ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចធំៗបានជួបជុំគ្នា នៅលើវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់(Panel Discussion) ក្រោមប្រធានបទ “ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ” (Driving Prosperity Through Trade and Investment)។
ប្រធានបទនេះ ជារបៀបវារៈមួយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម(Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដោយបានប្រព្រឹត្ត ទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
-->
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមក្នុងវេទិកាពិភាក្សា
អញ្ជើញជាវាគ្មិនកិត្តិយស ចូលរួមពិភាក្សាក្នុងវេទិកានេះដែរ រួមមាន៖ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោកស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោកចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

វេទិកាពិភាក្សានេះ ប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលពី ឧកញ៉ាតាន់ ឃីម៉េង (Tan Khee Meng) ប្រធានសភាធុរកិច្ចម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធនឹងបែបផែន ដែលសមាគមអាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់ បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជាដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ាន កាន់តែមានភាពលេចធ្លោ នៅលើឆាកនៃវិស័យសេដ្ឋកិច្ចរបស់សកលលោក។
ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។
បន្ថែមពីនោះ លោកស៊ុន ចាន់ថុល បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រា គម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះ ជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈវេទិកានៃការពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថាធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀត អំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញ នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ៕
