ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរី (JS-SEZ)បានហក់ឡើងថ្លៃ ដែលអាចនាំឱ្យតម្លៃលំនៅដ្ឋានមានការកើនឡើងផងដែរ។នេះបើយោងតាមធនាគារ Standard Chartered។
តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងរដ្ឋ Johor នេះកំពុងទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនម៉ាឡេស៊ី និងសិង្ហបុរី ដែលនាំឱ្យមានលំហូរជនបរទេស និងពលករឆ្លងដែន។ ការណ៍នេះនឹងបង្កើនតម្រូវការលំនៅដ្ឋាន ជាពិសេសនៅជិតតំបន់សេដ្ឋកិច្ចពិសេស។
ម្យ៉ាងទៀត ដោយសារតំបន់នេះមានទីតាំងនៅជិតប្រទេសសិង្ហបុរី នោះពលរដ្ឋសិង្ហបុរីនឹងមានការចាប់អារម្មណ៍ក្នុងការស្វែងរកទិញលំនៅដ្ឋាននៅប្រទេសម៉ាឡេសុី ដែលមានតម្លៃសមរម្យជាងបើធៀបនឹងតម្លៃលំនៅដ្ឋាននៅសិង្ហបុរី។
-->
តម្លៃដីធ្លីស្ថិតនៅជិតគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីស្ថានីយ Bukit Chagar ក្នុងទីក្រុង Johor Bahru ទៅកាន់ស្ថានីយ Woodlands North របស់សិង្ហបុរី ធ្លាប់មានតម្លៃត្រឹមតែ៦០០រីងហ្គីតទៅ៩០០រីងហ្គីត ក្នុងហ្វីតម៉ែត្រការ៉េ(ប្រហែល១.៤៣៦ដុល្លារទៅ២.១៥៤ដុល្លារក្នុងមួយម៉ែត្រការ៉េ)។

ប៉ុន្តែ នាពេលថ្មីៗនេះ តម្លៃដីធ្លីស្ថិតនៅជិតគម្រោងខាងលើបានហក់ឡើងដល់ចន្លោះពី១.២០០រីងហ្គីតទៅ២.០០០រីងហ្គីត ក្នុងមួយហ្វីតការ៉េ(ប្រហែល២.៨៧៣ដុល្លារទៅ៤.៧៨៨ដុល្លារក្នុងមួយម៉ែត្រការ៉េ)។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានព្យាករណ៍ថា វិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនឹងរក្សាភាពធន់នៅឆ្នាំនេះ បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលយ៉ាងណាក្តី។សុទិដ្ឋិនិយមនេះត្រូវបានជំរុញដោយផ្នែកឧស្សាហកម្ម និងលំនៅដ្ឋាន។
ការប្រកាសគោលនយោបាយពន្ធគយសងសឹកគ្នាទៅវិញទៅមករបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់ដែលអាចកើតមានចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលបានជះផលប៉ះពាល់ដល់ទំនុកចិត្តទីផ្សារ។ ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យរបស់ម៉ាឡេសុីពឹងផ្អែកខ្លាំងលើតម្រូវការរបស់អ្នកទិញក្នុងស្រុក។
ស្ថាប័នស្រាវជ្រាវ RHB Research បានគូសបញ្ជាក់ថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនបានប្រកាសដាក់ចេញនូវគម្រោងលំនៅដ្ឋាន និងចុះកិច្ចព្រមព្រៀងទាក់ទងនឹងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥៕ប្រភព: The Star & Standard Chatered៕
