សម្តេចធិបតីៈសេដ្ឋកិច្ចកម្ពុជារយៈពេលខ្លី និងមធ្យមមានលទ្ឋភាពសម្រេចបានកំណើន៦,៥ភាគរយ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិ​និយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាព បន្តសម្រេចបានក្នុងរង្វង់៦,៥% មធ្យមប្រចាំឆ្នាំ។ យ៉ាងណាម៉ិញ។

សម្តេចបញ្ជាក់ថា “កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ”។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី “យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រា​ប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ”។ សន្និសីទនេះ រៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដា​ល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)​។

សម្តេចធិបតីបានបន្តថា “ការវាយតម្លៃនេះ ក៏មានសង្គតិភាព ទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថានCDRI ដែលនឹងត្រូវផ្សព្វ​ផ្សាយក្នុងសន្និសីទនាថ្ងៃនេះ ដោយបានលើកឡើងថា កម្ពុជាអាចសម្រេចបាន ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រ​មាណ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមានការរៀបចំ គោលនយោបាយជាក់លាក់ ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្ត ប្រកបដោយប្រសិទ្ធភាព”។

សម្តេចបបន្ថែមថា “ទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹ​មថានឹងទទួលបានចេញពី លទ្ធផលនៃសន្និ​សីទថ្ងៃនេះផងដែរ”។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗ ចំនួន២ដែលបង្កើតជាចំណុចរបត់ថ្មី នៃការគិតគូររៀបចំ គោលនយោបាយ ដែលរួមមាន ទី១៖ បើទោះសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាក​ស្នាម និងបន្ទច់បង្អាក់ដល់ល្បឿន អភិវឌ្ឍន៍របស់កម្ពុជាជារួម, និងទី២ កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុង អន្តរកាលនៃពហុវិបត្តិក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង វិបត្តិមួយទៀតក៏បានកើតឡើង សង្គ្រាមមួយមិនទាន់បិទបញ្ច​ប់ផង សង្រ្គាមមួយទៀតក៏បានកើតឡើង។

ក្នុងនោះ ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានកាន់តែច្រើនឡើងៗ រួមមាន (១). ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាម ពាណិជ្ជកម្ម (២). ភាពតានតឹង នៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទច់បង្អាក់ដល់ ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ (៣). ការបែកខ្ញែក ភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង(៤). ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។

សម្តេចបន្តថា អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាក ទាំងវិជ្ជមាន និងអវិជ្ជ​មានទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here