ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យនៅប្រទេសចិនកំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញជាបណ្តោះអាសន្ន ខណៈបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយចំនួនទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន។
ជាក់ស្តែង ប្រាក់ចំណេញសុទ្ធនៅឆមាសទី១ របស់ក្រុមហ៊ុន China Resources Land បានហក់ឡើង១៦,២ភាគរយធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ចំនួន១១,៩ពាន់លានយ័ន (ប្រមាណ១,៦៦ពាន់លានដុល្លារអាមេរិក)។
ចំណែក ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនរដ្ឋចិនខាងលើបានហក់ឡើង២០ភាគរយដល់ទំហំទឹកប្រាក់សរុបចំនួន៩៤,៩ពាន់លានយ័ន។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
ចំណែក ក្រុមហ៊ុន Sunac ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតនៅក្នុងប្រទេសចិន របស់លោកមហាសេដ្ឋី Sun Hongbin បានរាយការណ៍ថា ទំហំនៃការខាតបង់របស់ក្រុមហ៊ុននេះបានដាំក្បាលចុះ១៤,៤ភាគរយមកនៅត្រឹមចំនួន១២,៨ពាន់លានយ័នក្នុងឆមាសទី១។
ភាពល្អប្រសើរឡើងនេះបានគូសបញ្ជាក់ពីការងើបឡើងវិញនៃការប្រើប្រាស់នៅប្រទេសចិន និងប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលចិនចំពោះបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក។
ទោះបីជាយ៉ាងណាក្តី បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពជាប់ផុងនៅក្នុងវិបត្តិជាប់គាំងសាច់ប្រាក់នៅឡើយ ដោយសារក្រុមហ៊ុនទាំងនោះបានជំពាក់បំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់៕ប្រភព: SCMP៕