រងមូលនិធិសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានរបស់កូរ៉េខាងត្បូង បានបណ្តាក់ទុនរួមគ្នាជាមួយប្រព័ន្ធចូលនិវត្តន៍របស់គ្រូបង្រៀនក្នុងរដ្ឋកាលីហ្វ័រញ៉ា(Teachers’ Retirement System)។

ស្ថាប័នទាំង២នេះបានបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ចំនួន២៤០ពាន់លានវ៉ុន(ប្រហែល១៦៦,៤លានដុល្លារអាមេរិក)ដើម្បីស្វែងរកប្រាក់ចំណេញ តាមរយៈការវិនិយោគលើប្រភេទលំនៅដ្ឋានពហុគ្រួសារនៅទីក្រុង Silicon Valley ទីក្រុង Los Angeles ទីក្រុង Boston និងទីក្រុង Miami របស់សហរដ្ឋអាមេរិក។

លំនៅដ្ឋានពហុគ្រួសារ ឬ “Multifamily housing”សំដៅលើអគារលំនៅដ្ឋានដែលបើកដំណើរការសម្រាប់ការជួល ជាជាងសម្រាប់ការលក់។

ការវិនិយោគលើលំនៅដ្ឋានប្រភេទនេះត្រូវគេបានចាត់ទុកថា មានកម្រិតហានិភ័យទាបក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច បើប្រៀបធៀបទៅនឹងការវិនិយោគអចលនទ្រព្យបែបពាណិជ្ជកម្ម ដែលមានកម្រិតហានិភ័យខ្ពស់។

ក្រុមហ៊ុនសាជីវកម្មវិនិយោគកូរ៉េ Korea Investment Corporation (KIC) ដែលមានតួនាទីគ្រប់គ្រងមូលនិធិសាធារណៈរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បាននិងកំពុងបោះទុនវិនិយោគនៅក្នុងទីផ្សារលំនៅដ្ឋានអាមេរិកផងដែរ។

យោងតាមមន្ត្រីមួយរូបរបស់ក្រុមហ៊ុន KIC បានមានប្រសាសន៍ឱ្យដឹងថា “ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩មក យើងសង្កេតឃើញមានភាពខុសគ្នានៃទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោកកាន់តែច្បាស់។ យើងមើលឃើញថា ការវិនិយោគលំនៅដ្ឋានពហុគ្រួសារមានសក្ដានុពលរឹងមាំក្នុងរយៈពេលមធ្យមដល់រយៈពេលវែង”។

ជាមួយគ្នានេះ វិស័យឯកជនក៏កំពុងបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន Hospitality Management Group បានទិញអគារលំនៅដ្ឋានមួយនៅទីក្រុង Miami ក្នុងតម្លៃ១៩០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានឈ្មោះថា “Consus Asset Management”៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here