សង្គ្រាមនៃការដេញថ្លៃកំពុងជំរុញឱ្យតម្លៃជួលអាផាតមុិននៅក្នុងទីក្រុងញូវយ៉កកើនឡើងខ្ពស់បំផុត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីខែកុម្ភៈ ស្របពេលមានការប្រកួតប្រជែងដ៏ក្តៅគគុក រួមទាំងសង្រ្គាមនៃការដេញថ្លៃ។

តម្លៃជួលអាផាតមុិនជាមធ្យមបានកើនឡើង៦,៤ភាគរយនៅក្នុងខែកុម្ភៈធៀបនឹងឆ្នាំមុនដល់៤.៥០០ដុល្លារអាមេរិកក្នុងមួយខែ។នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel Inc ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

ទំហំទឹកប្រាក់ខាងលើនេះមានការកើនឡើងចំនួន១០០ដុល្លារ បើធៀបនឹងតម្លៃជួលអាផាតមុិនជាមធ្យមចំនួន៤.៤០០ដុល្លារអាមេរិកក្នុងមួយខែកាលពីអំឡុងរដូវក្តៅ ឆ្នាំ២០២៣ ដែលជាកម្រិតកំណត់ត្រាដ៏ខ្ពស់បំផុតនាពេលនោះ។

ប្រសិនបើគិតអំពីមូលដ្ឋានប្រចាំឆ្នាំ ការចុះកិច្ចសន្យាជួលអាផាតមុិននៅសង្កាត់ Manhattan បានកើនឡើងរយៈពេល១១ខែជាប់ៗគ្នាគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលអត្រាអាផាតមុិនទំនេរនៅសង្កាត់ដ៏ល្បីល្បាញមួយនេះបានធ្លាក់ចុះជាលើកទី៤។

សង្គ្រាមនៃការដេញថ្លៃបានពុះកញ្ជ្រោលនៅក្នុងទីផ្សារអាផាតមុិន ដែលមានការប្រកួតប្រជែងខ្ពស់ ខណៈទីភ្នាក់ងារអចលនទ្រព្យនានាបានជំរុញឱ្យអ្នកជួលបង់ប្រាក់ខ្ពស់ជាងតម្លៃចរចា(Asking Price)។

យោងតាមទិន្នន័យ ដែលត្រូវបានដកស្រង់ចុះផ្សាយដោយកាសែត Bloomberg បានបង្ហាញថា ចំណែកជិត២៧ភាគរយនៃចំនួនកិច្ចសន្យាជួលសរុបកាលពីខែកុម្ភៈត្រូវបានចុះហត្ថលេខា បន្ទាប់ពីឆ្លងកាត់នូវការដេញថ្លៃយ៉ាងស្វិតស្វាញ។

លោក Jonathan Miller ប្រធានក្រុមហ៊ុន Miller Samuel បានអះអាងថា “នេះជាពេលវេលាដ៏លំបាកបំផុតមួយសម្រាប់អ្នកស្វែងរកជួលអាផាតមុិន ដោយសារការប្រកួតប្រជែងដេញថ្លៃ ខណៈនិន្នាការនេះនឹងបន្តអូសបន្លាយតទៅមុខ”៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here