តើមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយដូចម្តេចខ្លះអំពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងភាគីថៃ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែតអន្តរជាតិធំៗ ដូចជាកាសែតអាមេរិក CNN និងកាសែត Aljazeera បានចុះផ្សាយនូវអត្ថបទទាក់ទិននឹងការប៉ះទង្គិចប្រដាប់អាវុធរវាងភាគីថៃ និងភាគីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។ កាសែត CNN រាយការណ៍ថា ភាគីថៃ​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​មកលើ​គោលដៅ​យោធា​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​ ដោយ​បាន​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ជិត​ខាង​ទាំង២។

ជាមួយគ្នានេះ ភាគីកម្ពុជា​បាន​ប្តេជ្ញា​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់។ ក្នុងរយៈពេលប៉ុន្មានម៉ោងមុននេះ កងកម្លាំងថៃ និងកម្ពុជា បានប៉ះទង្គិចគ្នានៅតំបន់ជាច្រើននៅតាមបណ្តោយព្រំដែន ដោយបានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សនៅក្នុងប្រទេសថៃ។យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា តើភាគីកម្ពុជាមានបាត់បង់អាយុជីវិតមនុស្សឬអត់នោះទេ?។

ជម្លោះ ដែលបានឈានទៅដល់ការផ្ទុះអាវុធនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីទាហានថៃម្នាក់បានរងរបួស ដោយពិការជើង ដោយសារការជាន់គ្រាប់មីននៅតាមបណ្តោយព្រំដែន។ ករណីនេះបានជំរុញឱ្យមានការទាញទម្លាក់កម្រិតទំនាក់ទំនងការទូត ខណៈទំនាក់ទំនងទ្វេរភាគីបានដាំក្បាលចុះដល់កម្រិតទាបបំផុត។

ទោះជាយ៉ាងណា កម្ពុជា​បាន​បដិសេធ​ការ​ដាំ​គ្រាប់​មីនថ្មី ហើយ​អះអាង​ថា ទាហាន​ថៃ​បាន​ដើរ​ហួសពី​ផ្លូវ​ ដែល​បាន​ព្រមព្រៀង​គ្នា។ ការណ៍នេះបាន​បង្ក​ឱ្យទាហានថៃជាន់គ្រាប់មីន​ ដែល​កប់​ទុក​ជា​យូរ​មក​ហើយ​ ចាប់តាំងពី​សម័យសង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍​នៅកម្ពុជា។

១: ប្រភពនៃភាពតានតឹង

ប្រទេសកម្ពុជា និងថៃ មានព្រំដែនគោកប្រវែង៨១៧គីឡូម៉ែត្រ ខណៈខ្សែបន្ទាត់ព្រំដែនភាគច្រើនត្រូវបានគូសដោយប្រទេសបារាំង។ អាណានិគមបារាំងបានបន្សល់ទុកខ្សែបន្ទាត់ព្រំដែនមិនច្បាស់់លាស់ ដែលជាប្រភពនៃភាពតានតឹងរវាងប្រទេសថៃ និងកម្ពុជា។

កន្លងមក កម្ពុជា​បាន​ស្វែងរក​សេចក្តីសម្រេច​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) របស់​អង្គការសហប្រជាជាតិ​(UN) ជុំវិញ​តំបន់​មានជម្លោះ រួមទាំង​ទីតាំង​នៃ​ការប៉ះទង្គិច​ប្រដាប់អាវុធនាពេលនេះផងដែរ។

ប៉ុន្តែ​ ភាគីថៃ​បានប្រកាសមិន​ទទួល​ស្គាល់​យុត្តាធិការ​របស់តុលាការ ICJ ហើយ​បាន​ទាមទារតំបន់​មួយចំនួននៅ​តាម​បណ្តោយ​ព្រំដែន​ ដែលមិនទាន់មានការដោះស្រាយកំណត់ច្បាស់លាស់ រួម​ទាំង​ទីតាំង​ប្រាសាទ​បុរាណ​មួយ​ចំនួន​ផង​ដែរ។

កាលពីឆ្នាំ២០១១ ទាហានថៃ និងកម្ពុជាបានប៉ះទង្គិចគ្នានៅតំបន់ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នាពេលនោះបាននាំឱ្យភាគីទាំង២ ជម្លៀសមនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចំនួន២០នាក់បាត់បង់ជីវិត។

២: ដើមហេតុនៃ​ការ​ផ្ទុះ​ជម្លោះ​រវាង​ភាគីថៃ និង​កម្ពុជា

ភាព​តានតឹង​បានចាប់ផ្តើមឡើងនៅ​ខែឧសភា ក្រោយពេលទាហាន​កម្ពុជា​ម្នាក់​ត្រូវបាន​លបបាញ់ប្រហារក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​រយៈពេល​ខ្លី​រវាង​កងទ័ព​ថៃ និង​កម្ពុជា​នៅ​តំបន់​មុំ៣ ដែលជាតំបន់ត្រីកោណប្រសព្វគ្នារវាងប្រទេសកម្ពុជា ថៃ និងឡាវ​។

បើទោះបីជាថ្នាក់ដឹកនាំយោធាថៃ និងថ្នាក់ដឹកនាំយោធាកម្ពុជា បានឯកភាពក្នុងការកាត់បន្ថយភាពតានតឹងយ៉ាងណាក្តី ក៏ភាគីទាំង២ នៅតែពង្រឹងកងទ័ពនៅតាមបណ្តោយព្រំដែនរៀងៗខ្លួន។

ប្រទេស​ថៃ​បាន​​រឹត​បន្តឹង​លើ​ការ​ឆ្លង​កាត់ព្រំដែន និង​បានគំរាម​កាត់​ផ្តាច់​ការផ្គត់ផ្គង់ថាមពលអគ្គិសនី និង​បណ្តាញអុីនធឺណេត​ទៅ​កាន់​តំបន់ជាប់​ព្រំដែន​ជាមួយកម្ពុជា។ ជាការឆ្លើយតប កម្ពុជាបានបញ្ឈប់ការនាំចូលបន្លែ និងផ្លែឈើរបស់ប្រទេសថៃ និងបានហាមឃាត់ការចាក់បញ្ចាំងភាពយន្តថៃ និងរឿងភាគទូរទស្សន៍។

ការ​ផ្ទុះ​គ្រាប់​មីន​ថ្មីៗ​នេះ​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ទាញទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូតទ្វេរភាគី និងបាន​កោះហៅ​ឯកអគ្គរាជទូតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន​វិញ​។

ជម្លោះ​នេះ​បានជះឥទ្ធិពល​យ៉ាង​ខ្លាំងដល់នយោបាយ​​នៅ​ប្រទេស​ថៃ។ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតួនាទីកាលពីថ្ងៃទី១ ខែកក្កដា ក្រោយពីមានការបែកធ្លាយសារសំឡេងឆ្លងឆ្លើយតាមទូរសព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ការផ្ទុះអាវុធដាក់គ្នាបានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះ នៅតំបន់ប្រាសាទតាមាន់ធំ ដែលភាគីថៃ និងកម្ពុជាបានទាមទារអធិបតេយ្យភាពរៀងៗខ្លួន។ ជម្លោះបានរាលដាលទៅកាន់តំបន់ប្រាសាទតាក្របី តំបន់មុំ៣ និងតំបន់ផ្សេងៗទៀត។

ប្រទេសថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ដើម្បីវាយប្រហារមកលើមូលដ្ឋានយោធាកម្ពុជា។ ក្រសួងការពារជាតិកម្ពុជាបានអះអាងថា យន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់មកលើផ្លូវមួយខ្សែ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងឃោរឃៅរបស់យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អះអាងថា “កងទ័ព​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ប្រយុទ្ធតបតរនោះទេ និងបាន​អំពាវនាវ​ឱ្យសាធារណជន​រក្សា​ភាព​ស្ងប់ស្ងាត់ និង​កុំ​ភ័យ​ស្លន់ស្លោ ដោយមិនបាច់សម្រុកទិញ​អង្ករ និង​ស្បៀង​ផ្សេងៗស្តុកទុកឡើយ”៕ប្រភព: CNN & Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here