ដោយ៖ រ៉ាវី
ភ្នំពេញ៖ «ជីវិតជាការតស៊ូ» ជាប្រយោគខ្លីមួយ សំដៅអប់រំមនុស្សគ្រប់រូបត្រូវមានការតស៊ូអត់ ធ្មត់ក្នុងឆាកជីវិត ទោះជាជូបនឹងឧបសគ្គអ្វីក៏ដោយមិនត្រូវអស់សង្ឃឹមក្នុងជីវិតឡើយ គឺត្រូវតែតែមានសង្ឃឹមជានិច្ច ដើម្បីដឹកនាំនាវាជីវិតរបស់ខ្លួនឆ្ពោះទៅរកត្រើយនៃសុភមង្គល និងជ័យជំនះនៅថ្ងៃណាមួយមិនខាន។
តួយ៉ាងដូចជាលោក គុយ វ៉ាត កាលដើមឡើយ គ្រាន់តែជាបុគ្គលិកបំរើការងារតាមរោងចក្រដ៏សាមញ្ញម្នាក់តែប៉ុណ្ណោះ ប៉ុន្តែដោយសារលោកអាចក្តាប់ឱកាសហុចអោយបាននោះ លោកបានត្រូសត្រាយនឹងបញ្ហាប្រជាឈមជាច្រើន ហើយនៅបំផុត លោកបានប្រែក្លាយជីវិតទៅជាអគ្គនាយកក្រុមហ៊ុន ដ៏មានសក្តានុពលមួយ ដែលអាចផ្តល់ការងារដល់យុវជនពលរដ្ឋខ្មែរ ចំនូនជាង៥០០នាក់ឯណោះ។
លោក គុយ វ៉ាត កើតនៅក្នុងត្រកូលអ្នកមានមធ្យមួយ ដែលមានឪពុកម្តាយជាអ្នករកស៊ីជួញដូរបន្តិចបន្តិចនៅក្នុងភូមិត្រពាំងព្រៃ ឃុំត្រពាំងព្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្រោយពីបញ្ចប់របបកម្ពុជាប្រជាធិបតេយ្យ គ្រួសាររបស់លោកបានចាកចេញចោលស្រុកកំណើត មករស់នៅទីក្រុងភ្នំពេញ ជាទីដែលគ្រួសារឪពុកម្តាយរបស់លោកបន្តការងារជាអ្នកលក់ដូរ ហើយនៅពេលអាយុបាន៧ឆ្នាំ លោកត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅចូលរៀន នៅសាលាបឋមសិក្សាសន្ធរមុខក្នុងទីក្រុងភ្នំពេញ រហូតដល់ប្រលងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ១៩៩១។
ដោយសារស្រលាញ់ការងារជាអ្នកដឹកនាំ ព្រមគ្នាជាមួយនឹងភាពមានឈាមជ័រជាអ្នកធ្វើជំនួញផងនោះ លោកបានសម្រេចចិត្តបន្តការសិក្សាផ្នែកគ្រប់គ្រង ជាមួយនឹងការចាប់ផ្តើមការងារក្នុងជីវិត ដោយចូលបំរើការងារ នៅក្នុងធនាគារមួយនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងឆ្លៀតពេលរៀនភាសាចិនក្រៅម៉ោងទំនេរថែមទៀត ប៉ុន្តែនៅពេលដែលការងារហាក់ពុំសូវកាក់កប ហើយវិស័យធនាគារនៅមិនទាន់មានការរីកចំរើននៅឡើយ លោកក៏បានសម្រេចចិត្តចាកចេញ ទៅបំរើការងារនៅក្នុងរោងចក្រកាត់ដេរមួយវិញ ក្នុងតួនាទីជាអ្នកប្រធានរដ្ឋបាល និងជាអ្នកបកប្រែភាសាចិននាអំឡុងឆ្នាំ១៩៩៩។
ស្ថិតនៅក្នុងគោលបំណង ដែលសន្សំចិត្តចង់ក្លាយជាអ្នកដឹកនាំ រួមជាមួយនិស្ស័យពីធម្មជាតិ ដែលចង់ក្លាយជាអ្នកជំនួញតាំងពីកំណើតផងនោះ បន្ទាប់ពីធ្វើការជាអ្នកបកប្រែភាសាចិន នៅក្នុងរោងចក្របានប្រមាណជា១០ឆ្នាំរួចមក នៅក្នុងអំឡុងឆ្នាំ ២០០៦ លោកបានប្រាក់ដែលបន្សល់ទុកពីការសន្សំទៅបណ្តាក់ទុនរួមគ្នាជាមួយមិត្តស្និទ្ធស្នាលនឹងគ្នាម្នាក់ ដើម្បីប្រឡូកវិស័យអចលនទ្រព្យ ដោយការជួលអាគារចំណាស់មួយ ហើយរៀបចំជាថ្មីដើម្បីជួលបន្តទៅអោយឈ្មួញធំៗ ក្នុងគោលដៅស្វែងរកប្រាក់ចំណេញ និងពង្រីកអាជីវកម្មការងាររបស់ខ្លួនអោយកាន់តែមានភាពប្រសើរឡើង។
នៅពេលទីផ្សារចលនទ្រព្យនៅតែមានសក្តានុពល លោកបានបង្កើជាសាខាក្រុមហ៊ុន អចលនទ្រព្យជាបន្តបន្ទាប់ផ្សេងៗគ្នារួមមាន ដូចជា Property Management, Property Appraisal, Property Service, Property Development និងបានទិញ Master Franchise ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមកកម្ពុជា គឺក្រុមហ៊ុន Century21 Cambodia ដែលក្រុមហ៊ុនតាំងអស់នេះ សុទ្ឋតែជាក្រុមហ៊ុន ផ្គត់ផ្គង់សេវាកម្មការិយាល័យ អាផាតមិន និងខុនដូរជាដើម ។ ឆ្លៀតពេលមិនទាន់មានវិបត្តិសេដ្ឋកិច្ចពិភពលោក ជាពិសេសក្រោយពីលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំអ្នកក្រុងភ្នំពេញម្នាក់ កាលពីឆ្នាំ២០០៦ នោះរួចមក លោកក៏បានពង្រីកអាជីវកម្មបង្កើតសាខាក្រុមហ៊ុន អចនទ្រព្យមួយដែលមានឈ្មោះថា Vtrust Group។
ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើង បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យ ផ្នែកសេវាជួលអាផាតមិន ជួលអាគារធំៗនោះមក លោកក៏បានបង្កើតហាងការហ្វេដែលមានឈ្មោះថា ផាកកាហ្វេ (Park Cafe’ Restaurants) ដែលបច្ចុប្បន្ននេះបានពង្រីកសាខារហូតដល់ចំនួនច្រើនជាង១០ទីតាំង ខណៈដែលមហិច្ឆិតារបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះ នឹងធ្វើការពង្រីកឱ្យបានចំនួន៣១សាខា នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងនានាផ្សេងទៀត ជាពិសេស ខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ខណៈដែលការងារជួញដូរអាជីវកម្ម កាន់តែមានភាពប្រសើរឡើង និងទទួលបានជោគជ័យជាលំដាប់នោះ លោកក៏បានបន្តអាជីវកម្មខ្លួនទៅបង្កើតក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះមាន ដូចជា Atech Company ( Atech IT Solutions) សេវាកម្មរៀបចំឯកសារតាមក្រុមហ៊ុន , Kamhwa Crushing Co., Ltd ក្រុមហ៊ុនកិនថ្មនៅក្នុងខេត្តកំពង់ស្ពឺ ,Chairman of Phnom Penh Securities PLC ក្រុមហ៊ុនផ្តល់សេវាកម្មផ្សារមូលប័ត្រ, Vtrust Appraisal Company ក្រុមហ៊ុនផ្នែកសំណង់ ,Impact Advertising Co សេវាកម្មផ្សាយពាណិជ្ជកម្ម , Cambodia Information Technology Association (CITA) ជាដើម។
ងាកមកចាប់អារម្មណ៍ទៅខាងដើមវិញបន្តិច ពាក់ព័ន្ធទៅទ្រព្យក៏ដូចជាមូលធនរបស់លោក គុយ វ៉ាត មានចម្ងល់មួយបានលើកឡើងថា «ការងារធ្វើការអោយគេ គឺបានគ្រាន់តែរស់ ចុះគ្រាន់តែធ្វើការនៅក្នុងរោងចក្រ ហេតុអ្វីអាចមានធនធានច្រើន បង្កើតក្រុមហ៊ុនបានច្រើនដូច្នេះ? » លោកគុយ វ៉ាតបានលើកឡើងថា “មិនមានការលំបាកប៉ុន្មាននោះទេ សំខាន់យើងត្រូចេះក្តាប់ឱកាស ចេះប្រមូលធនធានពីមិត្តភក្ត្រ័ និងអ្នករស់នៅជុំវិញដូចជាបងប្អូន និងឪពុកម្តាយជាដើម ដើម្បីគៀងគរធនធាននេះ បង្កើតទៅជាក្រុមហ៊ុនសហកម្មសិទ្ឋិមួយ(នេះជាសម្ដីរបស់លោក គុយ វ៉ាត) ។
ភ្ជាប់ជាមួយគ្នានេះ មានសំនួរមួយទៀតបានលើកឡើងថា «ការធ្វើជំនួញមានហ៊ុនច្រើន គឺងាយស្រួលម្យ៉ាង ហើយក៏លំបាកម្យ៉ាង។ ងាយស្រួលពិភាក្សាគ្នា ចែលរំលែកចំណេះដឹងដឹកនាំដល់គ្នា ងាយស្រួលប្រមូលទុនវិនិយោគក៏ពិតមែន តែក៏លំបាកបែងចែកប្រាក់ចំណេញដែលជារឿងរសើបផងដែរ។
តើក្រុមហ៊ុនរបស់លោកជូបបញ្ហាដូច្នេះដែរឬទេ? ពាក់ព័ន្ឋនឹងបញ្ហានេះលោកគុយ វ៉ាតបានបញ្ជាក់ថា យើងត្រូវចេះបង្កើតទំនុកចិត្តដល់គ្នាទៅវិញទៅមក ត្រូវមានភាពស្មោះត្រង់នឹងគ្នា មិនថាស្មោះត្រង់ជាមួយថ្នាក់ដឹកនាំដូចគ្នានោះទេ ទោះបុគ្គលិកក៏យើងត្រូវចេះស្មោះត្រង់ ត្រូវចេះផ្តល់ទំនុកចិត្តឲ្យដែរ លើសពីនេះ អង្គភាពមួយដែលអាចដំណើរការទៅបាន លុះត្រាក្រុមហ៊ុននោះមានបេសកម្មពិតប្រាកដ និងមានទសន្សវិស័យច្បាស់លាស់ ទើបក្រុមហ៊ុនអាចដំណើរបានរលូនទៅមុខ ជាក់ស្ដែងដូចជាដំណើរការរបស់ក្រុមហ៊ុន Vtrust ជាដើម៕