ដោយៈ គង់ សូរិយា
សៀមរាបៈ អ្នកជំនាញមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន មកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាប ខណៈក្រុមហ៊ុនអាកាសចរណ៍ជាតិAir Cambodia នឹងបើកដំណើរការជើងហោះហើរត្រង់ រវាងខេត្តសៀមរាប និងទីក្រុង Shenzhen ប្រទេសចិន ចាប់ពីថ្ងៃទី១៨ ខែកក្កដានេះតទៅ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SCA) ពិធីសម្ពោធជាផ្លូវការ នៃជើងហោះហើរត្រង់ពីរវាងទីក្រុង Shenzhen និងអាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ក្រោមអធិបតីភាពរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាAir Cambodia។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក អន ហេង សុភ័ក្រ្ត បានមានប្រសាសន៍ថា ការភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងShenzhen ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងជួយលើកទឹកចិត្តឱ្យភ្ញៀវអន្តរជាតិ ពិសេសជនជាតិចិនធ្វើដំណើរមកទស្សនាប្រាសាទបុរាណ ក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកបន្តថា “មានជើងហោះហើរត្រង់កាន់តែច្រើន គឺចំនួនភ្ញៀវធ្វើដំណើរនឹងកើនឡើងដោយស្វ័យប្រវត្តិ”។ លោកបន្តថា “បច្ចុប្បន្នដោយសារមិនសូវមានជើងហោះហើរត្រង់ ពីប្រទេសចិនមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដូច្នេះភ្ញៀវបរទេសភាគច្រើន តែងតែឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលបន្តដំណើរទៅកាន់ខេត្តសៀមរាប”។
លោកបានបន្តថា “ការបើកឱ្យមានជើងហោះហើរត្រង់ ពីទីក្រុង Shenzhen មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺប្រាកដជានឹងជួយឱ្យកម្ពុជា អាចស្រូបទាញភ្ញៀវទេសចរចិន រួមទាំងភ្ញៀវបរទេសផ្សេងទៀត ឱ្យមកទស្សនាប្រាសាទបុរាណ និងតំបន់រមណីយដ្ឋាននៅកម្ពុជាបានកាន់តែច្រើន។
មលោក សុភ័ក្រ្តបានឲ្យដឹងថា ភ្ញៀវទេសចរជនជាតិចិន ដែលមកដើរកម្សាន្តនៅកម្ពុជាភាគច្រើន ពួកគេស្នាក់នៅចន្លោះពី៥ ទៅ ៨ថ្ងៃ។
លោកបានបញ្ជាក់ថា “ខ្ញុំនាមជាអ្នកនៅក្នុងវិស័យទេសចរណ៍ ខ្ញុំសូមគាំទ្រ និងរីករាយចំពោះការតភ្ជាប់ជើងហោះហើរ រវាងទីក្រុងសំខាន់ៗរបស់ប្រទេសចិន ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”។ លោកបន្ថែមថា “ខ្ញុំសង្ឃឹមថានឹងមានជើងហោះហើរកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យធ្វើដំណើរមកប្រទេសកម្ពុជាកាន់តែច្រើន”។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា នៅពេលបើកជើងហោះហើរ ទៅកាន់គោលដៅណាមួយ គឺក្រុមហ៊ុនអាកាសចរណ៍ តែងតែធ្វើការផ្សព្វផ្សាយអំពីគោលដៅនៃផ្លូវហោះហើរនោះ។ ការនេះនឹងជួយទាក់ទាញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជាកាន់តែច្រើន។ ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រាសាទបុរាណ ក្នុងខេត្តសៀមរាប ហាក់មិនមានកំណើននោះទេបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកលើកឡើងទៀតថា “បើនិយាយពីភ្ញៀវទេសចរចិនមកកម្ពុជា គឺពិតជាច្រើននៅមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩”។
លោក ខៀវ ធីបានពន្យល់ថា មូលហេតុដែលកម្ពុជាមិនអាចទាក់ទាញជនជាតិចិនឱ្យចូលកកម្សាន្តច្រើន គឺដោយសារភាគច្រើននៃភ្ញៀវទេសចរជនជាតិចិន គឺជាអ្នកចូលចិត្តភាពរីករាយ ឡូយឆាយ ហាងទំនើបៗ និងការចំណាយច្រើន ប៉ុន្តែទេសចរណ៍កម្ពុជា គឺមានលក្ខណៈជាទេសចរណ៍បែបធម្មជាតិ និងវប្បធម៌។
លោកបានប្រាប់ថា ទន្ទឹមនឹងការបើកដំណើរការជើងហោះហើររវាងខេត្តសៀមរាប ជាមួយទីក្រុង Shenzhen កម្ពុជាត្រូវតែខិតខំបន្ថែមទៀតលើការរៀបចំទីតាំង ដែលជាការពេញនិយមរបស់ជនជាតិចិន បន្ថែមពីលើអ្វីដែលកំពុងមាននាពេលនេះ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥៦៧,៦៧៣នាក់ កើនឡើង៨.៧៦% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បាននិយាយថា “ជើងហោះហើរ គឺមិនត្រឹមតែដឹកភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដឹកអ្នកវិនិយោគ និងអ្នកជំនាញផងដែរ”។
លោកបន្តថា ការពង្រីកជើងហោះហើរ នឹងផ្តល់ជម្រើសកាន់តែច្រើនទៅដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិនឱ្យមកស្វែងយល់ពីឱកាសបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ ការស្គាល់ពីកម្ពុជា និងនាំឱ្យពួកគេមកវិនិយោគកាន់តែច្រើន។
របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាបអង្គរ-និងព្រះសីហនុ) គឺមានភាពល្អប្រសើរ ដោយមានជើងហោះហើរ ចេញ-ចូល(ទ្វេទិស) មានចំនួន២៧,៦៧០ជើង កើនឡើងជាង១៤% បើធៀបនឹងរយៈពេល៥ ខែដើមឆ្នាំ២០២៤។ ចំណែកអ្នកដំណើរ(តាមផ្លូវអាកាស) ចេញ-ចូល (ទ្វេទិស) មានចំនួន៣, ០៤២,៥៤៨នាក់ កើនជាង១៨% និងទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួន២៩,០១៩តោន កើនឡើង៥%។
ទិន្នន័យក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាតិ២,៩៥ លាននាក់ កើនឡើង១១,៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ។ ក្នុងចំនួនខាងលើ គឺភ្ញៀវជនជាតិចិន មានចំនួន៤៨៨,៩៧៣ នាក់ កើនឡើង៥០%៕