សក្តានុពលសេដ្ឋកិច្ចទាំងនេះ ជម្រុញឲ្យខេត្តកោះកុងចាប់ផ្តើមពេញក្រមុំហើយនៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

    កោះកុងៈ ឱខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ បាននិងកំពុងក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។

    ជាមួយនឹងសក្តានុពលលើវិស័យជាច្រើន រួមមាន ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ធនធានធម្មជាតិ នេសាទ វារីវប្បកម្ម ខេត្តនេះបាននិងកំពុងលេចត្រដែតឡើង ជាខេត្តមានសក្តានុពល និងទាក់ទាញអ្នកធុរកិច្ចក្នុងស្រុក និងអ្នកធុរកិច្ចមកពីបណ្តាប្រទេសនានា។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវអាកាស

    ជាលើកទី១ ដែលខេត្តមួយនេះ មានព្រលានយន្តហោះអន្តរជាតិ ដែលបោទុនវិនិយោគដោយក្រុមហ៊ុនUDG Development ដោយបានចំណាយទុនប្រមាណ២០០លានដុល្លារ សាងសង់ព្រលានយន្តហោះតារាសាគរ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមបាន។

    កាលពីពេលថ្មីៗនេះ ព្រលានយន្តហោះនេះ បានទទួលការចុះចតយន្តហោះបែបCharter Flightក្នុងស្រុកជាលើក ដំបូងពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Angkor Airជាមួយការស្វាគមន៍ដ៏គួរឲ្យរំភើបមួយពីសំណាក់អភិបាលខេត្ត លោកជំទាវមិថុនា ភូថង លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

ការបញ្ចប់ការកែលម្អរ និងលើកកំពស់ផ្លូវជាតិលេខ៤៨

    ផ្លូវជាតិលេខ៤៨ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីសម្រួលការធ្វើចរាចរណ៍ របស់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ហើយ​ប្រសិនជាគ្មានការប្រែប្រួលទេនោះ ផ្លូវជាតិដ៏សំខាន់នេះ នឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២៥នេះ។

    ការចាប់ផ្តើមនូវផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាផ្លូវល្បឿនលឿនទី១នៅកម្ពុជា បានជួយសម្រួលលំហូរចរាចរណ៍ និងរយៈពេលនៃការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកោះកុងកាន់តែ ចំណា​យរយៈពេលខ្លីជាងមុន។

ផ្លូវតភ្ជាបតំបន់ភូមិភាគពាយ័ព្យមកកាន់តំបន់ឆ្នេរជាលើកដំបូង

    ផ្លូវជាតិលេខ១០ ជាផ្លូវប្រវត្តិសាស្រ្ត ដែលអ្នភូមិភាគពាយ័ព្យអាចធ្វើដំណើរទៅលេងទឹកសមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ ផ្លូវដែលស្ថាបនា និងសាងសង់ឡើងកាន់ជ្រលងភ្នំ ជ្រោះជ្រងជ្រលងដងអូរនេះ មិនត្រឹមតែលើកកំពស់ការធ្វើសមាហរកម្ម ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុងកម្ពុជា ជាមួយប្រទេសក្នុងតំបន់ តាមរយៈការដឹកជញ្ជូនកសិផល ពីខេត្តភូមិភាគពាយ័ព្យដ៏សម្បូរភោគទ្រព្យផ្នែកកសិកម្ម មកកាន់កំពង់ផែនៅតំបន់តារាសាគរ ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសទី៣ផងដែរ។

    លើសពីនេះ ផ្លូវជាតិលេខ១០ ក៏នឹងជួយទាក់ទាញភ្ញៀវទេសច​រណ៍ជាតិ អន្តរជាតិមកមើលទេសភាព ងូតទឹកជ្រោះ និងគយគន់ធម្មជាតិដ៏ស្រស់ត្រកាលនៅតាមដងផ្លូវនេះផងដែរ។

ការសាងសង់ផ្លូវជិះកង់តភ្ជាប់តំបន់K4

    រាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងគូសវាសពីការសាងសង់ផ្លូវជិះកង់ តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបួនរបស់កម្ពុជា រួមមាន ខេត្តព្រះសីហនុ(កំពង់សោម) កំពត កែប និងខេត្តកោះកុង ដែលគំរោងនេះអាចនឹងលេចរូបរាងនៅក្នុងអាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

    តំបន់K4 ត្រូវបានប្រសិទ្ឋនាមដោយប្រតិបត្តិករ ក្នុងវិស័យទេ​ស​ចរណ៍ ដោយហៅខេត្តជាប់តំបន់ឆ្នេរជាតំបន់K4 ព្រោះខេត្តទាំងនោះផ្តើមដោយអក្សរK ដូចជា ខេត្តកោះកុង កែប កំពត និងខេត្តកំពង់សោម(បច្ចុប្បន្នខេត្តព្រះសីហនុ)។

ការរីកចម្រើនវិស័យទេសចរណ៍

    ជាមួយនឹងសម្បត្តិធនធានធម្មជាតិដ៏សម្បូរបែប និងមិនអាចកាត់ថ្លៃបាន ខេត្តនេះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដូចជា ព្រែក ដងអូរ ទឹកធ្លាក់ ទឹកជ្រោះ ជ្រលងភ្នំ និងរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងទៀតដូចជា ត្រពាំងរូង ជីផាត តាតៃ អណ្តូងទឹក កោះស្តេច កោះកុងក្រៅ ឃុនឆាង ឃុនផែន និងតំបន់អារ៉ែងជាដើម។

    លើសពីធនធានធម្មជាតិ ដែលមានស្រាប់ ខេត្តកោះកុងក៏ទាក់ទាញបាននូវអ្នកវិនិយោគក្នុងស្រុក សាងសង់រមណីយដ្ឋានបែបកែច្នៃជាច្រើនផងដែរ ដែលតំបន់រមណីយដ្ឋានទាំងនោះ មាននៅក្នុងក្រុងខេមរៈភូមិន្ទ តំបន់តារាសាគរ តំបន់កោះស្តេច តំបន់ឆ្នេរនេសាទ ក្នុងស្រុកស្រែអំបិលជាដើម។

ការរីកចម្រើនវិស័យឧស្សាហកម្ម

    ដោយសារ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ងាយតភ្ជាប់ជាមួយកំពង់ផែ ខេត្តព្រះសីហនុ កំពង់ផែនៅតំបន់តារាសាគរ និងហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ខេត្តកោះកុង បានទាក់ទាញអ្នកវិនិយោគធំៗ បោះទុនបង្កើត តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនផងដែរ។

    តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ ស្ថិតនៅតំបន់ព្រំប្រទល់ ព្រំដែនចាំយាម ខេត្តកោះកុង ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ និងតំបន់សេដ្ឋកិច្ចពិសេស ដែលវិនិយោគដោយអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here