ទីផ្សារលំនៅដ្ឋានរបស់ប្រទេសហ្វីលីពីនកំពុងបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Leechiu Property Consultants (LPC) Inc បានអះអាងថា ទីផ្សារលំនៅដ្ឋានរបស់ប្រទេសហ្វីលីពីនបានបង្ហាញពីសញ្ញានៃការងើបឡើងវិញសន្សឹមៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈតម្រូវការខុនដូនៅរដ្ឋធានីម៉ានីលបានហក់ឡើងខ្ពស់។

សញ្ញាវិជ្ជមាននេះត្រូវបានជំរុញគាំទ្រដោយសារការកាត់បន្ថយគោលនយោបាយអត្រាការប្រាក់ និងយុទ្ធសាស្ត្រប្រកបដោយភាពទាក់ទាញរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាការធ្វើផែនការទីផ្សារ និងការសម្រួលលក្ខខណ្ឌទូទាត់។

តម្រូវការខុនដូនៅទីក្រុងម៉ានីល (Metro Manila) បានហក់ឡើង១៤ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយការលក់ខុនដូមានសរុបចំនួន៦.៥០៨យូនីត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Leechiu Property Consultants។

កំណើននេះសម្រេចបាន ស្របពេលដែលធនាគារកណ្តាលហ្វីលីពីនបានកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា ដោយបានជួយបន្ធូរបន្ថយក្តីកង្វល់របស់អ្នកទិញ និងជំរុញឱ្យការទិញអចលនទ្រព្យកើនឡើង។

ការបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីបានដាំក្បាលចុះ៧៧ភាគរយ ដោយគេបានសង្កេតឃើញមានតែលំនៅដ្ឋានចំនួន១.៣៤៧យូនីតប៉ុណ្ណោះ ដែលបានបើកដំណើរការលក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងចំនួន៥.៩២៨យូនីតនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសហ្វីលីពីនកំពុងផ្តោតលើការលក់បង្ហើយលំនៅដ្ឋានដែលនៅសេសសល់ ជាពិសេសការលក់ខុនដូតម្លៃមធ្យម មុនពេលចាប់ផ្តើមបើកដំណើរការគម្រោងថ្មីៗ។

ប្រាក់កម្ចីមិនដំណើរការ (Non-performing Loan) នៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋានបានបន្តធ្លាក់ចុះមកនៅត្រឹម៦,៣ភាគរយនៅចុងឆ្នាំមុន បើធៀបនឹងកម្រិតខ្ពស់បំផុតចំនួន៩,៦ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ចំណែកឯ ការលក់លំនៅដ្ឋានប្រណីតនៅទីក្រុងម៉ានីលបានដាំក្បាលចុះ៣៩ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ។

ទោះជាយ៉ាងណា ផ្នែកលំនៅដ្ឋានប្រណីតនៅតែមានភាពទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគរយៈពេលវែង ខណៈអ្នកអភិវឌ្ឍន៍ជាច្រើនគ្រោងចាប់ផ្តើមបើកសម្ពោធគម្រោងលំនៅដ្ឋានប្រណីតថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងធ្វើឱ្យទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here