ដោយៈ គង់ សូរិយា
ព្រះសីហនុៈ គម្រោងវិនិយោគសរុប២៨៧ ដែលមានទុនវិនិយោគប្រមាណជិត៧ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តជាគោលការណ៍ នៅក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។
នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា។
-->
យោងតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយនាថ្ងៃទី១៧ ខែមេសា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១៥ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ជាលទ្ធផលកិច្ចប្រជុំបានសម្រេច ជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន១៨ ក្នុងនោះពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៥គម្រោង និងគម្រោងថ្មីចំនួន១៣ គម្រោង ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប២០៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ២៩១៦កន្លែង។

គម្រោងទាំងនោះជាអាទិ៍មាន រោងចក្រស្លនិងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួម សណ្ឋាគារ និងស្ថានីយទូរទស្សន៍ ជាដើម។
ឯកសារបានបញ្ជាក់ថា ជារួមគិតត្រឹមខែមេសា(ពាក់កណ្តាលខែមេសា) ឆ្នាំ២០២៥ នេះ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន៦៨៧៥លានដុល្លារ។
ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល កាលពីដើមឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ តាមរយៈការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។

តាមរយៈវិធានការដែលដាក់ឱ្យអនុវត្តន៍ នៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច៤ប្រភេទ រួមមាន ទី១. គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ទី២. គម្រោងវិនិយោគដែលអាច ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤។ ទី៣. ការពង្រីកគម្រោងដែលមានស្រាប់ និងទី៤. គម្រោងវិនិយោគ/ ធុរកិច្ចដែលមានស្រាប់ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗមួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធី បង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ការលើកទឹកចិត្តដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋលើការផលិត និង/ឬ ការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
វិស័យសំណង់ និងការវិនិយោគនានា ក្នុងខេត្តព្រះសីហនុមុនឆ្នាំ ២០១៩ ពិសេសនៅមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩ គឺបានបោះជំហានទៅមុខយ៉ាងលឿនមិនគួរឱ្យជឿ ដោយមានសំណង់អគារធំៗ ខ្ពស់ៗ និងអាជីវកម្មជាច្រើនបានបង្ហាញវត្តមាន នៅទីនោះជាបន្តបន្ទាប់។ ភាគច្រើននៃវិនិយោគិនដែលបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ គឺមកពីប្រទេសចិន។
ទោះយ៉ាងណាវិបត្តិសុខភាព និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ទៅដល់ការវិនិយោគនៅទីនោះរហូតមកដល់ពេលនេះ។
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញ និងលើកទឹកចិត្តសម្រាប់វិនិយោគិនក្នុងខេត្តព្រះសីហនុ គឺនឹងចូលរួមចំណែកយ៉ាងច្រើនដល់ការលើកមុខមាត់ ក៏ដូចជាទីផ្សារអចលនទ្រព្យ និងសំណង់ ព្រមទាំងអាជីវកម្មផ្សេងៗទៀត ក្នុងខេត្តព្រះសីហនុ ឱ្យងើបឡើងវិញកាន់តែលឿន៕
