ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យទូទាំងតំបន់អាស៊ានកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីបណ្តាអ្នកវិនិយោគ។ នៅឆ្នាំ២០២៥នេះ ប្រទេសវៀតណាម សិង្ហបុរី និងឥណ្ឌូនេស៊ីបានក្លាយជាទីផ្សារអចលនទ្រព្យ ដែលមានស្ថានភាពរឹងមាំជាងគេបំផុតក្នុងប្លុកអាស៊ាន។
ទី១: ប្រទេសវៀតណាម
ផលទុនជាតិសរុបរបស់វៀតណាមបានកើនឡើង៧,០៩ភាគរយកាលពីឆ្នាំ២០២៤។ នៅឆមាសទី១ ឆ្នាំ២០២៥នេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើង៧,៥២ភាគរយ។ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ កំពុងជំរុញទំនុកចិត្តវិនិយោគិនចំពោះប្រទេសវៀតណាម។
ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទីក្រុងហាណូយបាននាំមុខគេទូទាំងប្រទេសវៀតណាមក្នុងការសម្រេចបានកំណើននៃតម្លៃអាផាតមុិន។ តម្លៃអាផាតមុិនជាមធ្យមនៅរដ្ឋធានីមួយនេះបានកើនឡើង៧,៧ភាគរយធៀបនឹងត្រីមាសទី១ ដល់ទំហំទឹកប្រាក់ចំនួន៧៥,៥លានដុងក្នុងមួយម៉ែត្រការ៉េ និងហក់ឡើង៨៧,៧ភាគរយបើធៀបនឹងឆ្នាំ២០១៩។
ទី២: ប្រទេសសិង្ហបុរី
នៅត្រីមាសទី២ ឆ្នាំនេះ លំនៅដ្ឋានសាធារណៈនៅសិង្ហបុរីចំនួន៤១៥យូនីតត្រូវបានលក់ចេញក្នុងតម្លៃជាង១លានដុល្លារសិង្ហបុរី (ប្រហែល៧៨០.០០០ដុល្លារអាមេរិក)ក្នុងមួយយូនីត។ តួលេខនេះបានហក់ឡើង៧៥,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ចំណែក តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ (Second-hand)បានកើនឡើង០,៩ភាគរយធៀបនឹងត្រីមាសទី១ ហើយក្រុមអ្នកវិភាគបានព្យាករណ៍ថា តម្លៃលំនៅដ្ឋានសាធារណៈប្រភេទទី២ នឹងសម្រេចបានកំណើនប្រចាំឆ្នាំចន្លោះពី៤ភាគរយទៅ៥,៥ភាគរយសម្រាប់ឆ្នាំនេះ។
ប្រទេសសិង្ហបុរីនៅតែត្រូវបានគេចាត់ទុកថា ជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពបំផុតសម្រាប់បណ្តាអ្នកវិនិយោគមកពីជុំវិញពិភពលោក ដោយផ្តល់នូវតម្លាភាព ស្ថិរភាព និងតម្រូវការជួលយ៉ាងរឹងមាំ។
ទី៣: ប្រទេសឥណ្ឌូនេសុី
ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅឥណ្ឌូនេសុីបានរីកដុះដាលយ៉ាងគំហុក ខណៈបណ្តាអ្នកវិនិយោគចិនបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសនេះដើម្បីបញ្ចៀសការយកអត្រាពន្ធគយខ្ពស់ដោយសហរដ្ឋអាមេរិក។
តម្លៃដីឧស្សាហកម្ម និងឃ្លាំងនៅប្រទេសឥណ្ឌូនេសុីបានហក់ឡើងចន្លោះពី១៥ភាគរយទៅ២៥ភាគរយនៅដើមឆ្នាំ២០២៥ ដែលជាកំណើនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល៥,១ភាគរយក្នុងឆ្នាំ២០២៥ ដោយសារភាពរឹងមាំនៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ៕ប្រភព: Reuters៕