រដ្ឋាភិបាលថៃគ្រោងបង្កើតគណៈកម្មការមួយដើម្បីពន្លឿនគម្រោងយក្ស Land Bridge តម្លៃ២៩ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងខ្នាតយក្ស Land Bridge ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងកំពង់ផែតម្លៃ២៩ពាន់លានដុល្លារនេះនឹងអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញនានាអាចបញ្ចៀសការធ្វើដំណើរតាមច្រកសមុទ្រម៉ាឡាការវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

ដើម្បីជំរុញឱ្យគម្រោងនេះអាចបោះជំហានទៅមុខ រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន សុីណាវ៉ាត់ បានរៀបចំសេចក្តីព្រាងច្បាប់ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ក្នុងគោលដៅត្រួសត្រាយផ្លូវសម្រាប់ការសាងសង់គម្រោង។

តាមរយៈសេចក្តីព្រាងច្បាប់នេះ គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងពន្លឿនការអភិវឌ្ឍន៍តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង(SEC)នៅក្នុងខេត្ត Chumphon ខេត្ត Ranong ខេត្ត Suratthani និងខេត្ត Nakhon Si Thammarat ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនថៃ ដែលដកស្រង់ដោយកាសែត Bloomberg ។

រដ្ឋាភិបាលថៃគ្រោងសាងសង់ផ្លូវដែកចម្ងាយ១០០គីឡូម៉ែត្រ ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាសុីហ្វិក ដោយ មិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។

គម្រោង Land Bridge គ្រោងបញ្ចប់ការសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈអ្នកវិនិយោគបរទេសនឹងអាចកាន់កាប់ចំណែកភាគហ៊ុនជាង៥០ភាគរយនៃការបណ្តាក់ទុនរួមគ្នាជាមួយបណ្តាក្រុមហ៊ុនថៃក្នុងស្រុកដើម្បីសាងសង់ផ្លូវដែក។

គម្រោង Land Bridge ជាការសាងសង់ផ្លូវដែក និងផ្លូវហាយវេដើម្បីតភ្ជាប់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon នៃឈូងសមុទ្រថៃ ដែលជាផ្នែកមួយរបស់មហាសមុទ្រប៉ាសុីហ្វិក ជាមួយកំពង់ផែនៅខេត្ត Ranong នៃសមុទ្រ Andaman ដែលជាផ្នែកមួយរបស់មហាសមុទ្រឥណ្ឌា៕ប្រភព: TradeWinds៕

LEAVE A REPLY

Please enter your comment!
Please enter your name here