ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានានៅក្នុងប្រទេសហ្វីលីពីនគ្រោងនឹងបន្តសាងសង់ខុនដូលំដាប់ខ្ពស់ ដែលមានតម្រូវការខ្ពស់ប្រកបដោយចីរភាព បើប្រៀបធៀបជាមួយនឹងផ្នែកខុនដូផ្សេងទៀត។
លោក Oliver L. Chan អនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Arthaland Corp. បានព្យាករណ៍ថា “ផ្នែកខុនដូលំដាប់ខ្ពស់នឹងបន្តរីកចម្រើនជាលំដាប់ គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៦ខាងមុខ”។
ជាមួយគ្នានេះ លោក Jose Mari H. Banzon ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Federal Land, Inc. បានអះអាងឱ្យដឹងថា “ផ្នែកខុនដូលំដាប់ខ្ពស់នៅតែមានភាពធន់ ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅក្នុងទីផ្សារលំនៅដ្ឋាន”។
លោក Banzon បានបន្តថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងបន្តបើកដំណើរការគម្រោងខុនដូលំដាប់ខ្ពស់នៅរដ្ឋធានីម៉ានីល ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា តំបន់ Makati និងតំបន់ Bonifacio Global City ។
យោងតាមក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Cushman & Wakefield បានព្យាករណ៍ថា តម្លៃខុនដូលំដាប់ខ្ពស់(high-end)នៅរដ្ឋធានីម៉ានីលនឹងបន្តកើនឡើង បើប្រៀបធៀបជាមួយនឹងផ្នែកខុនដូលំដាប់មធ្យម(mid-end) ដែលកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសតម្រូវការ។
លោក Chad Sotelo អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ RLC Residences បានបង្ហាញក្តីសង្ឃឹមថា “ស្ថានភាពទីផ្សារខុនដូលំដាប់ខ្ពស់នឹងបន្តមានសញ្ញាល្អប្រសើររហូតដល់ឆ្នាំ២០២៦ខាងមុខ ទោះជាអត្រាអតិផរណា និងអត្រាការប្រាក់នៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី”។
លើសពីនេះ ការអភិវឌ្ឍន៍គម្រោងខុនដូលំដាប់ខ្ពស់ ដោយផ្សារភ្ជាប់ជាមួយបរិស្ថាន ឬនិរន្តរភាព និងបច្ចេកវិទ្យាឆ្លាតវៃ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យគម្រោងទាំងនោះមានតម្រូវការខ្ពស់ក្នុងចំណោមអ្នកទិញ៕