ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានលើកឡើងថា កម្ពុជាបានអភិវ ឌ្ឍន៍សេដ្ឋកិច្ចយ៉ាងល្អ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះនឹងប្រឈមមុខនឹងបញ្ហាច្រើន សម្រាប់រយៈពេល២០ឆ្នាំខាងមុខ។
លោក William A Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល២០ឆ្នាំខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវពឹងលើបច្ចេកវិទ្យាច្រើន ដើម្បីជួយជំរុញសេដ្ឋកិច្ចប្រទេសនេះ ហើយត្រូវការជំនួយពីសហរដ្ឋអាមេរិក ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាឲ្យដើរទាន់បណ្តាប្រទេសក្នុងតំបន់ ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម។
លោកបន្តថា “យើងជាអ្នកគាំទ្រដ៏ខ្លាំងមួយ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងបានជួយកម្ពុជាក្នុងការបង្កើតក្របខ័ណ្ឌការងារមួយ ដែលបានទាក់ទាញក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗនៅក្នុងពិភពលោក ដោយរួមទាំងក្រុមហ៊ុនអាមេរិករាប់សិបផងដែរ។
លោក William A Heidt បានបន្តថា “យើងរីករាយចំពោះជោគជ័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ហើយយើងបានផ្តល់ជូននូវធុរកិច្ចសំខាន់ៗសម្រាប់កម្ពុជា។លោកបន្តថា “កម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងល្អ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយចិនបានជួយកម្ពុជាលើការសាងសង់ផ្លូវហាយវេ តែកម្ពុជាត្រូវការវិស័យដទៃទៀតជាច្រើន។
នាយកមជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍលោកចាន់ សុផលបានថ្លែងថា ក្នុងផ្នែកសេដ្ឋកិច្ច សហរដ្ឋអាមេរិកជាទីផ្សារធំមួយសម្រាប់សម្លៀកបំពាក់ ស្បែកជើងប្រភពនៃការវិនិយោគទុន និងសហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងមួយឆ្នាំប្រមាណ៦០ ទៅ៧០លានដុល្លារផងដែរក្នុងមួយឆ្នាំ។ ក្រៅពីនេះសហរដ្ឋអាមេរិក ក៏បានជួយលើផ្នែកយោធា និងការប្រយុទ្ឋប្រឆាំងអំពើភេវរកម្ម និងវិស័យជាច្រើនទៀត។
លោកបន្តថា “សហរដ្ឋអាមេរិកក៏ជាអ្នកដឹកនាំធនាគារពិភពលោក និងជាដៃគូជិតស្និទ្ឋជាមួយប្រទេសផ្តល់ជំនួយធំៗដល់កម្ពុជាផងដែរ ដូច្នេះប្រសិនជាយើងឈ្លោះជាមួយសហរដ្ឋអាមេរិកមិនចំណេញទេ។លោកបន្តថា “ប្រសិនជាអាមេរិកដាក់សម្ពាធ ឬទ័ណ្ឌកម្មណាមួយដល់សេដ្ឋកិច្ច សេដ្ឋកិច្ចរបស់យើងនឹងប្រឈមមុខនឹងការលំបាកខ្លាំង”៕