ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ានកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសចិន ដែលនាំឱ្យមានភាពមិនច្បាស់លាស់ចំពោះការប្តេជ្ញាផ្តល់មូលនិធិរបស់រដ្ឋាភិបាលចិនដល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធធំៗស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)។
ទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើ វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ តួយ៉ាង ចំនួនភ្ញៀវទេសចរណ៍ចិនហូរចូលទៅកាន់ប្រទេសថៃបានធ្លាក់ចុះពី១២លាននាក់មុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ មកនៅត្រឹមតែ៧លាននាក់ទៅ៨លាននាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
វិស័យទេសចរណ៍ធ្លាប់បានចូលរួមចំណែកប្រមាណ១២ភាគរយដល់ទំហំផលទុនជាតិសរុប (GDP)របស់ប្រទេសថៃកាលពីឆ្នាំ២០២៣។
-->
ការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរណ៍ចិនបានជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាស្នាក់នៅសណ្ឋាគារ តម្រូវការលក់រាយ និងតម្លៃអចលនទ្រព្យនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសថៃ។
គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់រដ្ឋាភិបាលចិន ដែលធ្លាប់ជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងតំបន់អាស៊ាន បានប្រឈមមុខនឹងការត្រួតពិនិត្យថ្មី ស្របពេលដែលការព្រួយបារម្ភអំពីនិរន្តរភាពបំណុលមានការកើនឡើង។
តួយ៉ាង ស្ថានភាពរបស់ប្រទេសឡាវ អាចត្រូវបានគេចាត់ទុកថា ជាឧទាហរណ៍មួយ ដែលគួរពិចារណាដោយប្រុងប្រយ័ត្ន ខណៈប្រាក់កម្ចីមកពីប្រទេសចិនបានគ្របដណ្តប់ចំណែកជិត៥០ភាគរយនៃទំហំបំណុលបរទេសសរុបប្រមាណ១០,៥ពាន់លានដុល្លាររបស់ប្រទេសឡាវ។

ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ាន កំពុងសម្របខ្លួនទៅនឹងបរិបទថ្មីទាំងនេះ ខណៈបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនបានព្យាយាមធ្វើពិពិធកម្មប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសហូរចូលទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
ជាក់ស្តែង ប្រទេសវៀតណាមបានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងឈានទៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយទីក្រុងវ៉ាសុីនតោន។នេះជាយុទ្ធសាស្ត្រមួយរបស់ទីក្រុងហាណូយ ក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើលំហូរដើមទុនវិនិយោគពីប្រទេសចិន។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេលេខ១ក្នុងតំបន់អាស៊ានបានប្រឈមមុខជាមួយនឹងបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ ដោយសារការកាត់បន្ថយការនាំចូលទំនិញទៅកាន់ប្រទេសចិនបានជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចឥណ្ឌូនេសុី ខណៈការកើនឡើងនៃការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មបានបង្កការរាំងស្ទះដល់លំហូរទុនវិនិយោគ។
ឆ្លើយតបនឹងបញ្ហានេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេសុី និងអ្នកវិនិយោគកំពុងព្យាយាមស្វែងរកប្រភពមូលនិធិថ្មីជំនួស និងឆក់យកឱកាសទីផ្សារយ៉ាងសកម្ម។
ចំណែក វិស័យអចលនទ្រព្យរបស់ម៉ាឡេស៊ី រក្សាបាននូវលំនឹងយ៉ាងល្អប្រសើរ ព្រោះម៉ាឡេស៊ីបានធ្វើការបត់បែនយុទ្ធសាស្ត្ររបស់ខ្លួនឱ្យទាន់សភាពការណ៍ពិភពលោក។
ស្របពេលជាមួយគ្នានោះ ប្រទេសម៉ាឡេសុីបានរក្សានូវលក្ខខណ្ឌនៃការវិនិយោគដ៏ទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគអន្តរជាតិមកពីជុំវិញពិភពលោក៕ប្រភព: Evrimagaci.org៕
