ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត The Business Times បានចុះផ្សាយឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះ បណ្តានិយោជកនៅក្នុងប្រទេសសិង្ហបុរីនឹងអាចជួលពលករបរទេសមកពីបណ្តាប្រទេសចំនួន៣បន្ថែមទៀត រួមមានទាំងកម្ពុជា។
ទាក់ទងនឹងរឿងនេះ លោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសសិង្ហបុរីបានថ្លែងថា “ការណ៍នេះនឹងអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនសិង្ហបុរីនានាអាចកសាងកម្លាំងពលកម្ម ដែលមានជំនាញ និងភាពធន់កាន់តែល្អប្រសើរជាងមុន”។
ជនបរទេស ដែលកាន់លិខិតអនុញ្ញាតការងារ អាចធ្វើការក្នុងវិស័យសំណង់ ទីតាំងផលិតកប៉ាល់សមុទ្រ និងឧស្សាហកម្មកែច្នៃនៅសិង្ហបុរី ព្រមទាំងវិស័យផលិតកម្ម និងសេវាកម្មមួយចំនួន ដែលត្រូវបានគូសបញ្ជាក់នៅក្នុងបញ្ជីមុខរបរមិនមែនប្រពៃណី ឬ Non-Traditional Sources(NTS)។
-->
នាពេលបច្ចុប្បន្ន ជនបរទេស ដែលជាប់នៅក្នុងបញ្ជីមុខរបរ NTS របស់ប្រទេសសិង្ហបុរី រួមមានដូចជា ជនជាតិបង់ក្លាដែស ជនជាតិឥណ្ឌា ជនជាតិមីយ៉ាន់ម៉ា ជនជាតិហ្វីលីពីន ជនជាតិស្រីលង្កា និងជនជាតិថៃ។
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខតទៅ ជនជាតិប៊ូតាន(Bhutan) ពលរដ្ឋកម្ពុជា និងជនជាតិឡាវក៏នឹងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីមុខរបរ NTS របស់សិង្ហបុរីផងដែរ។
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ តួនាទីការងារចំនួន៣ នឹងត្រូវបានដាក់បញ្ចូលបន្ថែមទៀតទៅក្នុងបញ្ជីមុខរបរ NTS របស់សិង្ហបុរី រួមមានដូចជា អ្នកបើកបររថយន្តធុនធ្ងន់ ប្រតិបត្តិករផលិតកម្ម និងចុងភៅ។
លើសពីនេះ ជនបរទេស ដែលកាន់លិខិតអនុញ្ញាតការងារនឹងអាចស្នាក់នៅក្នុងប្រទេសសិង្ហបុរីនៅក្នុងរយៈពេលវែង ខណៈសិង្ហបុរីគ្រោងនឹងលុបចោលវិធានការកំណត់រយៈពេលស្នាក់នៅចន្លោះពី១៤ឆ្នាំទៅ២៦ឆ្នាំ ដោយផ្អែកលើកម្រិតជំនាញ វិស័យ និងប្រទេសដើមកំណើត ចាប់ពីខែកក្កដា ឆ្នាំនេះ។
ម៉្យាងវិញទៀត ការកំណត់កម្រិតអាយុអតិបរមារបស់ពលករបរទេសទាំងនេះនឹងត្រូវបានដំឡើងពីអាយុ៦០ឆ្នាំដល់៦៣ឆ្នាំ ដែលស្មើនឹងអាយុចូលនិវត្តន៍នៅក្នុងប្រទេសសិង្ហបុរី។
ទន្ទឹមនឹងនោះ ការកំណត់កម្រិតអាយុអតិបរមាសម្រាប់អ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតការងារថ្មីនឹងត្រូវបានដំឡើងដល់អាយុ៦១ឆ្នាំ៕ប្រភព: The Business Times៕
